នាព្រឹកថ្ងៃទី៦ ខែមករា ឆ្នាំ២០២៦ ឯកឧត្តម វង សូត អនុប្រធានទី២រដ្ឋសភា តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចប្រធានរដ្ឋសភា បានទទួលជួបសំណេះសំណាល និងផ្តល់អនុសាសន៍ដល់ប្រតិភូសមាគមនាវាយុវជនអាស៊ីអាគ្នេយ៍កម្ពុជា-ជប៉ុន នៅវិមានរដ្ឋសភា ដើម្បីជាមូលដ្ឋានក្នុងការចូលរួមកម្មវិធីនាវាយុវជនអាស៊ីអាគ្នេយ៍ និងជប៉ុន (SSEAYP) រយៈពេល ២៦ថ្ងៃទៅកាន់ ប្រទេសសិង្ហបុរី និងប្រទេសជប៉ុន។
លោក សុះ សលីហ៊ីន តំណាងប្រតិភូសមាគមនាវាយុវជនអាស៊ីអាគ្នេយ៍កម្ពុជា-ជប៉ុន បានគោរពថ្លែងអំណរគុណចំពោះឯកឧត្តម វង សូត ដែលបានផ្តល់កិត្តិយស និងឱកាសឱ្យប្រតិភូសមាគមនាវាយុវជនអាស៊ីអាគ្នេយ៍កម្ពុជា-ជប៉ុន ចំនួន១៧នាក់ បានចូលជួបសម្តែងការគួរសម និងទទួលអនុសាសន៍ណែនាំ ដើម្បីប្រតិភូសមាគមនាវាយុវជនអាស៊ីអាគ្នេយ៍កម្ពុជា បានសិក្សាស្វែងយល់ ជាពិសេសពីស្ថាប័ននីតិប្បញ្ញត្តិ សម្រាប់ជាពុទ្ធិបន្ថែមមុននឹងចេញដំណើរ។
ឯកឧត្តម វង សូត បានសម្តែងនូវក្តីសោមនស្សរីករាយដែលត្រូវបាន សម្តេចមហារដ្ឋសភាធិការធិបតី ប្រធានរដ្ឋសភា ផ្តល់ឱកាសឱ្យជួបជាមួយក្មួយៗ ព្រមទាំងមានមោទនភាពចំពោះក្មួយៗទាំង១៧រូប តំណាងឱ្យយុវជនកម្ពុជា ចូលរួមកម្មវិធីនាវាយុវជនអាស៊ីអាគ្នេយ៍-ជប៉ុន ចាប់ពីថ្ងៃទី១៥ ខែមករា ដល់ថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៦ ខាងមុខនេះ។
ក្នុងឱកាសនេះ ឯកឧត្តម វង សូត បានមានប្រសាសន៍ឱ្យដឹងថា កម្ពុជាមានយុវជនប្រមាណ ៦០% នៃចំនួនប្រជាជនសរុប ដែលជាកូនចៅនៃជនរងគ្រោះក្រោមរបបប្រល័យពូជសាសន៍។ រដ្ឋាភិបាលបានយកចិត្តទុកដាក់ខ្លាំងណាស់ចំពោះយុវជនកម្ពុជា តាមរយៈការដាក់ចេញគោលនយោបាយអភិវឌ្ឍយុវជនជាតិចាប់តាំងពីឆ្នាំ២០១១មក។ ឯកឧត្តម ក៏បានលើកឡើងការងារសំខាន់ៗរបស់រដ្ឋសភា ពិសេសការបង្កើតក្រុមសមាជិកសភាវ័យក្មេង ដើម្បីលើកកម្ពស់ភាពជាតំណាង និងការចូលរួមរបស់យុវជន។
ក្នុងឱកាសនេះដែរ ឯកឧត្តម បានលើកឡើងថា ក្នុងនាមយុវជនជំនាន់ក្រោយត្រូវតែដឹងអំពីប្រវត្តិសាស្រ្តរបស់ខ្លួន ដែលធ្លាប់ឆ្លងកាត់សង្គ្រាមរ៉ាំរ៉ៃ និងធ្លាក់ចូលទៅក្នុងរបបប្រល័យពូជសាសន៍ ដែលសម្លាប់ប្រជាជនអស់ជាច្រើនលាននាក់។ សន្តិភាព និងការអភិវឌ្ឍដែលកម្ពុជាមានដូចសព្វថ្ងៃនេះ គឺកើតចេញពីការបូជាសាច់ស្រស់ឈាមស្រស់របស់ឥស្សរជនជាតិជាន់ខ្ពស់របស់យើង ក្នុងការតស៊ូផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត នាថ្ងៃទី៧ មករា ឆ្នាំ១៩៧៩។ ប្រជាពលរដ្ឋត្រូវមានការចងចាំជានិច្ច នូវមហាសោកនាដកម្ម ក្នុងរបបដ៏ខ្មៅងងឹតរយៈពេល ៣ឆ្នាំ ៨ខែ២០ថ្ងៃ និងផ្តន្ទាទោសចំពោះបុគ្គលទាំងឡាយ ដែលបដិសេធមិនទទួលស្គាល់ការពិត ចំពោះប្រវត្តិសាស្ត្រដ៏សែនជូរចត់បំផុត ដែលបានកើតឡើងនៅកម្ពុជា កាលពីអតីតកាល។
ឯកឧត្តមអនុប្រធានទី២រដ្ឋសភា បានពន្យល់ពីតួនាទីសំខាន់របស់យុវជនក្នុងការរក្សាសាមគ្គីភាពជាតិ ជាពិសេសក្នុងបរិបទបញ្ហាព្រំដែន ដែលកំពុងប្រឈម ហើយត្រូវជឿជាក់លើរដ្ឋាភិបាល ក្នុងដោះស្រាយតាមយន្តការការទូត និងច្បាប់អន្តរជាតិ។ ឯកឧត្តមអំពាវនាវឱ្យយុវជនរួបរួមសាមគ្គីគ្នា គាំទ្រយន្តការ និងចំណាត់ការរបស់រាជរដ្ឋាភិបាល ទប់ស្កាត់ការផ្សព្វផ្សាយព័ត៌មានមិនពិត ដែលនាំឱ្យប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណៈ។ ឯកឧត្តមបានថ្លែងអំណរគុណ និងសរសើរចំពោះការចូលរួមរបស់បណ្តាញយុវជននានា ដែលបានបង្ហាញនូវស្មារតីស្រឡាញ់ជាតិ និងសាមគ្គីភាពដ៏រឹងមាំ ក្នុងពេលកន្លងមក។
ឯកឧត្តម បានផ្តាំផ្ញើដល់ប្រតិភូនាវាយុវជនអាស៊ីអាគ្នេយ៍ ត្រូវប្រកាន់ភ្ជាប់នូវសាមគ្គីភាពផ្ទៃក្នុង រក្សាឥរិយាបទ និងតម្លៃជាតិ ផ្សព្វផ្សាយអំពីវប្បធម៌ជាតិ រៀនសូត្រពីគ្នាទៅវិញទៅមកជាមួយយុវជនប្រទេសដទៃ ចូលរួមលើកកម្ពស់សន្តិភាព និងការរួមរស់ជាមួយគ្នាដោយសន្តិសហវិជ្ជមាន ជាពិសេសត្រូវចូលរួមគាំទ្រការដឹកនាំរបស់រាជរដ្ឋាភិបាល ដើម្បីរួមចំណែកបន្តអភិវឌ្ឍជាតិមាតុភូមិ។
ឯកឧត្តម វង សូត បានផ្តល់អនុសាសន៍យ៉ាងជាក់លាក់ដល់យុវជន ដូចជា៖ សិក្សាប្រវត្តិសាស្ត្រ វប្បធម៌ និងអរិយធម៌ដ៏រុងរឿង របស់យើង ដើម្បីផ្សព្វផ្សាយទៅកាន់អន្តរជាតិ ដើម្បីជំរុញទេសចរណ៍នៅកម្ពុជា។ ពិសេសក្នុងនាមយុវជនត្រូវពង្រឹងនូវសមត្ថភាពផ្នែកបច្ចេកវិទ្យាដើម្បីឆ្លើយតបនឹងតម្រូវការនាពេលបច្ចុប្បន្ន និងអនាគត។
ប្រតិភូសមាគមនាវាយុវជនអាស៊ីអាគ្នេយ៍កម្ពុជាទាំងអស់ បានថ្លែងអំណរគុណចំពោះឯកឧត្តម វង សូត ដែលបានចំណាយពេលវេលាដ៏មានតម្លៃអនុញ្ញាតឱ្យប្រតិភូនាវាយុវជនអាស៊ីអាគ្នេយ៍កម្ពុជា-ជប៉ុន បានចូលជួបទទួលអនុសាសន៍ល្អៗ នៅក្នុងឱកាសនេះ។ជាមួយគ្នានេះប្រតិភូនាវាយុវជនអាស៊ីអាគ្នេយ៍កម្ពុជា-ជប៉ុន បានប្តេជ្ញាចិត្តមោះមុតក្នុងការខិតខំប្រឹងប្រែងសិក្សារៀនសូត្រក្រេបយកចំណេះដឹងនិងជំនាញ ដើម្បីមកបម្រើប្រទេសជាតិ ចូលរួមអភិវឌ្ឍសង្គម ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី៕























