Home » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អនុញ្ញាតឱ្យ ឯកឧត្តម kanat TUMYSH ចូលជួបសំដែងការគួរសម និងពិភាក្សាការងារ
ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អនុញ្ញាតឱ្យ ឯកឧត្តម kanat TUMYSH ចូលជួបសំដែងការគួរសម និងពិភាក្សាការងារ
Prepaired By: NA002 ​ Date: (10/30/2024 12:20:47 AM )

ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អនុប្រធានទី១ រដ្ឋសភា នៅព្រឹកថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៤ បានអនុញ្ញាតឱ្យ ឯកឧត្តម ណាត់ ទូមីសហ្ស (kanat TUMYSH)ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋកាហ្សាក់ស្ថានប្រចាំនៅកម្ពុជា ចូលជួប សំដែងការគួរសម និងពិភាក្សាការងារ នៅវិមានរដ្ឋសភា។

នៅក្នុងឱកាសនោះ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប មានប្រសាសន៍ថា រដ្ឋសភាកម្ពុជានឹងរៀបចំកិច្ចប្រជុំពេញអង្គ នៃសភា អន្តរជាតិ ដើម្បីភាពអត់ឱន និងសន្តិភាព (IPTP) លើកទី១១ ចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៤ ដោយនឹងមានការអនុម័ត លើធម្មនុញ្ញសន្តិភាព ដែលត្រូវបានបង្កើតឡើង ដើម្បីពង្រឹងនូវសាមគ្គីភាព និងភាពជាដៃគូជាសកល ដើម្បីសន្តិភាព សុខដុមរមនា សេចក្តីថ្លៃថ្នូរ និងភាពរុងរឿងសម្រាប់មនុស្សជាតិ ។

ឯកឧត្តមអនុប្រធានទី១ រដ្ឋសភា បានមានប្រសាសន៍បន្តថា សភាកម្ពុជាបាន និងកំពុងបន្តពង្រឹងពង្រីកទំនាក់ទំនងការទូតសភា តាមរយៈ សកម្មភាពចូលរួម និងទទួលរៀបចំធ្វើជាម្ចាស់ផ្ទះ នៃវេទិកាសភាអន្តរជាតិនានា សំដៅរួមចំណែកលើកកម្ពស់ ការថែរក្សាសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍនៅក្នុងតំបន់ និងសកលលោក ។

ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប ក៏បានសូមអញ្ជើញថ្នាក់ដឹកនាំ សភាកាហ្សាក់ស្ថាន ឬតំណាង ព្រមទាំងទូតប្រចាំកម្ពុជា ចូលរួមក្នុងសម័យប្រជុំដ៏មានសារៈសំខាន់នេះ និងស្នើសុំសភាកាហ្សាក់ស្ថាន គាំទ្រលើធម្មនុញ្ញសន្តិភាពនេះ ដើម្បីសន្តិភាព និងវិបុលភាព នៃប្រជាជាតិក្នុងតំបន់ និងពិភពលោក ។

ជាមួយនេះ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត បានថ្លែងអបអរជើងហោះហើរត្រង់ពីកាហ្សាក់ស្ថាន មកកាន់ខេត្តព្រះសីហនុ ដោយក្នុងរយៈពេល ៤ថ្ងៃកន្លងទៅ គឺចាប់ពីថ្ងៃទី២៥ ដល់២៩ ខែតុលា ឆ្នាំ២០២៤ កម្ពុជាបានទទួលភ្ញៀវទេសចរកាហ្សាក់ស្ថានចំនួន ១៥០នាក់ ក្នុងមួយថ្ងៃ និងបន្តទៅខែវិច្ឆិកា ឆ្នាំ២០២៤ខាងមុខ នឹងមានការហោះហើរត្រង់យ៉ាងតិច ៣ជើង ក្នុង១សប្តាហ៍ ដែលនេះ ជាដំណឹងដ៏រីករាយ និងជាសញ្ញាដ៏ប្រសើរបំផុតចំពោះចំណងមិត្តភាព នៃប្រទេសយើងទាំងពីរ ។

ដោយសារទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរ នៅមានកំរិតនោះ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប បានស្នើទៅកាន់កាហ្សាក់ស្ថាន តាមរយៈអង្គទូតប្រចាំកម្ពុជា បន្តជួយទាក់ទាញអ្នកវិនិយោគកាហ្សាក់ស្ថាន មកសិក្សាលើការនាំយកផលិផលពីកម្ពុជា មានអង្ករ និងស្វាយចន្ទីរជាដើម ទៅកាន់ ទីផ្សារកាហ្សាក់ស្ថាន ក៏ដូចជាតំបន់អាស៊ីកណ្តាលផងដែរ ។

ក្នុងឱកាសនោះ ឯកឧត្តមអគ្គរដ្ឋទូត បានវាយតម្លៃខ្ពស់ ចំពោះទំនាក់ទំនង កិច្ចសហប្រតិបត្តិការ ទូតរវាងកម្ពុជា-កាហ្សាក់ស្ថាន ក្នុងរយៈពេល៣០ឆ្នាំកន្លងទៅនេះ ដោយមានការទុកចិត្តគ្នា ការគាំទ្រ និងការផ្តល់ផលប្រយោជន៍ដល់គ្នាទៅវិញទៅមក។ កាហ្សាក់ស្ថាន តែងតែចាត់ទុកកម្ពុជា ជាដៃគូដ៏ល្អប្រសើរមួយ នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ។ ឯកឧត្តមឯកអគ្គរដ្ឋទូត បានបញ្ជាក់ថា កន្លងមក ប្រទេសយើងទាំងពីរតែងគាំទ្រគ្នា ក្នុងកម្រិតអង្គការអន្តរជាតិដូចជា អង្គការសហប្រជាជាតិ សន្និសីទស្តីពីអន្តរកម្ម និងវិធានការ កសាងទំនុកចិត្តអាស៊ី (Conference on Interaction and Confidence Building Measures in Asia ) វេទិកាអាស៊ីអឺរ៉ុប និងសមាគមអាស៊ាន ផងដែរ។ ឯកឧត្តមឯកអគ្គរដ្ឋទូត បានបន្តទៀតថា កាហ្សាក់ស្ថាន នឹងពង្រីកទំនាក់ទំនងជាមួយប្រទេសកម្ពុជា ដែលជាដៃគូដ៏ល្អ និងជាមួយបណ្តាប្រទេសអាស៊ីអាគ្នេយ៍ដទៃទៀត លើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម ការវិនិយោគ ទំនាក់ទំនងនយោបាយ និងវប្បធម៌ជាដើម ដែលប្រទេសកាហ្សាក់ស្ថាន មានសក្តានុពលក្នុងវិស័យកសិកម្ម រ៉ែ ថាមពល និងហេដ្ឋរចនាសម្ព័ន្ធដឹកជញ្ចូន។

ឯកឧត្តម ក៏បានលើកឡើងអំពីការតភ្ជាប់ផ្លូវរថភ្លើងល្បឿនលឿនរបស់កម្ពុជា និងបណ្តាប្រទេសអាស៊ាន ជាមួយផ្លូវសូត្រចិន និងច្រក របៀង ដែលអាចឱ្យកម្ពុជាដឹកជញ្ជូនទំនិញទៅអឺរ៉ុប ដោយប្រើរយៈពេលត្រឹម ១៥ថ្ងៃ បើធៀបទៅនឹង ការដឹកតាមសមុទ្រ ដែលត្រូវ ប្រើរយៈពេល ២ ខែ។

ទាក់ទងនឹងវិស័យទេសចរណ៍ កាហ្សាក់ស្ថាន នឹងមានការតភ្ជាប់ផ្លូវអាកាស ដោយការហោះហើរត្រង់ពីកាហ្សាក់ស្ថាន មកព្រលាន យន្តហោះនៅភ្នំពេញ សៀមរាប និងខេត្តព្រះសីហនុ។ ឯកឧត្តមឯកអគ្គរដ្ឋទូត ក៏បានស្នើឱ្យមានកិច្ចព្រមព្រៀងលើកលែងទិដ្ឋាការ រវាង ប្រទេសទាំងពីរ សម្រាប់អ្នកកាន់លិខិតឆ្លងដែនផ្លូវការ និងការទូតផងដែរ។