សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្ដម តូម៉ាស់ ឡាំ (Thomas Lam) សមាជិករដ្ឋសភា និងជាប្រធានក្រុមមិត្តភាពរដ្ឋសភាបារាំង-កម្ពុជា បានឯកភាពគ្នានៅក្នុងការពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការរវាងរដ្ឋសភាប្រទេសទំាងពីរឱ្យកាន់តែសកម្ម ស៊ីជម្រៅ និងគ្រប់ជ្រុងជ្រោយ បន្ថែមទៀត ដើម្បីនាំមកនូវផលប្រយោជន៍កាន់តែច្រើនជូនពលរដ្ឋទាំងសងខាង។ ជាមួយគ្នានេះ ភាគីទំាងពីរបានវាយតម្លៃខ្ពស់ចំពោះតម្លៃសន្តិភាព ដែលជាមូលដ្ឋានគ្រឹះដ៏សំខាន់ ដើម្បីឈានឆ្ពោះទៅសម្រេចបានគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព (SDGs) នៅឆ្នាំ២០៣០។
តបតាមការអញ្ជើញរបស់ សម្តេចប្រធានរដ្ឋសភា ឯកឧត្ដម តូម៉ាស់ ឡាំ បានដឹកនាំគណៈប្រតិភូក្រុមមិត្តភាពរដ្ឋសភាបារំាង មកបំពេញទស្សនកិច្ចការងារនៅកម្ពុជា ចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៦ និងបានចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយសម្តេចប្រធានរដ្ឋសភា នៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៦ នេះ នៅវិមានរដ្ឋសភា។
សម្តេចរដ្ឋសភាធិបតី ឃួន សុដារី បានស្វាគមន៍យ៉ាងកក់ក្តៅបំផុតចំពោះវត្តមានរបស់គណៈប្រតិភូក្រុមមិត្តភាពរដ្ឋសភាបារាំង-កម្ពុជា ដឹកនាំដោយ ឯកឧត្តម តូម៉ាស់ ឡាំ ដែលបានអញ្ជើញមកបំពេញទស្សនកិច្ចការងារនៅកម្ពុជានាឱកាសនេះ។ សម្តេចប្រធានរដ្ឋសភា បានចាត់ទុក ដំណើរទស្សនកិច្ចនេះ ជាទំព័រប្រវត្តិសាស្រ្តថ្មីមួយ នៅក្នុងការរឹតចំណងមិត្តភាពជាប្រវត្តិសាស្រ្តរវាងកម្ពុជា-បារំាង ដែលមានតំាងពីយូរមកឱ្យកាន់រឹងមាំថែមទៀត។ សម្តេចបានគូសបញ្ជាក់ថា បារំាងជាមិត្តចាស់ មិត្តដែលទុកចិត្ត ជឿជាក់ និងបានផ្តល់ផលប្រយោជន៍ឱ្យគ្នាទៅវិញទៅមក។
ទំនាក់ទំនងកម្ពុជា-បារំាង បានបន្តពូនជ្រំ និងរីកលូតលាស់ដោយថ្នាក់ដឹកនាំនៃប្រទេសទំាងពីរនៅគ្រប់ជំនាន់។ តាមរយៈព្រះរាជដំណើរទស្សនកិច្ចរបស់ ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា សម្តេចតេជោ ហ៊ុន សែន កាលសម្តេចនៅជានាយករដ្ឋមន្រ្តី និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា កាលពីឆ្នាំកន្លងទៅ នៅសាធារណរដ្ឋបារំាង និងដំណើរទស្សនកិច្ចរបស់សម្តេចប្រធានរដ្ឋសភាផ្ទាល់ កាលពីចុងឆ្នាំ២០២៥នេះ ចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការប្រទេសទំាងពីរមានការរីកចម្រើនគួរឱ្យកត់សម្គាល់ ទំាងស្ថាប័ននីតិប្បញ្ញត្តិ និងនីតិប្រតិបត្តិ។
ឯកឧត្តម តូម៉ាស់ ឡាំ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋសភាកម្ពុជា ដែលបានរៀបចំទទួលស្វាគមន៍យ៉ាងកក់ក្តៅចំពោះដំណើរទស្សនកិច្ចរបស់គណៈប្រតិភូរដ្ឋសភាប្រទេសបារំាងនាឱកាសនេះ។ ឯកឧត្តមបានគូសបញ្ជាក់ថា ដំណើរទស្សនកិច្ចនេះ នឹងជាផ្នែកដ៏សំខាន់នៅក្នុងជំរុញលើកកម្ពស់ចំណងមិត្តភាពនិងកិច្ចសហប្រតិបត្តិរវាងប្រទេសទំាងពីរឱ្យកាន់តែរឹងមាំឡើងបន្ថែមទៀត។ ជាមួយគ្នានេះដំណើរទស្សនកិច្ចនេះក៏ជាផ្នែកមួយដើម្បីធ្វើយ៉ាងណាឱ្យការរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ នៅរាជធានីភ្នំពេញ ក៏ដូចជាដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ឯកឧត្តមប្រធានាធិបតីបារំាង អេម៉ានុយអែល ម៉ាក្រុង (President Emmanuel Macron)នៅកម្ពុជា នាខែវិច្ឆិកា ឆ្នាំ២០២៦ ខាងមុខ ឱ្យទទួលបានជោគជ័យ និងសម្រេចបានលទ្ធផលជាទីគាប់ចិត្ត។
សម្តេចប្រធានរដ្ឋសភា បានលើកឡើងថា ក្រុមមិត្តភាពបារាំង-កម្ពុជា បានដើរតួនាទីដ៏សំខាន់ក្នុងការពង្រឹងចំណងមិត្តភាព និងទំនាក់ទំនងប្រជាជន និងប្រជាជននៃប្រទេសទាំងពីរ។ កម្ពុជាបានផ្តល់តម្លៃខ្ពស់ចំពោះកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី ដែលមិនត្រឹមជាវេទិកាសម្រាប់លើកកម្ពស់ភាសាបារំាងប៉ុណ្ណោះទេ តែជាកិច្ចសន្ទនា ប្រមូលផ្តុំថ្នាក់ដឹកនាំកំពូលៗជាច្រើន ដើម្បីដោះស្រាយបញ្ហារួមរបស់ពលរដ្ឋ។ វេទិកានេះក៏ជាផ្នែកសំខាន់ដល់ការពង្រឹងសុខសន្តិភាព លើកកម្ពស់គោលការណ៍ពហុនិយម និងសណ្តាប់ធ្នាប់សកលលោកដែលកំពុងធ្លាក់ចុះគួរឱ្យព្រួយបារម្ភផងដែរ។
សម្តេចរដ្ឋសភាធិបតី ឃួន សុដារី បានថ្លែងអំណរគុណដល់សាធារណរដ្ឋបារំាង ដែលបានចូលរួមចំណែកស្វែងរកសន្តិភាពនៅកម្ពុជា និងបានចូលរួមយ៉ាងសកម្មនៅក្នុងដំណើរការកសាង និងអភិវឌ្ឍន៍ប្រទេសកម្ពុជារហូតមក។ សម្តេចក៏បានអរគុណដល់សមាជិករដ្ឋសភាបារំាង និងក្រុមមិត្តភាពបារាំង-កម្ពុជា ដែលបានចេញញត្តិគំាទ្រកិច្ចព្រមព្រៀងសន្តិភាពកម្ពុជា-ថៃ និងបានជំរុញឱ្យប្រទេសទំាងពីរអនុវត្តឱ្យមានប្រសិទ្ធភាព ឈានឆ្ពោះទៅការបញ្ចប់ជម្លោះដោយសន្តិវិធី។ ញត្តិគំាទ្រនេះ ក៏បានឆ្លុះបញ្ចំាងឱ្យពិភពលោកបានដឹងថា ភាគីណាជាជនរងគ្រោះ និងភាគីណាជាអ្នកឈ្លានពានពិតប្រាកដ។
សម្តេចប្រធានរដ្ឋសភា បានគូសបញ្ជាក់ថា កម្ពុជាជាប្រទេសតូចនិងជាប្រទេសធ្លាប់ឆ្លងកាត់សង្រ្គាម ដូចនេះកម្ពុជាត្រូវការសន្តិភាព គឺមិនត្រូវការសង្រ្គាមនោះទេ ហើយក៏មិនមានបំណងចង់ឈ្លានពានប្រទេសជិតខាងម្តងណាឡើយ។ សច្ចភាពបានផ្តល់ឱ្យកម្ពុជានៅពេលនេះ តាមរយៈដំណើរទស្សនកិច្ចផ្លូវការ និងជាប្រវត្តិសាស្រ្តរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងពេលចូលរួមកិច្ចប្រជុំកម្រិតខ្ពស់លើកដំបូងនៃក្រុមប្រឹក្សាសន្តិភាព (Board of Peace) ដែលបានប្រព្រឹត្តទៅនៅសហរដ្ឋអាមេរិក និងបានបង្ហាញឱ្យពិភពលោកបានដឹងពីការរងគ្រោះរបស់កម្ពុជា ដែលបណ្តាលមកពីការឈ្លានពានទាំងកម្រោលរបស់ថៃ។
ឯកឧត្តមប្រធានគណៈប្រតិភូ បានអបអរសាទរចំពោះការទទួលធ្វើជាម្ចាស់កិច្ចប្រជុំកំពូលហ្រ្វង់កូហ្វូនីលើកទី២០ និងបានបញ្ជាក់ពីជំហររបស់បារំាងក្នុងការត្រៀមជាស្រេចដើម្បីគំាទ្រដល់កម្ពុជា ក្នុងការរៀបចំកិច្ចប្រជុំនោះឱ្យបានទទួលបានជោគជ័យ។ ទាក់ទងជម្លោះព្រំដែនកម្ពុជា-ថៃ បារំាងក៏បានត្រៀមខ្លួនផ្តល់ឯកសារដើមដែលមានដល់កម្ពុជាផងដែរ។ ឯកឧត្តម តូម៉ាស់ ឡាំ បានបញ្ជាក់ថា ដំណើរទស្សនកិច្ចរបស់ឯកឧត្តមប្រធានាធិបតីបារំាងមកកម្ពុជា ស្របពេលនឹងកិច្ចប្រជុំកំពូលហ្រ្វង់កូហ្វូនីលើកទី២០នោះ នឹងធ្វើឱ្យប្រទេសទំាងពីររកឃើញនូវលទ្ធភាពជាច្រើនទៀត ក្នុងការពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការ ឈានទៅសម្រេចបានភាពជាដៃគូយុទ្ធសាស្រ្តរវាងប្រទេសទាំងពីរ ដោយនាំមកនូវផលប្រយោជន៍ជូនប្រទេសទាំងសងខាង។
សម្តេចប្រធានរដ្ឋសភា អរគុណរដ្ឋសភាបារំាង ដែលបានគំាទ្រដល់រដ្ឋសភាកម្ពុជានៅក្នុងការអភិវឌ្ឍស្ថាប័ន ជាសភាឌីជីថល និងបានស្នើរដ្ឋសភាបារំាងបន្តផ្តល់ការបណ្តុះបណ្តាលវគ្គខ្លីៗដល់មន្រ្តីអគ្គលេខាធិការដ្ឋានរដ្ឋសភាបន្ថែមទៀត។ សម្តេចក៏បានស្នើសុំភាគីបារំាង ជួយជំរុញវិនិយោគ ពាណិជ្ជកម្ម ទេសចរណ៍ បន្ថែមទៀតមកកម្ពុជា ពិសេសការពិនិត្យលទ្ធភាពក្នុងការភ្ជាប់ជើងហោះហើរត្រង់ បារំាង-កម្ពុជា ឡើងវិញ ផងដែរ៕