សមាជិករដ្ឋសភាកម្ពុជា នាល្ងាចថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៥បានអញ្ជេីញធ្វេីដំណេីរពីអាកាសយានដ្ឋានអន្តរជាតិតេជោ ទៅចូលរួមសន្និសីទពិភពលោក លើកទី១១ សម្រាប់សមាជិកសភាវ័យក្មេង នៃសហភាពអន្តរសភា -the Eleventh IPU Global Conference of Young Parliamentarians-។
សន្និសីទនេះ នឹងប្រារព្ធធ្វើឡើងក្រោមមូលបទ “ជំនាន់រួបរួមគ្នាដើម្បីសមភាព យេនឌ័រ” (Uniting generations for gender equality) រយៈពេល៦ថ្ងៃ គឺចាប់ពីថ្ងៃទី៩ ដល់ ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៥ នៅទីក្រុង លីម៉ា សាធារណរដ្ឋប៉េរូ។
គណៈប្រតិភូរដ្ឋសភាកម្ពុជាតំណាងដោយឯកឧត្តមបណ្ឌិត សម តារា អនុប្រធានគណៈកម្មការសិទ្ធិមនុស្ស ទទួលពាក្យបណ្តឹងនិងអង្កេតនិងអធិការកិច្ចនៃរដ្ឋសភា (គណៈ កម្មការទី១)និងឯកឧត្តម រ៉ូហ្វី អូស្មាន សមាជិកគណៈកម្មការ សាធារណការ ដឹកជញ្ជូន អាកាសចរណ៍ស៊ីវិល ប្រៃសណីយ៍ ទូរគមនាគមន៍ ឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា នវានុវត្តន៍ រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ (គណៈ កម្មការទី៩) នៃរដ្ឋសភា ។
សន្និសីទ មានគោលបំណងពិភាក្សាស្វែងរកយុទ្ធសាស្ត្រនិងដំណោះស្រាយរួមគ្នា ដើម្បីពន្លឿនវឌ្ឍនភាពលើការជំរុញសមភាពយេនឌ័ររវាងបុរស និងស្ត្រី៕








