ឯកឧត្តម សុន សុខហេង ទីប្រឹក្សាសម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា និងជាអគ្គនាយករងរដ្ឋបាល និងហិរញ្ញវត្ថុ នៅព្រឹកថ្ងៃចន្ទ ១៣កើត ខែមាឃ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៥ បានដឹកនាំសហការីនៃអគ្គលេខាធិការដ្ឋានរដ្ឋសភា អញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធសព ឯកឧត្ដម ហុក ប៉េងសែ អគ្គនាយករង នៃអគ្គនាយកដ្ឋាន ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលបានទទួលមរណភាព កាលពីថ្ងៃសុក្រ ១០កើត ខែមាឃ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៥ ក្នុងជន្មាយុ ៥៤ឆ្នាំ ដោយរោគាពាធ។
ពិធីបុណ្យនេះបានប្រារព្ធធ្វើឡើងនៅគេហដ្ឋាននៃសព ស្តិតនៅបុរីអរគីដេ ផ្ទះលេខ៥៤ ផ្លូវឈូករ័ត្ន សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។
ក្នុងវេលាប្រកបដោយសមានទុក្ខដ៏ក្រៀមក្រំនេះ ឯកឧត្តម បានសំដែងនូវការសោកស្តាយ ស្រណោះអាឡោះអាល័យ និងសូមចូលរួមរំលែកនូវមរណទុក្ខជាមួយ លោកជំទាវ ម៉ម វណ្ណរតន៍ ព្រមទាំងក្រុមគ្រួសារនៃសព និងសូមឧទ្ទិសបុណ្យកុសលជូនដល់សពឯកឧត្តម ហុក ប៉េងសែ ព្រមទាំងបួងសួងសូមឱ្យវិញ្ញាណក្ខន្ធរបស់ឯកឧត្តម បានទៅចាប់បដិសន្ធិ និងសោយសុខ ក្នុងទីឋានសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕








