លោកជំទាវ ឡោក ខេង ប្រធានគណ:កម្មការសុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទា ការងារ បណ្តុះបណ្តាលវិជ្ជាជីវៈ និងកិច្ចការនារី នៃរដ្ឋសភា (គណៈកម្មការទី៨ ) និងឯកឧត្តម លោកជំទាវជាសមាជិក សមាជិកាគណ:កម្មការ បានអញ្ជើញជួបពិភាក្សាការងារជាមួយលោក Liuse Vinal Torres នាយកអង្គការសុខភាពពិភពលោកប្រចាំតំបន់(WHO) រួមនិងDr.Marianna តំណាងអង្គការសុខភាពពិភពលោកប្រចាំកម្ពុជា នៅរសៀលថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៥ នៅវិមានរដ្ឋសភា។
កិច្ចពិភាក្សាការងារនេះ បានផ្ដោតទាក់ទងនឹងគម្រោងគាំទ្ររបស់អង្គការសុខភាពពិភពលោក ចំពោះផែនការសកម្មភាពរបស់គណៈកម្មការទី៨ ក៏ដូចសភាកម្ពុជា នៅក្នុងការរៀបចំវេទិកាសភា ដោយផ្តោតសំខាន់លើការផ្សព្វផ្សាយអំពីបញ្ហាសុខភាពសាធារណៈ ជាពិសេសយន្តការទប់ស្កាត់ជំងឺមិនឆ្លង នៅក្នុងប្រទេសកម្ពុជា។
លោកជំទាវប្រធានគណៈកម្មការ បានថ្លែងអំណរគុណដ៏ជ្រាលជ្រៅចំពោះអង្គការសុខភាពពិភពលោក ដែលបានចូលរួមយ៉ាងសកម្មក្នុងការគាំទ្រទាំងថវិកា និងបច្ចេកទេស ដល់សភាកម្ពុជា ក្នុងការរៀបចំសិក្ខាសាលា ឬវេទិកាសភា ដើម្បីផ្សព្វផ្សាយអំពីបញ្ហាសុខភាពសាធារណៈ ហើយជាពិសេស ហានិភ័យនានា ដែលបណ្តាលមកពីជំងឺមិនឆ្លង នៅក្នុងប្រទេសកម្ពុជា ព្រមទាំងបានអញ្ជើញសភាកម្ពុជា ឱ្យទៅចូលរួមកិច្ចប្រជុំដកពិសោធន៍ នៅតាមបណ្តាលប្រទេសនៅក្នុងតំបន់ និងសកលលោក កាលពីពេលកន្លងមកផងដែរ។
លោកជំទាវ ឡោក ខេង បានបញ្ជាក់ជូនតំណាងអង្គការសុខភាពពិភពលោកបន្ថែមទៀតថា នៅចំពោះមុខនេះ តាមការជួបជជែកគ្នាក្រៅផ្លូវការ ជាមួយលោកនាយកអង្គការសុខភាពពិភពលោកប្រចាំតំបន់ សភាកម្ពុជា មានផែនការសកម្មភាពក្នុងការរៀបចំកិច្ចប្រជុំធំៗចំនួនពីរ គឺការរៀបចំធ្វើជាម្ចាស់ផ្ទះ នៃវេទិកាសភាអាស៊ីប៉ាស៊ីហ្វិក ស្តីពីសុខភាពសកល (APPF GH) នៅខែសីហា ឆ្នាំ២០២៦ ទទ្ទឹមនឹងនោះ មុននឹងរៀបចំ APPF GH គណៈកម្មការទី៨ នឹងរៀបចំសិក្ខាសាលាផ្សព្វផ្សាយថ្នាក់ជាតិមួយ ស្តីពីកម្លាំងពលកម្មសុខាភិបាល និងការបង្ការជំងឺមិនឆ្លង ដែលកំណត់យកចុងខែមីនា ឆ្នាំ២០២៥ ដោយមានការអញ្ជើញចូលរួមពីថ្នាក់ជាតិ (ក្រោមការជួយឧបត្ថម្ភគាំទ្រពី PCAsia) និងស្នើសុំការគាំទ្រទាំងបច្ចេកទេស និងថវិកា ពីអង្គការសុខភាពពិភពលោក ចំពោះការអញ្ជើញភាគីពាក់ព័ន្ធពីថ្នាក់ក្រោមជាតិមកចូលរួម និងសូមគោរពអញ្ជើញនាយកអង្គការ WHO នៅទីស្នាក់ការកណ្តាល ចូលរួមបើកសិក្ខាសាលាថ្នាក់ជាតិនេះផងដែរ ។
ជាការឆ្លើយតប តំណាងអង្គការសុខភាពពិភពលោក បានជម្រាបជូនគណៈកម្មការរដ្ឋសភាថា ដោយថ្មីៗនេះ រដ្ឋាភិបាលរបស់សហរដ្ឋអាមេរិក បានកាត់បន្ថយជំនួយ ក្នុងនោះសម្រាប់ WHO គឺកាត់បន្ថយ ២០-២៥% ហើយថវិកានៅសល់ គឺត្រូវបានបង្កក និងរង់ចាំការណែនាំថ្មី ។ ប៉ុន្តែសម្រាប់គម្រោង APPF GH ដែលសភាកម្ពុជា ធ្វើជាម្ចាស់ផ្ទះ នាឆ្នាំ២០២៦ខាងមុខ ខាងWHO នឹងជួយគាំទ្រលើការអញ្ជើញចូលរួមពីបណ្តាប្រទេសក្នុងតំបន់ និងសកលលោក ក្នុងនោះរួមមាន សំបុត្រយន្តហោះ ការស្នាក់នៅ និងហូបចុក ហើយនឹងរៀបចំពិធីបាយល្ងាចដើម្បីលាគ្នាមួយពេល។ ចំណែកសភាកម្ពុជា ជួយលើការធ្វើលិខិតអញ្ជើញ បដិសណ្ឋារកិច្ច ការដឹកជញ្ជូនក្នុងស្រុក រៀបចំសាលប្រជុំ និងការទទួលស្វាគមន៍អាហារពេលល្ងាចមួយពេល។
ចំពោះសិក្ខាសាលាថ្នាក់ជាតិ ខាងអង្គការសុខភាពពិភពលោក នឹងខិតខំប្រឹងប្រែងរកវិធីសាស្រ្តក្នុងការចូលរួមជួយគាំទ្រ តើអាចចូលរួមជួយតាមវិធីណា លើចំណុចអ្វីខ្លះ ហើយនឹងផ្តល់ព័ត៌មានជូននៅក្នុងរយៈពេល២ ទៅ៣ថ្ងៃខាងមុខ រួមជាមួយនឹងការស្នើសុំអញ្ជើញលោកនាយកទីស្នាក់ការកណ្តាល WHO ផងដែរ។














