ឯកឧត្តម ឃួន ដាវិត អគ្គលេខាធិការរងរដ្ឋសភា និងជាប្រធានក្រុមការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ(ក.ហ.ស) នៃអគ្គលេខាធិការដ្ឋានរដ្ឋសភា នាព្រឹកថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៥ បានដឹកនាំកិច្ចប្រជុំនៅវិមានរដ្ឋសភា ដើម្បីពិភាក្សាត្រៀមលក្ខណៈក្នុងការរៀបចំនិងប្រព្រឹត្តទៅនៃកម្មវិធី វិបស្សនា ស្តីពី “ការវាយតម្លៃលទ្ធផលការងារឆ្នាំ២០២៥ និងផ្សព្វផ្សាយផែនការសកម្មភាពឆ្នាំ២០២៦ សម្រាប់ការអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈនិងកែទម្រង់រដ្ឋបាលសាធារណៈ”។
គួរជម្រាបថា៖រាជរដ្ឋាភិបាលកម្ពុជាតែងតែយកចិត្តទុកដាក់និងកំណត់ទុកការងារកែទម្រង់ជាឧបករណ៍គោលនយោបាយគន្លឹះសម្រាប់ដោះស្រាយ បញ្ហាប្រឈមនានានិងបង្កើតកាលានុវត្តភាពថ្មីៗឆ្ពោះទៅរកអភិវឌ្ឍនភាពនិងវិបុលភាព។
ការងារកែទម្រង់ មិនគ្រាន់តែជាកិច្ចការដែលអាចជួយបង្កើន ប្រសិទ្ធភាពនិងស័ក្តិសិទ្ធភាពនៃការងារប្រចាំថ្ងៃប៉ុណ្ណោះទេប៉ុន្តែថែមទាំងជួយបង្កើតគំនិតផ្តួចផ្តើមនិងនវានុវត្តន៍ជាច្រើនទៀត ក្នុងកាលៈទេសៈដែលកម្ពុជាកំពុងអភិវឌ្ឍខ្លួនពីប្រទេសដែលមានចំណូលមធ្យមកម្រិតទាប ទៅកាន់ប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់។
ក្នុងស្មារតីនេះ រាជរដ្ឋាភិបាលកម្ពុជាបានផ្តួចផ្តើមរៀបចំនិងដាក់ឱ្យអនុវត្តការងារកែទម្រង់ជាច្រើនក្នុងវិស័យសាធារណៈ ជាពិសេសកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ កម្មវិធីជាតិកំណែទម្រង់រដ្ឋបាលសាធារណៈនិងកម្មវិធីកែទម្រង់សម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ ក្រោមជាតិ។
ជាលទ្ធផលក្នុងរយៈពេល ១០ ឆ្នាំ នៃកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ រាជរដ្ឋាភិបាល បានកសាងនិងសម្រេចបានជាសារវន្តនូវមូលដ្ឋាននៃ“ភាពជឿទុកចិត្តនៃថវិកា”និងបានបង្កើន“គណនេយ្យភាពហិរញ្ញវត្ថុ”របស់ក្រសួងស្ថាប័ន និងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ ក្នុងការរៀបចំ ការអនុវត្ត និងការត្រួតពិនិត្យវាយតម្លៃលើការអនុវត្តថវិកា៕













