ក្នុងឱកាសចូលរួមសន្និសីទវេទិកាសភាស្តីពីប្រជាជននិងអភិវឌ្ឍន៍ (AFPPD) ថ្នាក់តំបន់ប្រចាំឆ្នាំ២០២៥ ស្តីពីការអនុវត្តកម្មវិធីសកម្មភាព ICPD និងរបៀបវារៈឆ្នាំ២០៣០ នៅទីក្រុងម៉ានីល ប្រទេសហ្វីលីពីន លោកជំទាវ ឡោក ខេង ប្រធានគណៈកម្មការសុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទា ការងារ បណ្ដុះបណ្ដាលវិជ្ជាជីវៈ និងកិច្ចការនារី នៃរដ្ឋសភា ( គណៈកម្មការទី៨ ) អនុប្រធានប្រចាំការ CAPPD និងជាអនុប្រធាន AFPPD នាល្ងាចថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៥ បានចូលរួមពិភាក្សានិងអនុម័តទៅលើថវិកាAFPPD ដែលបានអនុវត្តក្នុងឆ្នាំ២០២៥ និងផែនការសកម្មភាព AFPPD សម្រាប់ការអនុវត្តនៅឆ្នាំ២០២៦-២០២៧។
ផែនការសកម្មភាពទាំងនោះ រួមមានសកម្មភាពកម្រិតគណៈកម្មាធិការជាតិនៅតាមបណ្តាប្រទេសជាសមាជិក និងសកម្មភាពកម្រិតតំបន់ដែលសមាជិក AFPPD មានបំណងធ្វើជាម្ចាស់ផ្ទះនៅក្នុងការរៀបចំកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍នៅលើសសរស្តម្ភ ទាំង៤របស់ AFPPD ៖ សមភាពយេនឌ័រ យុវជន មនុស្សចាស់ និងការប្រែប្រួលអាកាសធាតុ ។
សូមបញ្ជាក់ថា វេទិកានេះមានការចូលរួមពីប្រទេសប្រមាណ៣០ជាសមាជិកនៃវេទិកាសភាស្តីពីប្រជាជននិងអភិវឌ្ឍន៍(AFPPD) មកពីតំបន់អាស៊ីខាងត្បូង អាស៊ីអាគ្នេយ៍ មជ្ឍិមបូព៌ា និងតំបន់អាហ្រ្វិក រួមទាំងអង្គការដៃគូនានាមួយចំនួនទៀត៕










