លោកជំទាវ អ៊ុន សុគន្ធា តំណាងរាស្រ្តមណ្ឌលខេត្តកំពត និងជាលេខាធិការគណៈកម្មការមហាផ្ទៃ ការពារជាតិ មុខងារសាធារណៈ និងកិច្ចការព្រំដែន នៃរដ្ឋសភា បានអញ្ជើញចូលរួមក្នុងពិធីបើកវេទិកាស្តីពី «ពង្រឹងសមត្ថភាពដឹកនាំ ក្រុមប្រឹក្សាឃុំ សង្កាត់ជាស្ត្រី និងសហគ្រិនស្ត្រី រួមទាំងវិស័យឌីជីថល» ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា អនុប្រធានទី២ព្រឹទ្ធសភា នៅសណ្ឋាគារ ខាសល បេវិយូ (Castle Bayview Resort) នៅក្រុងកំពត ខេត្តកំពត នាព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៥។
វេទិកានេះប្រព្រឹត្តទៅក្រោមការសហការរៀបចំដោយក្រុមសមាជិកាព្រឹទ្ធសភា និងរដ្ឋបាលខេត្តកំពត មានរយៈពេល២ថ្ងៃ ពីថ្ងៃទី១៥-១៦ ខែមករា ឆ្នាំ២០២៥ ដោយមានការចូលរួមពីសមាជិក សមាជិកាព្រឹទ្ធសភា រដ្ឋសភា ប្រធានក្រុមប្រឹក្សាខេត្ត អភិបាល អភិបាលរងខេត្តកំពតជាស្ត្រី ប្រធានមន្ទីរកិច្ចការនារីខេត្ត សមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ជាស្ត្រី ដែលមកពីខេត្តកំពត ខេត្តកែប និងខេត្តតាកែវ ព្រមទាំងសហគ្រិន និងអាជីវករស្ត្រី សរុបប្រមាណចំនួន ១៩៥នាក់៕








