ឯកឧត្តម វ៉ាន់ ដារ៉ា តំណាងរាស្រ្តមណ្ឌលខេត្តកំពត និងជាសមាជិកគណៈកម្មការផែនការ វិនិយោគ កសិកម្ម រុក្ខាប្រមាញ់ នេសាទ អភិវឌ្ឍន៍ជនបទ បរិស្ថាន ធនធានទឹក និងឧតុនិយម (គណៈកម្មការទី៣) នៃរដ្ឋសភា នារសៀលថ្ងៃទី១១ ខែមករា ឆ្នាំ២០២៦ បានអញ្ជើញជាអធិបតីពិធីសម្ពោធអណ្តូងទឹកស្អាត ដើម្បីវឌ្ឍនភាពសហគមន៍ និងសំណេះសំណាលជាមួយប្រជាពលរដ្ឋ ស្ថិតនៅភូមិប្រមូល ឃុំត្រមែង ស្រុកឈូក ខេត្តកំពត។
ក្នុងឱកាសនោះ ឯកឧត្តម វ៉ាន់ ដារ៉ា បាននាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពី សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន សម្ដេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុនសែន សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ដែលតែងតែគិតគូរជាប្រចាំអំពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋនៅទូទាំងប្រទេស។ ឯកឧត្តមបានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋបន្តជឿជាក់លើរាជរដ្ឋាភិបាលលើការដឹកនាំគ្រប់គ្រងសភាពការណ៍ និងប្តេជ្ញាការពារឱ្យបានជាដាច់ខាតនូវបូរណភាពដែនដី។
ឯកឧត្តមតំណាងរាស្រ្ត បានបន្តទៀតថា ការផ្តល់អណ្តូងទឹកស្អាតនាពេលនេះ គឺជាការរួមចំណែកលើកកម្ពស់សុខុមាលភាព និងជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋ ធានាបាននូវសុខភាពល្អ និងជីវភាពកាន់តែប្រសើរទ្បើង។ ដើម្បីឱ្យការប្រើប្រាស់អណ្តូងទឹកទាំងនេះបានយូរអង្វែង ឯកឧត្តមក៏បានសំណូមពរដល់ប្រជាពលរដ្ឋទាំងអស់ដែលអាស្រ័យផលអណ្តូងទឹក រួមគ្នាថែរក្សាអណ្តូងនេះទាំងអស់គ្នា ដើម្បីជាប្រយោជន៍រួមក្នុងសហគមន៍មូលដ្ឋានបងប្អូនដែលរស់នៅសព្វថ្ងៃ។
ក្នុងឱកាសនោះដែរ ឯកឧត្តម វ៉ាន់ ដារ៉ា បានឧបត្ថម្ភក្រមាចំនួន ៥០ក្រមា សៀវភៅចំនួន ៩០ក្បាល ប៊ិកចំនួន ៩០ដើម និងថវិកាចំនួន ៥០ម៉ឺនរៀល ជូនឃុំត្រមែងផងដែរ៕







