ទីក្រុងម៉ានីល, ហ្វីលីពីន៖ ក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីទប់ស្កាត់ការគំរាមកំហែងពីបច្ចេកវិទ្យាទំនើប តំណាងរដ្ឋសភាកម្ពុជាបានចូលរួមក្នុងកិច្ចពិភាក្សាកម្រិតតំបន់ ស្តីពីការបង្កើតក្របខ័ណ្ឌច្បាប់ និងវិធានការគោលនយោបាយ ដើម្បីបង្ការការយកបញ្ញាសិប្បនិម្មិត (AI) ទៅប្រើប្រាស់ក្នុងសកម្មភាពភេរវកម្ម និងអំពើហិង្សាជ្រុលនិយម។
ដោយទទួលបានការអនុញ្ញាតពី សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា, ឯកឧត្តមបណ្ឌិត លី ឆេង អនុប្រធានគណៈកម្មការទី៩ នៃរដ្ឋសភា បានដឹកនាំគណៈប្រតិភូចូលរួមវគ្គបណ្តុះបណ្តាលសភា ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៦ នៅទីក្រុងម៉ានីល។
វត្តមានរបស់កម្ពុជានៅក្នុងវេទិកានេះ បង្ហាញពីការប្ដេជ្ញាចិត្តខ្ពស់ក្នុងការធ្វើបច្ចុប្បន្នភាពចំណេះដឹងផ្នែកនីតិប្បញ្ញត្តិឱ្យទាន់ការវិវត្តនៃបច្ចេកវិទ្យាឌីជីថល ពង្រឹងកិច្ច សហប្រតិបត្តិការជាមួយបណ្តាប្រទេសសមាជិកអាស៊ាន និងអង្គការសហប្រជាជាតិ ព្រមទាំងស្វែងរកដំណោះស្រាយរួមគ្នាដើម្បីការពារសន្តិសុខជាតិ និងសន្តិសុខតំបន់ពីការវាយប្រហារតាមប្រព័ន្ធបច្ចេកវិទ្យាថ្មីៗ។
វគ្គបណ្តុះបណ្តាលនេះគឺជាគំនិតផ្ដួចផ្ដើមរួមគ្នារវាងសភានៃសាធារណរដ្ឋហ្វីលីពីន, អន្តរសភាអាស៊ាន (AIPA) និង ការិយាល័យប្រឆាំងភេរវកម្មនៃអង្គការសហប្រជាជាតិ (UNOCT) ដោយមានការចូលរួមពីតំណាងសភាចំនួន ១៥ ប្រទេស និងអ្នកជំនាញអន្តរជាតិជាច្រើនរូប ដែលសង្កត់ធ្ងន់លើការបង្កើត "របងច្បាប់" រួមគ្នា។
ឯកឧត្តម Faustino “Bojie” G. Dy III ប្រធាន AIPA បានបញ្ជាក់ថា ការរួមកម្លាំងគ្នារវាងសភា និងអង្គការអន្តរជាតិ គឺជាគន្លឹះក្នុងការធានាថា បច្ចេកវិទ្យានឹងត្រូវបាន ប្រើប្រាស់សម្រាប់តែការអភិវឌ្ឍ ជាជាងការបំផ្លិចបំផ្លាញ។