ឯកឧត្តម ប៉ាន សូរស័ក្តិ លេខាធិការគណៈកម្មការទី៩ នៃរដ្ឋសភា និងជាប្រធានសហព័ន្ធកីឡាទោចក្រយានកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីបិទការប្រកួតកីឡាទោចក្រយាន ជ្រើសរើសជើងឯកថ្នាក់ជាតិឆ្នាំ២០២៥ នៅពហុកីឡដ្ឋានមរតកតេជោ នាថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៦។
ការប្រកួតកីឡាទោចក្រយាន ជ្រើសរើសជើងឯកថ្នាក់ជាតិឆ្នាំ២០២៥ បានបញ្ចប់ដោយជោគជ័យ ក្រោយដំណើរការប្រកួតរយៈពេល ២ថ្ងៃ នៅថ្ងៃទី៧ និងទី៨ ខែកុម្ភៈ ឆ្នាំ២០២៦ លើវិញ្ញាសាចំនួន ៧ប្រភេទ ដូចជា៖ វិញ្ញាសាកង់ភ្នំបុរស ៧ជុំ, វិញ្ញាសាកង់ភ្នំបុរស ៥ជុំ, វិញ្ញាសាកង់ភ្នំ ៤ជុំបុរស, វិញ្ញាសាកង់ភ្នំនារី ៣ជុំ, វិញ្ញាសាកង់គួកបុរស ១០ជុំ, វិញ្ញាសាកង់គួកបុរស ៨ជុំ និងវិញ្ញាសាកង់គួកបុរស ១២ជុំ។
បើយោងតាមអគ្គលេខាធិការដ្ឋានសហព័ន្ធកីឡាទោចក្រយានកម្ពុជា ការប្រកួតជ្រើសរើសជើងឯកថ្នាក់ជាតិ ឆ្នាំ២០២៥ មានអត្ដពលិកចូលរួមចំនួន ១១០នាក់ និងរៀបចំឡើងដើម្បីវាស់ស្ទង់ និងវាយតម្លៃលើសមត្ថភាពគណៈកម្មការបច្ចេទេស និងវាស់ស្ទង់សមត្ថភាពកីឡាករ-កីឡាការិនី ក្រោយទទួលបានការហ្វឹកហាត់កន្លងមក។
ភ្ជាប់ជាមួយការប្រកួតជើងឯកប្រចាំឆ្នាំនេះ ថ្នាក់ដឹកនាំសហព័ន្ធកីឡាទោចក្រយានកម្ពុជា ក៏បានផ្ដួចផ្ដើមបង្កើតឲ្យមានមូលនិធិ សម្រាប់គាំទ្រជួយដល់ជនភៀសសឹក និងវីរៈកងទ័ពនៅព្រំដែន ផងដែរ៕

















