សេចក្តីជូនដំណឹង រដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា នឹងបន្តសម័យប្រជុំរដ្ឋសភាលើកទី៥ នីតិកាលទី៧ នៅថ្ងៃព្រហស្បតិ៍ ទី២៥ ខែធ្នូ ឆ្នាំ២០២៥__ សេចក្តីជូនដំណឹង ស្តីពី ការអញ្ជើញដាក់តម្លៃ (Quotation) ដើម្បីសាងសង់អគារទីស្នាក់ការរដ្ឋសភាមណ្ឌលរាជធានី-ខេត្ត ចំនួន ៤ខេត្ត រួមមាន ខេត្តតាកែវ ខេត្តកំពង់ឆ្នាំង ខេត្តក្រចេះ និងខេត្តសៀមរាប__ ញត្តិថ្កោលទោស សង្គ្រាមឈ្លានពានរបស់ថៃមកលើអធិបតេយ្យនៃព្រះរាជាណាចក្រកម្ពុជា__ ព្រះរាជសារ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសបើកបវេសនកាលនៃរដ្ឋសភា សម័យប្រជុំរដ្ឋសភា លើកទី៥ នីតិកាលទី៧ នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៥ ៕

Home » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » អនុប្រធានទី១រដ្ឋសភា៖ កំណែទម្រង់ការគ្រប់​គ្រងហិរញ្ញវត្ថុសាធារណៈ រដ្ឋបាលសាធារណៈ និងគម្រោងប្រព័ន្ធសភាអេឡិចត្រូនិច នឹងធ្វើឱ្យ​ស្ថាប័នរដ្ឋសភាធានាបាននូវការផ្តល់សេវាសាធារណៈប្រកបដោយប្រសិទ្ធភាពនិងគណនេយ្យភាព
អនុប្រធានទី១រដ្ឋសភា៖ កំណែទម្រង់ការគ្រប់​គ្រងហិរញ្ញវត្ថុសាធារណៈ រដ្ឋបាលសាធារណៈ និងគម្រោងប្រព័ន្ធសភាអេឡិចត្រូនិច នឹងធ្វើឱ្យ​ស្ថាប័នរដ្ឋសភាធានាបាននូវការផ្តល់សេវាសាធារណៈប្រកបដោយប្រសិទ្ធភាពនិងគណនេយ្យភាព
Prepaired By: NA0989 ​ Date: (10/2/2025 6:49:27 PM )

កំណែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ កំណែទម្រង់រដ្ឋបាលសាធារណៈ និងគម្រោង​ប្រព័ន្ធ​សភាអេឡិចត្រូនិច មានភាពប្រទាក់​ក្រឡាគ្នា ដែលត្រូវពង្រឹងឲ្យគ្នាទៅវិញទៅមក ដើម្បីធ្វើឱ្យស្ថាប័នរដ្ឋសភា និងអគ្គលេខាធិការ​ដ្ឋានរដ្ឋសភា អាចធានាបាននូវការផ្តល់សេវា​សាធារណៈប្រកបដោយប្រសិទ្ធភាព និង​គណនេយ្យភាព។

ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អនុប្រធាន​ទី១ រដ្ឋសភា បានថ្លែងដូច្នេះនៅពិធីបិទកម្មវិធី​ផ្សព្វ​ផ្សាយស្តីពី លទ្ធផលការងារ និងទិសដៅបន្តនៃការ​អនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ការកែទម្រង់រដ្ឋបាលសាធារណៈ និងគម្រោង​ប្រព័ន្ធសភាអេឡិចត្រូនិច (E-Parliament System)នៅវិមានរដ្ឋសភា នារសៀលថ្ងៃទី២ ខែ​តុលា ឆ្នាំ២០២៥។

ឯកឧត្តមអនុប្រធានទី១រដ្ឋសភាបានលើកឡើង​ថា​៖​​ការកែទម្រង់ហិរញ្ញវត្ថុសាធារណៈ៖យើងបាន​ពិនិត្យ​មើលវឌ្ឍនភាព​សំខាន់ៗដែលបានធ្វើឡើង​ក្នុងការពង្រឹងភាពជឿជាក់នៃថវិកា និងការ​បង្កើត​វិន័យសារពើពន្ធរបស់យើង និងដំណើរឆ្ពោះទៅរក​ការរៀបចំថវិកាផ្អែកលើកម្មវិធីក្នុងការឆ្លើយតបទៅនឹងកម្មវត្ថុគោលនយោបាយ។

ចំណែកការកែទម្រង់រដ្ឋបាលសាធារណៈ៖ ភាព​ជោគជ័យរបស់ការកែទម្រង់ហិរញ្ញវត្ថុសាធារណៈ វាអាស្រ័យទាំងស្រុងលើមន្ត្រីរាជការដែលមានសមត្ថភាព ឆន្ទៈ និងប្រកបដោយការលើកទឹកចិត្ត។ ការកែទម្រង់រដ្ឋបាលសាធារណៈ គឺជាមូលដ្ឋានគ្រឹះ នៃការលើកកម្ពស់ប្រសិទ្ធភាពធនធានមនុស្សការធ្វើទំនើបកម្ម រចនាសម្ព័ន្ធស្ថាប័ន និងការលើក​កម្ពស់វប្បធម៌នៃការលើកទឹកចិត្តដល់មន្ត្រីរាជការ។

ចំណែកប្រព័ន្ធសភាអេឡិចត្រូនិក៖ គម្រោង E-Parliament គឺជាការធ្វើទំនើបកម្មស្ថាប័ន និង​ផ្តល់​ឱ្យ យើងប្រើបច្ចេកវិទ្យា ទិន្នន័យកាន់​តែ​លឿន និង​មានប្រសិទ្ធភាព ដែលនឹងរួមចំណែកដល់ការលើក​កម្ពស់តម្លាភាព គណនេយ្យភាពនិងស័ក្កសិទ្ធភាព (ចំណាយតិច តែចំណេញច្រើន/Cost effective)។


ក្នុងនាមសម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានិងក្នុងនាមឯកឧត្តមផ្ទាល់ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិតជាម យៀប បានសម្តែង​នូវក្តីរីករាយនិងអបអរសាទរចំពោះលទ្ធផលគួរជាទីមោទនៈ ដែលសម្រេចបានពីកិច្ចប្រជុំ​បូកសរុប​និង​ផ្សព្វផ្សាយស្តីពីលទ្ធផល ការងារ និងទិសដៅបន្ត នៃការអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ការកែទម្រង់រដ្ឋបាល​សាធារណៈ​និង​ការអនុវត្តគម្រោងប្រព័ន្ធសភាអេឡិចត្រូនិច(E-Parliament System)។

ឯកឧត្តមបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និង​ដ៏ស្មោះស្ម័គ្របំផុតចំពោះសម្តេចរដ្ឋសភាធិបតី ដែល​ចំណាយ ពេលវេលាដ៏មមាញឹក និងមានតម្លៃ​អញ្ជើញចូលរួមជាអធិបតី បើកកម្មវិធីផ្សព្វផ្សាយ​នេះ ដោយបានលើកទឹកចិត្តនិងផ្តល់នូវ​អនុសា​ស​ន៍​សំខាន់ៗសំដៅបន្តដោះស្រាយបញ្ហាប្រឈមដែលនៅសេសសល់ ឈានទៅកសាងនិងអភិវឌ្ឍ​ស្ថាប័ន​នីតិប្បញ្ញត្តិឱ្យកាន់តែមានការរីកចម្រើនរឹងមាំ បន្ថែម​ទៀត។

ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត សង្ឃឹមយ៉ាងមុតមាំថា ឯកឧត្តម លោកជំទាវ លោក លោកស្រី ទាំងអស់​ពិត​ជាទទួលបាននូវពុទ្ធិចំណេះដឹងនិងបទ​ពិសោធ​ន៍​ជាច្រើនពីកម្មវិធីនេះដែល​នឹងជួយដល់ការគិតគូរ​ពិចារណានិងកែលម្អនូវចំណុចខ្វះខាត​របស់​អង្គភា​ព​​រាងៗខ្លួន ដើម្បីឈានទៅលើកកម្ពស់សមត្ថភាព នៃ  ការផ្តល់សេវាជូនសមាជិក សមាជិការដ្ឋសភា និងថ្នាក់ដឹកនាំ ឱ្យកាន់តែមានគុណភាព ទាន់​ពេល​វេលា និងប្រកបដោយវិជ្ជាជីវៈ។
ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប ផ្តល់អនុសាសន៍មួយចំនួនដើម្បីជួយការអនុវត្តកំណែទម្រង់ទទួលបានប្រសិទ្ធភាពនិងជោគជ័យ

នៅក្នុងពិធីបិទកម្មវិធីផ្សព្វផ្សាយស្តីពីលទ្ធផលការងារ និងទិសដៅបន្តនៃការអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ការកែទម្រង់រដ្ឋបាលសាធារណៈ និងគម្រោងប្រព័ន្ធសភាអេឡិចត្រូនិច (E-Parliament System)នៅវិមានរដ្ឋសភា នារសៀលថ្ងៃទី២ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អនុប្រធានទី១ រដ្ឋសភា បានផ្តល់អនុសាសន៍មួយចំនួនដើម្បីជួយឱ្យការអនុវត្តកំណែទម្រង់ទទួលបានជោកជ័យនិងប្រសិទ្ធភាពខ្ពស់។

ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត បានដាក់ចេញនូវអនុសាសន៍ចំនួន៥ចំណុច ៖

ទី១-ក្នុងនាមរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា យើងគាំទ្រយ៉ាងពេញទំហឹង ចំពោះលទ្ធផល នៃអង្គប្រជុំនិងគាំទ្រទាំងស្រុងចំពោះអនុសាសន៍ណែនាំរបស់សម្តេចរដ្ឋសភាធិបតី ប្រធានរដ្ឋសភាដែលនឹងក្លាយជាប្រទីបដ៏មានតម្លៃជាយុទ្ធសាស្រ្តក្នុងការយកទៅអនុវត្តប្រកបដោយប្រសិទ្ធភាពនិងប្រសិទ្ធផលខ្ពស់។

ទី២- យើងក៏សូមគាំទ្រយ៉ាងពេញលេញចំពោះរាជរដ្ឋាភិបាលនីតិកាលទី៧ ក្រោមការដឹកនាំប្រកបដោយភាពស្វាហាប់ ម៉ឺងម៉ាត់ និងឈ្លាសវៃ របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានដាក់ចេញកម្មវិធីកែទម្រង់ចំនួន៥ រួមមាន៖ កម្មវិធីកែទម្រង់រដ្ឋបាលសាធារណៈ, កម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ, កម្មវិធីកែទម្រង់តាមបែបវិមជ្ឈការនិងវិសហមជ្ឈការ, កម្មវិធីកែទម្រង់ប្រព័ន្ធយុត្តិធម៌, និងកម្មវិធីកែទម្រង់ច្បាប់។

ទី៣- ដោយឡែកសម្រាប់រដ្ឋសភា យើងត្រូវបន្តធ្វើការរួមគ្នា ប្រកបដោយឆន្ទៈមុតស្រួច និងមានសាមគ្គីផ្ទៃក្នុងជាធ្លុងមួយ មានគុណធម៌ ស្របតាមអភិក្រមទាំង៥(5R) របស់ សម្តេចធិបតី នាយករដ្ឋមន្ត្រីកម្ពុជា ដែលរួមមាន៖ ទី១. ការថែរក្សាមន្ត្រី (Retain), ទី២. បណ្តុះបណ្តាលនិងថែរក្សាមន្ត្រី (Retrain and Retain),ទី៣. ពង្រាយមន្ត្រីឡើងវិញ (Reassign), ទី៤. កាត់បន្ថយមន្ត្រី (Retrench), និង  ទី៥. ជ្រើសរើសមន្ត្រីថ្មី (Recruit)។

ទី៤- គណៈកម្មការជំនាញនីមួយៗរបស់រដ្ឋសភា ត្រូវបន្តធ្វើការតាមដាន និងធានាឲ្យបាននូវតម្លាភាព គណនេយ្យភាព ដើម្បីបន្តការងារកែទម្រង់ទាំងបីខាងលើ ដូចដែលកម្មវិធីផ្សព្វផ្សាយរបស់រដ្ឋសភាយើងរយៈពេល១ថ្ងៃនេះបានលើកឡើង ឱ្យបានទទួលជោគជ័យគ្រប់ដំណាក់កាល ។

ទី៦- យើងត្រូវតែពន្លឿនកិច្ចការប្រព័ន្ធសភាអេឡិចត្រូនិក ដើម្បីបង្កើនប្រសិទ្ធភាពផ្នែកនីតិប្បញ្ញត្តិ និងតម្លាភាពសាធាណៈ ឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋម្ចាស់ឆ្នោត៕