នៅក្នុងឱកាសចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី២២ ខែមករា ឆ្នាំ២០២៦ ឯកឧត្តម គីម ឆាងយ៉ុង (KIM CHANGYONG)ឯកអគ្គរដ្ឋទូតទើបតែងតាំងថ្មី នៃសាធារណរដ្ឋកូរ៉េ ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា បានគូសបញ្ជាក់ថា សាធារណរដ្ឋកូរ៉េនឹងបន្តពង្រឹងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ទំាងក្របខណ្ឌស្ថាប័ននីតិប្បញ្ញត្តិ និងនីតិប្រតិបត្តិ។
សម្តេចរដ្ឋសភាធិបតី មានក្តីសោមនស្សរីករាយ និងបានស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានរបស់ ឯកឧត្តម គីម ឆាងយ៉ុង ដោយបានគូសបញ្ជាក់ថា ជាមួយនឹងបទពិសោធន៍ទូលំទូលាយ និងចំណេះដឹងជ្រាលជ្រៅ រួមជាមួយនឹងឆន្ទៈដ៏មោះមុត បេសកកម្មការទូតនៅកម្ពុជារបស់ឯកឧត្តមនឹងទទួលបានជោគជ័យ ដោយនឹងសម្រេចបាននូវសមិទ្ធផលថ្មីៗបន្ថែមទៀត ដែលនឹងរួមចំណែកធ្វើឱ្យទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងប្រទេសទំាងពីរឱ្យកាន់តែមានភាពជិតស្និទ្ធ រឹងមាំ ស៊ីជម្រៅ និងទូលំទូលាយ ឈានដល់កម្រិតខ្ពស់ថ្មីមួយនាំមកនូវផលប្រយោជន៍ដ៏ឧត្តុង្គឧត្តម ជូនប្រជាជន និងប្រទេសទាំងពីរ។
“ភាពជាដៃគូយុទ្ធសាស្រ្ត” រវាងកម្ពុជា-សាធារណរដ្ឋកូរ៉េ ផ្អែកលើការជឿទុកចិត្តគ្នា ការគោរពគ្នា ការយល់យោគគ្នា និងការផ្តល់ផលប្រយោជន៍ឱ្យគ្នាទៅវិញទៅមក ព្រមទាំងការប្តេជ្ញាចិត្តរួមគ្នា ដើម្បីឈានទៅសម្រេចបាននូវអត្ថប្រយោជន៍ជាក់ស្តែងសម្រាប់ប្រទេស និងប្រជាជនទាំងសងខាង។ សម្តេចរដ្ឋសភាធិបតី បានអរគុណដល់សាធារណរដ្ឋកូរ៉េ ដែលបានចូលរួមស្វែងរកសន្តិភាព និងបានគំាទ្រដល់ការអភិវឌ្ឍរបស់កម្ពុជារហូតមក។
សម្តេចប្រធានរដ្ឋសភាបានស្នើឯកអគ្គរដ្ឋទូតកូរ៉េ បន្តជំរុញអ្នកវិនិយោគ អ្នកទេសចរពីសាធារណកូរ៉េមកកម្ពុជាបន្ថែមទៀត។ “អរិយធម៌បុរាណនៃប្រទេសយើងទាំងពីរបាន គូសបញ្ជាក់ពីសក្តានុពលសម្រាប់កិច្ចសហប្រតិបត្តិការ ឱ្យកាន់តែស៊ីជម្រៅតាមរយៈការផ្លាស់ប្តូរវប្បធម៌ អប់រំ និងទេសចរណ៍ រវាងប្រទេសយើងទាំងពីរ”។ ជាមួយគ្នានេះសម្តេចក៏បានស្នើដល់សាធារណរដ្ឋកូរ៉េជួយផ្តល់ការបណ្តុះបណ្តាលជំនាញបច្ចេកវិទ្យា ដល់មន្រ្តីអគ្គលេខាធិការដ្ឋានរដ្ឋសភា ដើម្បីផ្តល់សេវាកាន់តែប្រសើរ ជូនតំណាងរាស្រ្តក្នុងការបម្រើប្រជាពលរដ្ឋផងដែរ។ សម្តេចប្រធានរដ្ឋសភា បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលអាណត្តិទី៧ ដឹកនាំដោយ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានកំណត់ច្បាស់នៅក្នុងយុទ្ធសាស្រ្តបបញ្ចកោណ ដំណាក់កាលទី១ ដោយ បានកំណត់យកកត្តា “មនុស្ស” ជាកត្តាទី១ និងចម្បងបំផុត ក្នុងការកែទម្រង់និងអភិបាលកិច្ច។ សម្តេចមានសង្ឃឹមថា សាធារណរដ្ឋកូរ៉េនឹងបន្តផ្តល់អាហារូបករណ៍ជំនាញសំខាន់ៗជាច្រើនទៀតដល់សិស្សនិស្សិតកម្ពុជាបន្ថែមទៀត។
ឯកឧត្តម គីម ឆាងយ៉ុង បានថ្លែងអំណរគុណជូនសម្តេចប្រធានរដ្ឋសភា ដែលបានចំណាយពេលវេលាដ៏មានតម្លៃទទួលជួបពិភាក្សាការងារជាមួយឯកឧត្តមនៅក្នុងឱកាសនេះ។ ឯកឧត្តមបានជម្រាបសម្តេចពីគម្រោងអភិវឌ្ឍន៍ជាច្រើនដែលសាធារណរដ្ឋកូរ៉េបាននិងកំពុងសហការជាមួយកម្ពុជា តាមរយៈកម្មវិធីអភិវឌ្ឍន៍ផ្លូវការរបស់សាធារណរដ្ឋកូរ៉េ (ODA)។
ឯកឧត្តមថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការបង្រ្កាបបទល្មើសឆ្លងដែន បទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាគ្រប់ប្រភេទ របស់រាជរដ្ឋាភិបាលកម្ពុជា ដែលប្រការនេះបានផ្តល់ភាពកក់ក្តៅនិ ងទំនុកចិត្តជាខ្លំាងដល់ពលរដ្ឋសាធារណរដ្ឋកូរ៉េក្នុងការធ្វើដំណើរមកកម្ពុជា។ ឯកឧត្តម បានបញ្ជាក់ថា រដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េត្រៀមខ្លួនក្នុងជួយដល់កម្ពុជាក្នុងការកសាង និងលើកកម្ពស់សមត្ថភាពក្នុងការប្រយុទ្ធប្រឆាំងនឹងបទល្មើសឆ្លងដែន និងការឆបោកតាមអនឡាន។ ជាមួយគ្នានេះ ឯកឧត្តមឯកអគ្គរដ្ឋទូតបានស្នើសម្តេចប្រធានរដ្ឋសភាក៏ដូចជារដ្ឋសភាកម្ពុជាគំាទ្របេក្ខជនពីសភាសាធារណរដ្ឋកូរ៉េជាអគ្គលេខាធិការអាណត្តិថ្មី របស់សហភាពអន្តរសភា (IPU)។
ក្នុងឱកាសនេះដែរ ឯកឧត្ដមឯកអគ្គរដ្ឋទូតក៏បានសម្តែងនូវសមានចិត្តជ្រាលជ្រៅជាមួយប្រជាពលរដ្ឋកម្ពុជា ដែលទទួលរងផលប៉ះពាល់ពីជម្លោះព្រំដែនកម្ពុជា-ថៃ ដែលបានបណ្តាលឱ្យមានពលរដ្ឋស្លាប់បាត់បង់អាយុជីវិត ខូចខាតទ្រព្យសម្បត្តិ និងត្រូវរត់ភៀសសឹកចេញពីលំនៅដ្ឋាន មិនអាចប្រកបរបរចិញ្ចឹមជីវិត ក្មេងៗមិនបានទៅសាលារៀនជាដើម។ ឯកឧត្តមឯកអគ្គរដ្ឋទូតបានគូសបញ្ជាក់បន្ថែមថា សាធារណរដ្ឋកូរ៉េកំពុងរៀបចំផ្តល់នូវជំនួយជាទឹកប្រាក់ ៥០ ម៉ឺនដុល្លារ តាមរយៈអង្គការ UNICEF នៅកម្ពុជា ដើម្បីចូលរួមដោះស្រាយផលវិបាកទាំងឡាយនោះ។
សម្តេចប្រធានរដ្ឋសភាបានថ្លែងអំណរគុណដល់សាធារណរដ្ឋកូរ៉េ ដែលបានចូលរួមសហការជាមួយកម្ពុជា នៅក្នុងការបង្រ្កាប បទល្មើសឆ្លងដែនគ្រប់ប្រភេទ ជាពិសេស បទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានាពេលថ្មីៗ នេះ។ សម្តេចបានគូសបញ្ជាក់ថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញវិធានការច្បាស់លាស់ និងតឹងរឹងជាទីបំផុតនៅក្នុងការបង្រ្កាបបទល្មើសឆ្លងដែន និងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាគ្រប់ប្រភេទ។
រដ្ឋសភាកម្ពុជាគំាទ្រចំពោះសំណើរបស់ភាគីសាធារណរដ្ឋកូរ៉េក្នុងការដាក់ស្នើបេក្ខភាពជាអគ្គលេខាធិការ(IPU) អាណត្តិថ្មីនេះ៕























