សមាជរដ្ឋសភានិងព្រឹទ្ធសភា ក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានិងជាប្រធានសមាជរដ្ឋសភានិងព្រឹទ្ធសភាបានគាំទ្រទាំងស្រុងនូវគោលនយោបាយទូទៅយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ និងកម្មវិធីគោលនយោបាយអាទិភាពរបស់រាជរដ្ឋាបាលក្នុងវិស័យកសិកម្មថា ជាគោលនយោបាយដ៏ត្រឹមត្រូវ ស្របនឹងស្ថានភាពសេដ្ឋកិច្ច និងសង្គមកម្ពុជាបច្ចុប្បន្ន និងទៅអនាគត ក្នុងរយៈពេលនីតិកាលទី៧ នៃរដ្ឋសភា។
សមាជរដ្ឋសភានិងព្រឹទ្ធសភានៅព្រឹកថ្ងៃទី៣ ខែមិថុនាឆ្នាំ២០២៥ ក្រោមការដឹកនាំរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានិងជាប្រធានសមាជរដ្ឋសភានិងព្រឹទ្ធសភា បានលើកយកប្រធានបទស្តីពីវិស័យកសិកម្ម មកប្រជុំពិភាក្សា។ នៅក្នុងនោះសមាជិកសមាជចំនួន២៣ បានឡើងមតិយោបល់ ក៏ដូចជាបានគំាទ្រលើ កម្មវិធីគោលនយោបាយអាទិភាពរបស់រាជរដ្ឋាបាលក្នុងវិស័យកសិកម្ម។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានជម្រាបជូនអង្គសមាជ ថា រាជរដ្ឋាភិបាលមានកម្មវិធីគោលនយោបាយ ២ សំខាន់ ទាក់ទងវិស័យកសិកម្ម គឺ យន្តការសម្របសម្រួលនិងកម្មវិធីហិរញ្ញប្បទាន សំដៅលើកស្ទួយផលិតកម្មរកទីផ្សារ និងរក្សាលំនឹងថ្លៃកសិផលសំខាន់ៗក្នុងកម្រិតសមរម្យ និងទី២ ការដាក់ពង្រាយមន្រ្តីកសិកម្មទៅគ្រប់ឃុំ សង្កាត់ដែលមានសកម្មភាពនៅទូទាំងប្រទេស ការរៀបចំឧ្យសហគមន៍កសិកម្មនៅតាមទីជនបទ ដើម្បីបង្កើនល្បឿនអភិវឌ្ឍន៍វិស័យកសិកម្មឧ្យក្លាយជាកម្លាំងចលករដ៏រឹងមាំនៅក្នុងការធានាសន្តិសុខស្បៀងចូលរួមទ្រទ្រង់កំណើនសេដ្ឋកិច្ច និងលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋ។
គោលនយោបាយវិស័យកសិកម្ម គឺចង់ផ្តល់ផលប្រយោជន៍ដល់ប្រជាជនកម្ពុជាគ្រប់រូបដែលរួមមានទាំងទទួលទាន និងប្រជាកសិករ អ្នកបង្កបង្កើនផល តាមរយៈអនុវត្តន៍គោលនយោបាយសាមញ្ញ ៤ ចំណុច គឺមានហួប មានប្រើ មានបាន និងមានរហូត។ ផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍វិស័យកសិកម្មឆ្នាំ២០១៩-២០២៣ និងកម្មវិធីគោលនយោបាយអាទិភាព ២ ក្នុងចំណោមកម្មវិធីគោលនយោបាយអាទិភាពទាំង ៦ របស់រាជរដ្ឋាភិបាល បានប្រកាសដាក់ឧ្យអនុវត្តន៍ជាផ្លូវការ នៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៣។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ជូនអង្គសមាជបន្ថែមថា រាជរដ្ឋាភិបាលនៅតែបន្តយកចិត្តទុកដាក់ និងផ្តល់អាទិភាពខ្ពស់ការអភិវឌ្ឍន៍វិស័យកសិកម្ម ដែលនៅតែជាវិស័យអាទិភាពនិងបន្តដើរតួនាទីសំខាន់ក្នុងការលើកស្ទួយជីវភាពប្រជាពលរដ្ឋ និងសេដ្ឋកិច្ចជាតិ បើទោះបីសេដ្ឋកិច្ចកម្ពុជាកំពុងរីកចម្រើនលើគ្រប់វិស័យក៏ដោយ ជារួមវិស័យ កសិកម្ម នឹងនៅតែជាវិស័យយុទ្ធសាស្រ្តគន្លឹះសំរាប់ធានាឧ្យបាននូវសន្តិសុខស្បៀងរបស់កម្ពុជា។
ដោយមានការគាំទ្រ និងកិច្ចសហការយ៉ាងជិតស្និទ្ធរវាងស្ថាប័នសាធារណៈ វិស័យឯកជន និងដៃគូអភិវឌ្ឍន៍ ក៏ដូចជាមានការចូលរួមយ៉ាងសកម្មពីប្រជាពលរដ្ឋ រាជរដ្ឋាភិបាលសម្រេចបានសមិទ្ធផលគួរជាទីមោទនៈតាម រយៈការអនុវត្តយ៉ាងសកម្មនូវគោលនយោបាយទូទៅ និងផែនការយុទ្ធសាស្រ្តក្នុងវិស័យកសិកម្ម ជាពិសេសយុទ្ធសាស្រ្តដែលត្រូវបានដាក់ចេញ និងអនុវត្តចាប់តាំងពីឆ្នាំ១៩៨៧ មកស្តីពីការផ្ទេរការអនុវត្តផ្ទាល់បែបបើកទូលាយ មកកាន់ការអភិវឌ្ឍបែបស៊ីជម្រៅ ព្រមទាំងយុទ្ធសាស្រ្តបញ្ចកោណ-ដំណាក់កាលទី១ និងកម្មវិធីគោលនយោបាយអាទិភាពទី៥ និងទី៦ ដែលគួរបន្តអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ថែមទៀត ដើម្បីជាឧត្តមប្រយោជន៍ជាតិ និងប្រជាជន។
តាមរបាយការណ៍របស់ជំនួយការគណៈកម្មាធិការសមាជរដ្ឋសភានិងព្រឹទ្ធសភា បានបញ្ជាក់ថា គិតត្រឹមឆ្នាំ២០២៤ វិស័យកសិកម្មបន្តចូលរួមចំណែកប្រមាណ ១៦,៧% (គិតជាតម្លៃបច្នុប្បន្ន) ក្នុងផលិតផលសរុបក្នុងស្រុក ហើយតម្លៃបន្ថែមសរុបនៃវិស័យកសិកម្ម បន្តកើនឡើងជារៀងរាល់ឆ្នាំ ប្រមាណ ៤,៩៥ពាន់លានដុល្លារ នៅឆ្នាំ២០១៥ ដល់ ២៤ ២៨២ ប្រមាណ ៦,០៧ពាន់លានដុល្លារ នៅឆ្នាំ២០២០ និងដល់ ប្រមាណ ៧,៨២ពាន់លានដុល្លារ នៅឆ្នាំ២០២៤។ ការចូលរួមចំណែករបស់អនុវិស័យនានាក្នុងវិស័យកសិកម្ម រួមមានផ្នែកដំណាំ ៦១,៣% ផ្នែកផលិតកម្មសត្វ ១៥,៤% ផ្នែកជលផល ២០% និងផ្នែកព្រៃឈើ ៣,៣%។
កម្ពុជាមានផ្ទៃដីកសិកម្ម ចំនួន ១៧លានហិកតា ដោយបានបែងចែកជាផ្ទៃដីដាំដុះដំណាំ ផ្ទៃដីព្រៃ ផ្ទៃដីចិញ្ចឹមសត្វ ព្រមទាំងដែនទឹកជាតំបន់គ្រប់គ្រងជលផលទឹកសាបនិងសមុទ្រ។ ទន្ទឹមនេះ កម្ពុជាក៏មានផ្ទៃដីស្រែវស្សាប្រមាណ ៣លានហិកតា ផ្ទៃដីស្រែប្រាំងប្រមាណ ៧០ម៉ឺនហិកតា ដែលអាងពង្រីកបានរហូតដល់ជិត ៩០ម៉ឺនហិកតា ក្នុងឆ្នាំ២០២៥។ កម្ពុជា សម្រេចបានការនាំចេញផលិតផលដាំណាំគួរឧ្យកត់សម្គាល់ប្រមាណ ១២លានតោន ទៅកាន់ ៩៥ប្រទេស នៅឆ្នាំ២០២៤ ដែលបាននាំមុខនូវរូបិយប័ណ្ណបរទេស ៥,៣ ប៊ីលលាន ដុល្លារ។ ទន្ទឹមនេះ អង្កផ្ការំដួលបានឈ្នះពានរង្វាន់អង្កល្អដាច់គេលើកទី៦ ក្នុងការប្រកួតប្រជែងនៅប្រទេសហ្វីលីពីន និងពានមាសអង្កក្រអួបពីប្រទេសចិនដែលមានមោទនភាពសំរាប់កម្ពុជា។
ដោយមើលឃើញពីតួនាទីដ៏សំខាន់របស់វិស័យកសិកម្ម សមាជរដ្ឋសភានិងព្រឹទ្ធសភា បានគាំទ្រទាំងស្រុងនូវផែនការយុទ្ធសាស្ត្រ ផែនការសកម្មភាព និងវិធានការទាំងឡាយដែលបានអនុវត្តកន្លងមកថាស្របនឹងគោលនយោបាយទូទៅ យុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ និងកម្មវិធីគោលនយោបាយអាទិភាពរបស់រាជរដ្ឋាភិបាលក្នុងវិស័យកសិកម្ម ដែលបានដាក់ចេញ ហើយដែលបម្រើដល់ផលប្រយោជន៍ជាក់ស្តែងរបស់ប្រជាពលរដ្ឋកម្ពុជាទាំងមូល រួមទាំងប្រជាកសិករ និងអ្នកផលិតកែច្នៃ ដោយគិតគូរដល់និរន្តរភាពសេដ្ឋកិច្ចនិង
បរិស្ថាន៕
