ឯកឧត្តម សួស យ៉ារ៉ា ប្រធានគណ:កម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ និងព័ត៌មាន នៃរដ្ឋសភា (គណៈកម្មការទី៥) និងជាអនុប្រធានគណៈកម្មការរៀបចំកិច្ចប្រជុំ AIPA Caucus លើកទី១៦ និងAIPA Roadshow នៅព្រឹកថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៥ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារ នៅវិមានរដ្ឋសភា ដើម្បីត្រៀមឆ្ពោះទៅការរៀបចំកិច្ចប្រជុំក្រុមអ្នកនយោបាយអាយប៉ា(AIPA Caucus) លើកទី១៦ និងកម្មវិធី (AIPA Roadshow) ដែលមានរបៀបវារៈចំនួន៣ ដូចជា៖
១- សេចក្តីរាយការណ៍របស់ប្រធាន និងតំណាងលេខាធិការដ្ឋានជាតិអាយប៉ា-កម្ពុជា
២- ការចូលរួមយោបល់របស់ សមាជិក សមាជិកា អង្គប្រជុំ
៣- មតិបូកសរុប និងទិសដៅការងារបន្ត ដោយប្រធានអង្គប្រជុំ ។
សូមជម្រាបផងដែរថា កិច្ចប្រជុំក្រុមអ្នកនយោបាយអាយប៉ាលើកទី១៦ (AIPA Caucus) និងកម្មវិធី(AIPA Roadshow) ដែលសភានៃព្រះរាជាណាចក្រកម្ពុជាធ្វើជាម្ចាស់ផ្ទះ នឹងប្រារព្ធធ្វើឡើងនៅខែកក្កដា ឆ្នាំ២០២៥ ខាងមុខនេះ ។
កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ សមាជិក សមាជិកា នៃគណៈប្រតិភូសភាកម្ពុជា ដែលត្រូវចូលរួមកិច្ចប្រជុំអាយប៉ាលើកទី១៦ (AIPA Caucus) និងកម្មវិធី(AIPA Roadshow) និងសមាជិកនៃលេខាធិការដ្ឋានជាតិអាយប៉ា-កម្ពុជា ព្រមទាំងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត៕
