Home » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » គណៈកម្មការទី៩ រដ្ឋសភា ស្វែងយល់ពីភាពរីកចម្រើន ប្រសិទ្ធភាពការងារ និងបញ្ហាប្រឈមរបស់ខេត្តកំពត
គណៈកម្មការទី៩ រដ្ឋសភា ស្វែងយល់ពីភាពរីកចម្រើន ប្រសិទ្ធភាពការងារ និងបញ្ហាប្រឈមរបស់ខេត្តកំពត
Prepaired By: NA002 ​ Date: (1/29/2025 2:32:28 PM )

គណៈកម្មការសាធារណការ ដឹកជញ្ជូន អាកាសចរណ៍ស៊ីវិល ប្រៃសណីយ៍ទូរគមនាគមន៍ ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំដែនដី នគរូបនីយកម្មនិងសំណង់ (គណៈកម្មការទី៩) នៃរដ្ឋសភា ដឹកនាំដោយលោកជំទាវ និន សាផុន ប្រធានគណៈកម្មការ នៅព្រឹកថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៥ បានអញ្ជើញចុះសិក្សាស្វែងយល់អំពីវឌ្ឍនភាព បញ្ហាប្រឈម និងសុខទុក្ខរបស់ប្រជាពលរដ្ឋ នៅក្នុងខេត្តកំពត។

ក្នុងជំនួបពិភាក្សាការងារជាមួយឯកឧត្តម តាក ហាប់  ប្រធានក្រុមប្រឹក្សាខេត្ត  និងឯកឧត្តម ខៀវ រិទ្ធិភ័ណ្ឌ អភិបាលរងនៃគណៈអភិបាលខេត្តកំពតនៅសាលាខេត្តកំពត លោកជំទាវ និន សាផុន បានមានប្រសាសន៍ថា ការចុះបំពេញបេសកកម្មនៅខេត្តកំពតនាពេលនេះ ក្នុងគោលបំណងដើម្បីឈ្វេងយល់ពីប្រសិទ្ធភាពនៃការអនុវត្តច្បាប់ ការអនុវត្តកម្មវិធីនយោបាយនិងយុទ្ធសាស្ត្របញ្ចកោណ របស់រដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ព្រមទាំងបញ្ហាប្រឈមនានាក្នុងវង្វង់វិស័យការងារទាំង៧ ដែលពាក់ព័ន្ធនឹងសមត្ថកិច្ចគណ:កម្មការទី៩ នៃរដ្ឋសភា។
ក្នុងឱកាសនោះ ឯកឧត្តមអភិបាលរង  ខៀវ រិទ្ធិភ័ណ្ឌ បានជម្រាបជូនគណៈកម្មការទី៩ អំពីស្ថានភាពភូមិសាស្ត្រទូទៅរបស់ខេត្ត សភាពការណ៍សន្តិសុខ សណ្តាប់ធ្នាប់ ការកសាងហេដ្ឋារចនាសម្ព័ន្ធ ដែលធ្វើឱ្យមានការរីកចម្រើនលើគ្រប់វិស័យ និងលទ្ធផល ដែលសម្រេចបាននៅក្នុងខេត្ត។ ដោយឡែកតាមរបាយការណ៍មន្ទីរពាក់ព័ន្ធ បានឱ្យដឹងថា ទាក់ទងនឹងវិស័យសាធារណការនិងដឹកជញ្ជូន  មន្ទីរ បានធ្វើការថែទាំជាប្រចាំនៅតាមផ្លូវជាតិ ផ្លូវខេត្ត កម្រាលកៅស៊ូចំនួន៧ខ្សែប្រវែង១០៧.៤៥គីឡូម៉ែត្រ។ គម្រោងមូលនិធិខេត្តឆ្នាំ២០២៤សរុបចំនួន២គម្រោង(គម្រោងជួសជុលពង្រីក និងលើកកម្ពស់ផ្លូវបេតុងសសៃដែកប្រវែង១.១១២ម៉ែត្រ សាងសង់លូចំនួន៤កន្លែង និងគម្រោងស្ថាបនាសំណង់លូកាត់ទទឹងចំនួន៥កន្លែង)។
ចំពោះវិស័យឧស្សាហកម្ម សិប្បកម្ម ឯកឧត្តមអភិបាលរង  បានលើកឡើងថា ខេត្តមានឧស្សាហកម្មធុនធំ សហគ្រាសធុនតូច មធ្យម និងសិប្បកម្មចំនួនសរុប២.៧០០មូលដ្ឋាន មានច្បាប់ដំណើរការចំនួន២៦៨មូលដ្ឋាន មានពលកម្មសរុប១៩.៦៤៩នាក់ស្រី១១.៧៩១នាក់ ក្នុងនោះឧស្សាហកម្មធុនធំចំនួន២៣មូលដ្ឋាន និងសិប្បកម្មសរុប២.៦២៤មូលដ្ឋាន។ដោយឡែកសុរិយោដីខេត្តកំពត បានរៀបចំឱ្យមានក្រុមចុះបញ្ជីដីធ្លីលក្ខណៈជាប្រព័ន្ធ៥ក្រុម ដើម្បីពន្លឿនដំណើរការបានឆាប់ចប់។ទន្ទឹមនឹងនោះវិស័យពាណិជ្ជកម្ម ខេត្តមានផ្សាររដ្ឋចំនួន១៣ ផ្សារឯកជនចំនួន៩ ផ្សាររាត្រីចំនួន២ ផ្សារក្រមួនចំនួន៣០ ម៉ាតចំនួន២១ និងម៊ីនីម៉ាតចំនួន១៨។ ការទំនាក់ទំនងពាណិជ្ជកម្មតាមព្រំដែន ខេត្តបាននាំផលិតផលដូចជា ស្វាយកែវរមៀត ស្រូវ ទុរេន ផលិតផលសមុទ្រគិតជាទឹកប្រាក់សរុប ៣១.៣៧៨.៩០០ដុល្លាអាមេរិក។ទន្ទឹមនឹងការរីកចម្រើន ខេត្តកំពតមានបញ្ហាប្រឈមមួយចំនួន ក្នុងនោះដូចជាខ្វះធនធានមនុស្សផ្នែកបច្ចេកទេសជាដើម។
លោកជំទាវ និន សាផុន បានថ្លែងអំណរគុណនិងវាយតម្លៃខ្ពស់ជូនឯកឧត្តមក្រុមប្រឹក្សាខេត្ត និងគណៈអភិបាលខេត្ត ក៏ដូចជាមន្ទីរពាក់ព័ន្ធដែលបានខិតខំយកចិត្តទុកដាក់ខ្ពស់ក្នុងការបំពេញភារកិច្ចដើម្បីរួមចំណែកកសាងសេដ្ឋកិច្ចជាតិឱ្យបានរីកចម្រើនលូតលាស់ជាលំដាប់ ក្នុងការឈានឆ្ពោះទៅកាន់ប្រទេសមានចំណូលមធ្យមក្រិតខ្ពស់នៅឆ្នាំ២០៣០និងប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។ 
ឆ្លៀតឱកាសនោះលោកជំទាវប្រធានគណៈកម្មការបានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខ របស់សម្តេចមហារដ្ឋសភាធិការធិបតី    ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា ជូនថ្នាក់ដឹកនាំព្រមទាំងប្រជាពលរដ្ឋទូទាំងខេត្ត ផងដែរ។ 
លោកជំទាវ ប្រធានគណៈកម្មការជំនាញរដ្ឋសភា បានលើកទឹកចិត្តដល់ថ្នាក់ដឹកនាំ និងអាជ្ញាធរខេត្តទំាងអស់ សូមអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ដើម្បីកំណើនការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព ជូនប្រជាពលរដ្ឋ។ 
ចំពោះសំណូមពរ និងបញ្ហាប្រឈមនានា ដែលមន្ទីរជំនាញលើកឡើង គណៈកម្មការ នឹងធ្វើរបាយការណ៍ជម្រាបជូនសម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា និងគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា ក្នុងការបន្តនីតិវិធី ដោះស្រាយជូន៕