សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា នៅព្រឹកថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៥ បានអញ្ជើញសួរសុខទុក្ខវីរៈកងទ័ពចំនួន ០៣រូប ដែលបានរងរបួសកាលពីថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៥ ក្នុងការតស៊ូប្រយុទ្ធយ៉ាងស្វិតស្វាញការការពារបូរណភាពទឹកដឹកដីតាមបណ្តោយព្រំដែនកម្ពុជា-ថៃ ដែលបច្ចុប្បន្នកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យព្រះកេតុមាលា និងមន្ទីរពេទ្យព្រះអង្គឌួង។
ឆ្លៀតក្នុងឱកាសនោះ សម្តេចកិត្តិសង្គហបណ្ឌិត ក៏បាននាំនូវប្រសាសន៍ផ្តាំផ្ញើរសាកសួរសុខទុក្ខពីសំណាក់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី នូវការនឹករលឹក ការគិតគូរអំពីសុខទុក្ខរបស់កងទ័ពទាំងអស់នៅទូទាំងប្រទេស។
សម្តេចកិត្តិសង្គហបណ្ឌិត ក៏បានលើកទឹកចិត្ត និងថ្លែងនូវការកោតសសើរ ចំពោះការលះបង់ដ៏ធំធេង ដែលមិនអាចកាត់ថ្លៃបាន ក្នុងនាមជាទ័ពជួរមុខ ក្នុងការរក្សាសន្តិភាព ការការពារអធិបតេយ្យភាព បូរណភាពទឹកដី ការពារពីការរំលោភបំពានពីពួកចោរឈ្លានពាន។
វីរៈកងទ័ពទាំង ៣រូប រួមមាន៖
១.លោក បេ សុផាត រងរបួសរដោយសារអំបែងគ្រាប់ត្រូវភ្នែកទាំងសងខាងធ្ងន់ធ្ងរ បច្ចុប្បន្នកំពុងសម្រាកព្យាលបាលនៅមន្ទីរពេទ្យព្រះអង្គឌួង។
២.លោក ទេព ភារ៉ា រងរបួសដោយសារភ្លើងឆេះ បច្ចុប្បន្នកំពុងសម្រាកព្យាលបាលនៅមន្ទីរពេទ្យព្រះកេតុមាលា
៣.លោក សុខ សាវិន រងរបួសដោយសាររបួសអំបែងគ្រាប់ផ្លោង បច្ចុប្បន្នកំពុងសម្រាកព្យាលបាលនៅមន្ទីរព្រះកេតុមាលា។
សម្តេចកិត្តិសង្គហបណ្ឌិតក៏បានជូនពរឱ្យវីរៈកងទ័ពទាំងអស់ឆាប់បានជាសះស្បើយ និងវិលត្រលប់ចូលអង្គភាព ដើម្បីបន្តបេសកកម្មការពារប្រទេសជាតិ។
ជាការឆ្លើយតប វីរៈកងទ័ព និងក្រុមគ្រួសារ ក៏បានគោរពថ្លែងអំណរគុណ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ព្រមទាំងសម្តេចកិត្តិសង្គហបណ្ឌិត ក៏ដូចជាថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ដែលបានចាត់តំណាង និងចុះមកសួរសុខទុក្ខពួកគាត់ដល់មន្ទីរពេទ្យ និងសូមគោរពជូនពរ សម្តេច និងថ្នាក់ដឹកនាំទាំងអស់សូមទទួលបាននូវពុទ្ធពរទាំង ៤ប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លាងឃ្លាតឡើយ៕






