សេចក្តីជូនដំណឹង រដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា នឹងបន្តសម័យប្រជុំរដ្ឋសភាលើកទី៥ នីតិកាលទី៧ នៅថ្ងៃព្រហស្បតិ៍ ទី២៥ ខែធ្នូ ឆ្នាំ២០២៥__ សេចក្តីជូនដំណឹង ស្តីពី ការអញ្ជើញដាក់តម្លៃ (Quotation) ដើម្បីសាងសង់អគារទីស្នាក់ការរដ្ឋសភាមណ្ឌលរាជធានី-ខេត្ត ចំនួន ៤ខេត្ត រួមមាន ខេត្តតាកែវ ខេត្តកំពង់ឆ្នាំង ខេត្តក្រចេះ និងខេត្តសៀមរាប__ ញត្តិថ្កោលទោស សង្គ្រាមឈ្លានពានរបស់ថៃមកលើអធិបតេយ្យនៃព្រះរាជាណាចក្រកម្ពុជា__ ព្រះរាជសារ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសបើកបវេសនកាលនៃរដ្ឋសភា សម័យប្រជុំរដ្ឋសភា លើកទី៥ នីតិកាលទី៧ នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៥ ៕

Home » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » គណៈកម្មការជំនាញរដ្ឋសភា និងតំណាងរាជរដ្ឋាភិបាល ពិនិត្យសិក្សា និងប្រមូលធាតុចូល ដើម្បីឱ្យសេចក្តីព្រាងច្បាប់ស្តីពីនីតិសមុទ្រទទួលបាននូវឧត្តមប្រយោជន៍សម្រាប់ប្រទេសជាតិ និងប្រជាជន
គណៈកម្មការជំនាញរដ្ឋសភា និងតំណាងរាជរដ្ឋាភិបាល ពិនិត្យសិក្សា និងប្រមូលធាតុចូល ដើម្បីឱ្យសេចក្តីព្រាងច្បាប់ស្តីពីនីតិសមុទ្រទទួលបាននូវឧត្តមប្រយោជន៍សម្រាប់ប្រទេសជាតិ និងប្រជាជន
Prepaired By: NA0989 ​ Date: (1/11/2026 11:38:51 PM )

អន្តរគណៈកម្មការជំនាញនៃរដ្ឋសភា និងតំណាងរាជរដ្ឋាភិបាល នាព្រឹកថ្ងៃទី១២ ខែ មករា ឆ្នាំ២០២៦ បានជួបប្រជុំគ្នា ដើម្បីពិនិត្យ​សិក្សា​លើសេចក្តីព្រាងច្បាប់ស្តីពី​ការអនុម័ត​យល់ព្រមលើអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ នៅវិមានរដ្ឋសភា។

ភាគីរដ្ឋសភា ដឹកនាំដោយ ឯកឧត្តម សួស យ៉ារ៉ា ប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ និងព័ត៌មាន (គណៈកម្មការទី៥) នៃរដ្ឋសភា ឯកឧត្តម កែប ជុតិមា ប្រធានគណៈកម្មការមហាផ្ទៃ ការពារជាតិ មុខងារសាធារណៈ និងកិច្ចការព្រំដែន (គណៈកម្មការទី៤) នៃរដ្ឋសភា  ឯកឧត្តម អង្គ វង្ស វឌ្ឍានា ប្រធានគណៈកម្មនីតិកម្ម និងយុត្តិធម៌ (គណៈកម្មការទី៦) នៃរដ្ឋសភា ព្រមទាំងឯកឧត្តម លោកជំទាវ សមាជិក សមាជិកាគណៈកម្មការជំនាញទាំង១០ របស់រដ្ឋសភា។

ចំណែកតំណាងរាជរដ្ឋាភិបាល ដឹកនាំដោយ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ឯកឧត្តម ឡាំ ជា រដ្ឋមន្ត្រី​ទទួល​បន្ទុកកិច្ចការព្រំដែន ព្រមទាំងឯកឧត្តមតំណាងក្រុមប្រឹក្សាអ្នកច្បាប់នៃទីស្តីការគណៈរដ្ឋមន្ត្រី និងឯកឧត្តមតំណាងក្រសួងយុត្តិធម៌។

ឯកឧត្តម សួស យ៉ារ៉ា ប្រធានអង្គប្រជុំបានមានប្រសាសន៍ថា កិច្ចប្រជុំពិនិត្យសិក្សាលើសេចក្តីព្រាងច្បាប់នេះគឺមិនមែនជាវេទិកាសាកសួរដេញដោលនោះទេ គឺធ្វើឡើង​ក្នុង​គោល​​បំណងចែករំលែក និងប្រមែប្រមូលនូវធាតុចូល ដើម្បីពិនិត្យរួមគ្នាធ្វើយ៉ាងណាឱ្យសេចក្តីព្រាងច្បាប់នេះ អនុម័តចេញទៅទទួលបាន​នូវ​ឧត្តមប្រយោជន៍​សម្រាប់​ប្រទេស​ជាតិ និងប្រជាជន។

ឯកឧត្តម ប្រាក់ សុខុន បានមានប្រសាសន៍ជម្រាបជូន ឯកឧត្តមប្រធានអង្គប្រជុំក៏ដូចជាអន្តរគណៈជំនាញរបស់រដ្ឋសភាជ្រាបថា អនុសញ្ញាអង្គការសហប្រជាជាតិស្តីពី​នីតិ​សមុទ្រ​ឆ្នាំ១៩៨២ ត្រូវបានចុះហត្ថលេខា កាលពីថ្ងៃទី១០ ខែធ្នូ ឆ្នាំ១៩៨២ នៅទីក្រុងម៉ុងតេហ្គាបៃ ប្រទេសហ្សាម៉ាអ៊ីក ហើយចូលជាធរមាននៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ១៩៩៤។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានបន្តថា បានអនុសញ្ញានេះកំណត់អំពីក្របខ័ណ្ឌគតិយុត្តនៃការកំណត់ព្រំដែនសមុទ្រ សេរីភាពផ្នែកនាវាចរណ៍តាមផ្លូវសមុទ្រ សិទ្ធិ និងកាតព្វកិច្ច​របស់​រដ្ឋភាគី​ក្នុងការប្រើប្រាស់លម្ហសមុទ្រ និងសេចក្តីណែនាំនានាសម្រាប់ការធ្វើធុរកិច្ច កិច្ចការពារបរិស្ថាន ព្រមទាំងការគ្រប់គ្រងធនធានធម្មជាតិសមុទ្រដ៏សម្បូរបែប ដែល​ជាការចងក្រងនូវវិធានទំនៀមទម្លាប់អន្តរជាតិ ក្នុងវិស័យសមុទ្រព្រមទាំងបទប្បញ្ញត្តិពាក់ព័ន្ធនឹងអាជ្ញាធរបាតសមុទ្រអន្តរជាតិ និងយន្តការដោះស្រាយវិវាទនីតិសមុទ្រ មួយវិញ​ទៀត​ការផ្តល់សច្ចាប័នអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ នឹងផ្តល់អត្ថប្រយោជន៍ដល់ព្រះរាជាណាចក្រកម្ពុជាដែលជាប្រទេសមានសមុទ្រ ដូចខាងក្រោម៖

- ទទួលបាននូវក្របខ័ណ្ឌច្បាប់សមុទ្រមួយពេញលេញ សម្រាប់កិច្ចការសមុទ្រ ក្នុងនាមជាប្រទេសជាប់សមុទ្រ។

- ទទួលបានការការពារតាមច្បាប់សមុទ្រអន្តរជាតិទាក់ទងនឹងការគ្រប់គ្រងសមុទ្ររបស់កម្ពុជា ដូចជា៖ ការគ្រប់គ្រង និងការអភិរក្សបរិស្ថានសមុទ្រ ការធ្វើអាជីវកម្មលើធនធានសមុទ្រ និងការស្រាវជ្រាវវិទ្យាសាស្ត្រសមុទ្រ ជាដើម។

- ពង្រឹងតួនាទីកម្ពុជាលើឆាកអន្តរជាតិ តាមរយៈការពង្រីកកិច្ចសហប្រតិបត្តិការដោយស្មើមុខ ក្នុងការគ្រប់គ្រងសមុទ្រ និងការដោះស្រាយបញ្ហាសមុទ្រជាមួយបណ្តាប្រទេសនានា និងមានសិទ្ធិចូលរួមបោះឆ្នោតជ្រើសរើសសមាសភាពអាជ្ញាធរបាតសមុទ្រអន្តរជាតិ ក៏ដូចជាចៅក្រមតុលាការ អន្តរជាតិនីតិសមុទ្រផងដែរ។

- ទទួលបាននូវកិច្ចសហប្រតិបត្តិការ និងជំនួយបច្ចេកទេស រួមទាំងជំនួយផ្នែកច្បាប់អន្តរជាតិ ពាក់ព័ន្ធនឹងការការពារ និងការអភិរក្សបរិស្ថានសមុទ្រ និងការផ្ទេរបច្ចេកវិទ្យាពីរដ្ឋភាគី និងស្ថាប័នអន្តរជាតិនានាពាក់ព័ន្ធនឹងអនុសញ្ញានេះ។

ក្រោយពីបានពិភាក្សាយ៉ាងលម្អិតជាមួយតំណាងរាជរដ្ឋាភិបាលនាពេលនេះ ដោយមានការសួរ បកស្រាយបំភ្លឺយ៉ាងក្បោះក្បាយលើចម្ងល់មួយចំនួនរួចមក ឯកឧត្តម សួស យ៉ារ៉ា បានថ្លែងអំណរគុណ និងកោតសរសើរចំពោះការខិតខំប្រឹងប្រែងរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ប៉ិនប្រសប់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ព្រមទាំងឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការទេស និងសហប្រតិបត្តិការអន្តរជាតិ ដែលបានខិតខំយកចិត្តទុកដាក់​ធ្វើសេចក្តី​ព្រាង​ច្បាប់នេះឡើង ដើម្បីរក្សាសុខសុវត្ថិភាពក្នុងដែនសមុទ្ររបស់ព្រះរាជាណាចក្រកម្ពុជា និងលើឆាកអន្តរជាតិ។

សេចក្តីព្រាងច្បាប់នេះត្រូវបានគណៈកម្មការជំនាញទាំង១០នៃរដ្ឋសភា សម្រេចឯកភាពជាមួយតំណាងរាជរដ្ឋាភិបាលហើយនឹងត្រូវធ្វើសេចក្តីរាយការណ៍ជូន សម្តេចប្រធាន​រដ្ឋសភា និងគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា ដើម្បីគោរពស្នើសុំដាក់បញ្ចូលសេចក្តីព្រាងច្បាប់នេះ ទៅក្នុងរបៀបវារៈសម័យប្រជុំពេញអង្គ នាពេលខាងមុខ៕