វិមានរដ្ឋសភា៖ ដើម្បីពង្រីកចំណេះដឹងទូទៅ និងបណ្ដុះស្មារតីស្រឡាញ់ស្ថាប័នជាតិដល់យុវជនជំនាន់ក្រោយ ប្រតិភូលោកគ្រូ អ្នកគ្រូ និងសិស្ស-និស្សិតប្រមាណ ១០០ រូប នៃសាលាភាសាបរទេស ខេម- អាស៊ាន (Cam-ASEAN) នារសៀលថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៦នេះ បានអញ្ជើញមកធ្វើទស្សនកិច្ចសិក្សាឈ្វេងយល់យ៉ាងស៊ីជម្រៅអំពីតួនាទី និងភារកិច្ចរបស់រដ្ឋសភា ដែលជាស្ថាប័ននីតិប្បញ្ញត្តិកំពូលរបស់ជាតិ។
ក្នុងឱកាសទទួលស្វាគមន៍យ៉ាងកក់ក្តៅប្រតិភូលោកគ្រូ អ្នកគ្រូ និងសិស្ស-និស្សិតនៃសាលាភាសាបរទេស ខេម-អាស៊ាន (Cam-ASEAN) ឯកឧត្តម កៃ កេតនិន អគ្គនាយកនៃអគ្គនាយកដ្ឋាននីតិកម្ម និងស្រាវជ្រាវ នៃអគ្គលេខាធិការដ្ឋានរដ្ឋសភា បានអញ្ជើញធ្វើបទបង្ហាញយ៉ាងលម្អិតអំពីប្រវត្តិសាស្ត្រនៃរដ្ឋសភាកម្ពុជា ចាប់តាំងពីឆ្នាំ១៩៤៧ រហូតដល់បច្ចុប្បន្ន។
ឯកឧត្តមបានបញ្ជាក់ពីអំណាច និងភារកិច្ចស្នូលចំនួន ៤របស់តំណាងរាស្ត្រ រួមមាន៖ ការតាក់តែង និងអនុម័តច្បាប់ ការតាមដានការអនុវត្តច្បាប់ ភាពជាតំណាងរបស់ប្រជាជាតិ និងតួនាទីការទូតសភា។
ជាមួយគ្នានេះ សិស្ស-និស្សិត ក៏បានសិក្សាអំពីនីតិវិធីនៃការអនុម័តច្បាប់ ចាប់ពីដំណាក់កាលរដ្ឋសភា បញ្ជូនទៅពិនិត្យនៅព្រឹទ្ធសភា រហូតដល់នីតិវិធីនៃការប្រកាសឱ្យប្រើប្រាស់ជាផ្លូវការផងដែរ។
លោក តាន់ ស៊ីវុត្ថា អនុប្រធានផ្នែកកម្មវិធីសិក្សាភាសាអង់គ្លេស បានលើកឡើងថា ដំណើរទស្សនកិច្ចនេះគឺជាឱកាសដ៏វិសេសវិសាល សម្រាប់សិស្ស-និស្សិតក្នុងការផ្សារភ្ជាប់ទ្រឹស្ដីទៅនឹងការអនុវត្តជាក់ស្ដែង។ លោកបានសង្កត់ធ្ងន់ថា បទពិសោធន៍នេះមិនត្រឹមតែជួយស្រាយនូវរាល់ចម្ងល់ជុំវិញមុខងាររបស់ស្ថាប័នកំពូលរបស់ជាតិប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយបណ្ដុះស្មារតីយុវជនដែលជាទំពាំងស្នងឫស្សី ឱ្យកាន់តែយល់ច្បាស់ពីតម្លៃនៃនីតិរដ្ឋ និងយន្តការប្រជាធិបតេយ្យនៅកម្ពុជា។
ជាកិច្ចបញ្ចប់បន្ទាប់ពីការពិភាក្សា សួរនិងឆ្លើយសំនួរយ៉ាងផុសផុលរួចមក ក្រុមសិស្ស-និស្សិតបានអញ្ជើញទស្សនាដោយផ្ទាល់នូវសាលប្រជុំពេញអង្គរដ្ឋសភា សាលពិព័រណ៍ បណ្ណាល័យ និងសំណង់ស្ថាបត្យកម្មដ៏វិសេសវិសាលនៅក្នុងបរិវេណវិមានរដ្ឋសភាដើម្បីស្វែងយល់ពីបរិយាកាសការងារជាក់ស្ដែងរបស់តំណាងរាស្ត្រ ក៏ដូចជាមន្ត្រីជំនាញនៃអគ្គលេខាធិការដ្ឋានរដ្ឋសភាផងដែរ៕