ខេត្តកំពង់ឆ្នាំង៖ និមិត្តរូបថ្មីនៃការចែករំលែក និងការគិតគូរដល់សុខុមាលភាពមនុស្សចាស់ ត្រូវបានលេចរូបរាងឡើងតាមរយៈការប្រារព្ធពិធីក្រុងពាលី បើកការដ្ឋានសាងសង់ «មជ្ឈមណ្ឌលវីរៈសុភា» កាលពីពេលថ្មីៗកន្លងទៅនេះ ក្រោមអធិបតីភាព ឯកឧត្ដមបណ្ឌិត ហ៊ឺ វីរៈ តំណាងរាស្ត្រមណ្ឌលខេត្តកំពង់ឆ្នាំង និង លោកជំទាវ យី សុភា។
មជ្ឈមណ្ឌលមនុស្សធម៌នេះ ស្ថិតនៅភូមិធ្នង់ ឃុំអូរឫស្សី ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំងដែល ត្រូវបានបង្កើតឡើងក្នុងគោលបំណងផ្ដល់ជាជម្រក និងការថែទាំដល់មនុស្សវ័យចាស់ដែលមានទីលំនៅអចិន្ត្រៃយ៍ក្នុងស្រុកកំពង់ត្រឡាច។
ពិធីដ៏មានសារៈសំខាន់នេះ ក៏មានការនិមន្តចូលរួមពីសំណាក់ ព្រះកុសលសត្ថា ឆៃ សៅ ព្រះរាជគណៈថ្នាក់កិត្តិយស និងជាព្រះចៅអធិការវត្តចន្ទសូរិយាក្រឡាញ់ រួមជាមួយ ព្រះចៅអធិការវត្តនានាក្នុងឃុំអូរឫស្សី។ បន្ថែមពីនេះ ក៏មានការអញ្ជើញចូលរួមពី ឧកញ៉ាឃ្នួរ ម៉ាត់ សា ប្រធានគណៈដឹកនាំសាសនាឥស្លាមក្រុមកនអ៊ីម៉ាំសាន់, ថ្នាក់ដឹកនាំរដ្ឋបាលស្រុកកំពង់ត្រឡាច និងតំណាងមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្ត, ក្រុមប្រឹក្សាឃុំទាំង១០ អាជ្ញាធរមូលដ្ឋាន និងបងប្អូនប្រជាពលរដ្ឋយ៉ាងច្រើនកុះករ ដែលសបញ្ជាក់ឱ្យឃើញពីស្មារតីសាមគ្គីភាពរវាងស្ថាប័នរដ្ឋ សាសនា និងសប្បុរសជន។
ក្នុងជំហានដំបូងនៃការសាងសង់ មជ្ឈមណ្ឌលវីរៈសុភា នឹងលេចចេញជាសមិទ្ធផលរូបវន្តសំខាន់ៗ រួមមាន អគារស្នាក់នៅដែលនឹងត្រូវរៀបចំឡើងអោយមានភាពសមរម្យសម្រាប់មនុស្សចាស់ជរា, អគាររដ្ឋបាល សម្រាប់សម្របសម្រួលការងារទូទៅក្នុងមជ្ឈមណ្ឌល និង អាហារដ្ឋាន និងផ្ទះបាយដែលមាន បំពាក់ដោយបរិក្ខារសម្រាប់ចម្អិន និងផ្ដល់អាហារដែលមានអនាម័យ។
សូមបញ្ជាក់ដែរថា ការបង្កើតមជ្ឈមណ្ឌលនេះ មិនត្រឹមតែជាការកសាងសំណង់រូបវន្តប៉ុណ្ណោះទេ ប៉ុន្តែគឺជាការផ្ដល់នូវភាពកក់ក្ដៅ ស្មារតី និងបង្កើនគុណតម្លៃជីវិតដល់មនុស្សវ័យចាស់ក្នុងមូលដ្ឋានស្រុកកំពង់ត្រឡាច ឱ្យស្របតាមគោលនយោបាយគាំពារសង្គមរបស់រាជរដ្ឋាភិបាលផងដែរ។