តំណាងរាស្រ្តមណ្ឌលខេត្តស្វាយរៀង រួមមាន៖ ឯកឧត្តមបណ្ឌិត សម តារា អនុប្រធានគណៈកម្មការសិទ្ធិមនុស្ស ទទួលពាក្យបណ្តឹងនិងអង្កេត និងអធិការកិច្ច (គណៈកម្មការទី១) នៃរដ្ឋសភា ឯកឧត្តមបណ្ឌិត ជ័យ សុន សមាជិកគណៈកម្មការអង្កេត បោសសំអាត និងប្រឆាំងអំពើពុករលួយ (គណៈកម្មការទី១០) នៃរដ្ឋសភា និងក្រុមការងារ នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៥ បានអញ្ចើញគោរពវិញ្ញាណក្ខន្ធ លោកវរ:សេនីយ៍ត្រី ម៉ៅ កុសល្យ មេបញ្ជាការង ខ.១ គ២ ផ្នែកសឹករងថ្មពួក តំបន់ប្រតិបត្តិការសឹករងបន្ទាយមានជ័យ កងទ័ពជើងគោក នៅភូមិបាសាក់ ឃុំបាសាក់ ស្រុកស្វាយជ្រំ ដែលបានពលីក្នុងសមរភូមិមុខប្រយុទ្ធរវាងកម្ពុជា-ថៃ។
សូមជម្រាបជូនផងដែរថាសព លោកវរ:សេនីយ៍ត្រី ម៉ៅ កុសល្យ បានតម្កល់ធ្វើបុណ្យទក្ខិណានុប្បទានតាមប្រពៃណីសាសនានៅគេហដ្ឋាន ស្ថិតក្នុងភូមិបាសាក់ ឃុំបាសាក់ ស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង។
មរណភាពរបស់ លោកវរ:សេនីយ៍ត្រី ម៉ៅ កុសល្យ គឺការបាត់បង់នូវវីរៈកងទ័ពដ៏អង់អាចក្លាហានប្រកបដោយមនសិការស្នេហាជាតិមាតុភូមិ តស៊ូប្រយុទ្ធយ៉ាងអង់អាចក្លាហានក្នុងការការពារបូរណភាពទឹកដី រហូតដល់ថ្ងៃអវសាននៃជីវិត។ អំពើល្អ និងការតស៊ូបង្ហាញឆន្ទៈដ៏មុតមាំដល់នាទីចុងក្រោយរបស់វីរកងទ័ព នឹងនៅតែស្ថិតក្នុងការចងចាំសម្រាប់ក្រុមគ្រួសារ និងជនរួមជាតិខ្មែរទាំងអស់គ្នា។
ក្នុងសមានទុក្ខដ៏ក្រៀមក្រំនេះ ក្នុងនាមជាតំណាងរាស្រ្តមណ្ឌលខេត្តស្វាយរៀង ក៏បានឧទ្ទិសបួងសួងដល់តេជៈបារមីនៃព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ តាមជួយថែរក្សាដួងវិញ្ញាណក្ខន្ធរបស់ លោកវរសេនីយ៍ត្រី ម៉ៅ កុសល្យ បានទៅសោយសុខក្នុងឋានសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។
ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត សម តារា និងឯកឧត្តមបណ្ឌិត ជ័យ សុន និងលោកជំទាវ ឯក សុវណ្ណភារៈ បានចូលបច្ច័យបុណ្យគ្រួសារសព និងឧបត្ថម្ភថវិកាដល់អ្នកចូលរួម សរុបចំនួន ១.១៥០.០០០រៀល៕

















