បន្ទាប់ពីជួបសំណេះសំណាលជាមួយអាជ្ញាធរមូលដ្ឋានភូមិ ឃុំ នៃស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ រួចមក ឯកឧត្តម វង សូត អនុប្រធានទី២ រដ្ឋសភា អមដំណើរដោយឯកឧត្តម កែវ ពិសិដ្ឋ ឯកឧត្តម សន សារ៉ាណា និងលោកជំទាវ សាន្ត អារុណ តំណាងរាស្រ្តមណ្ឌលខេត្តត្បូងឃ្មុំ បានបន្តចុះពិនិត្យការដ្ឋានសាងសង់អគារសិក្សាថ្មីក្នុងវិទ្យាល័យ ហ៊ុន សែនពញាក្រែក នាព្រឹកថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៥ ស្ថិតនៅឃុំកោងកាង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ។
អគារទីចាត់ការ អគារសិក្សា និងអគារកាត់ដេរទាំងអស់ ៨ ខ្នង ក្នុងនោះជាអំណោយ ដ៏ថ្លៃថ្លាបំផុតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត រួមមាន អគារទីចាត់ការ ១ ខ្នង អគារសិក្សា ២ ខ្នងមាន ១០ បន្ទប់ និងអគារកាត់ដេរ ១ ខ្នងមាន ២បន្ទប់ កសាងឡើងក្នុងឆ្នាំ ១៩៩៦ ។ អំណោយរបស់ សម្តេចក្រឡាហោម ស ខេង និងលោកជំទាវ មានអគារសិក្សា ១ខ្នង ៥បន្ទប់ កសាងក្នុងឆ្នាំ ១៩៩០។ អំណោយរបស់ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន និងសម្តេចធម្មវិសុទ្ធវង្សា មានអគារសិក្សា ៣ ខ្នង មាន១៥បន្ទប់ កសាងក្នុងឆ្នាំ២០០៩ ។ ចំពោះអគារថ្មីដែលកំពុងសាងសង់ជាអំណោយរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ដែលបានបញ្ចុះបឋមសិលានៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៤ មានកម្ពស់៣ជាន់ មានចំនួន ១៨បន្ទប់សិក្សា សាងសង់បាន៨៥% ផ្នែកទីចាត់ការ ១ខ្នង មាន៤បន្ទប់ សាងសង់បាន៨៨% ។ ផ្នែកក្លោងទ្វារ មិនទាន់សាងសង់ និងផ្នែកបង្គន់អនាម័យ ១ខ្នង សាងសង់បាន ៩៥% ដើម្បីលើកស្ទួយគុណភាពអប់រំនិងបំពេញតម្រូវការនៃសិស្សានុសិស្ស ដែលមានការកើនឡើងជានិច្ច ។
ការចុះពិនិត្យមើលការដ្ឋានសាងសង់អគារសិក្សា ឯកឧត្តម វង សូត បានថ្លែងអំណរគុណ និងកោតសរសើរក្រុមការងារទាំងអស់ ដែលបានខិតខំប្រឹងប្រែង ពន្លឿនការសាងសង់អគារឱ្យបានឆាប់រួចរាល់ សម្រាប់ឱ្យសិស្សានុសិស្សចូលសិក្សា ដើម្បីបង្កើត និងបង្កើនធនធានមនុស្សស្របតាមយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងនីតិកាលទី៧ ។
ឯកឧត្ដម បានវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់លោកគ្រូ អ្នកគ្រូ ដែលបានខិតខំអស់ពីកម្លាំងកាយចិត្ត ក្នុងការបណ្តុះបណ្តាលធនធានមនុស្ស ប្រកបដោយក្រមសីលធ៌ម សុជីវធម៌និងមានចំណេះដឹងខ្ពស់ ដើម្បីចូលរួមចំណែកអភិវឌ្ឍន៍ប្រទេសកាន់តែរីកចម្រើនជឿនលឿនទៅមុខជាលំដាប់ ។
ក្នុងឱកាសនោះ ឯកឧត្តម វង សូត បានឧបត្ថម្ភថវិកាជូនដល់ តំណាងលោកគ្រូ អ្នកគ្រូចំនួន ១០នាក់ ក្នុងម្នាក់ៗ ថវិកា ៥ម៉ឺនរៀល សិស្សានុសិស្ស៤០នាក់ ក្នុងម្មាក់ៗថវិកា២ម៉ឺនរៀល និងកម្មករសាងសង់១២នាក់ ក្នុងម្នាក់ថវិកា៥ម៉ឺនរៀលផងដែរ ៕
