Home » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » គណៈកម្មការទី៨ នៃរដ្ឋសភា អញ្ជើញចុះស្វែងយល់វិស័យការងារនៅខេត្តស្ទឹងត្រែង
គណៈកម្មការទី៨ នៃរដ្ឋសភា អញ្ជើញចុះស្វែងយល់វិស័យការងារនៅខេត្តស្ទឹងត្រែង
Prepaired By: NA002 ​ Date: (10/17/2024 11:30:46 PM )

គណៈប្រតិភូគណៈកម្មការសុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ការងារ បណ្តុះបណ្តាលវិជ្ជាជីវៈ និងកិច្ចការនារីនៃរដ្ឋសភា (គណៈកម្មការទី៨) ដឹកនាំដោយឯកឧត្តមបណ្ឌិត ឈុន ស៊ីរុន លេខាធិការគណៈកម្មការ នៅព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៤  បានជួបប្រជុំពិភាក្សាការងារជាមួយឯកឧត្តម សរ សុពុត្រា អភិបាលនៃគណៈអភិបាលខេត្តស្ទឹងត្រែង ដើម្បីស្វែងយល់ពីការអនុវត្តច្បាប់ និងគោលនយោបាយនានារបស់រាជរដ្ឋាភិបាលពាក់ព័ន្ធនឹងវិស័យទាំង៤ ដែលគណៈកម្មការទទួលបន្ទុក នៅសាលប្រជុំសាលាខេត្តស្ទឹងត្រែង។  

ឯកឧត្តមបណ្ឌិត ឈុន ស៊ីរុន បានជម្រាបជូនរដ្ឋបាលខេត្តពីគោលបំណងនៃបេសកកម្មរបស់គណៈកម្មការមកកាន់ខេត្តស្ទឹងត្រែង គឺផ្ដោតលើការងារតាមដានការអនុវត្តច្បាប់ ក៏ដូចជាការអនុវត្តការងាររបស់រដ្ឋបាលខេត្ត លើវិស័យដែលពាក់ព័ន្ធនឹងការទទួលខុសត្រូវរបស់គណៈកម្មការ និងដើម្បីរួមចំណែកជួយជំរុញលើកកម្ពស់ការអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាលអាណត្តិទី៧នៃរដ្ឋសភា ឱ្យស្របតាមយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលដែលផ្តោតសំខាន់ទៅលើ កំណើនការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព ដើម្បីកសាងមូលដ្ឋានគ្រឹះឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជាក្នុងឆ្នាំ២០៣០ និងឆ្នាំ២០៥០។

ទន្ទឹមនេះ ឯកឧត្តម សរ សុពុត្រា អភិបាលនៃគណៈអភិបាលខេត្តស្ទឹងត្រែង បានមានប្រសាសន៍ជម្រាបជូនគណៈកម្មការរដ្ឋសភាថា អាជ្ញាធរខេត្តបានខិតខំប្រឹងប្រែងអភិវឌ្ឍលើគ្រប់វិស័យទាំងអស់នៅក្នុងខេត្ត។ ទាក់ទងនឹងវិស័យទាំង៤ ដែលគណៈកម្មការទទួលបន្ទុកដូចជា៖
- វិស័យសុខាភិបាល រដ្ឋបាលខេត្តបានពង្រឹងសមត្ថភាពបុគ្គលិកពេទ្យតាមមណ្ឌលសុខភាព និងមន្ទីរពេទ្យឱ្យមានជំនាញកាន់តែប្រសើរ និងបានចូលរួមក្នុងការផ្សព្វផ្សាយ ព្រមទាំង លើកប៉ាណូ ដើម្បីអប់រំប្រជាពលរដ្ឋ ពីបញ្ហាគ្រោះថ្នាក់នៃជំងឺមិនឆ្លងតាមទីប្រជុំជន មណ្ឌលសុខភាព និងមន្ទីរពេទ្យបង្អែកជាដើម។
-វិស័យសង្គមកិច្ច រដ្ឋបាលខេត្តបានបើកប្រាក់គោលនយោបាយជូនជនពិការក្រីក្រ នៅតាមសហគមន៍ និងបានចែកស្បៀងជូនប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះ នៅតាមសហគមន៍ ព្រមទាំងជួយឱ្យមជ្ឈមណ្ឌលមនុស្សចាស់មានដំណើរការជាបន្តបន្ទាប់។
-វិស័យការងារ ខេត្តបានជំរុញឱ្យយុវជនចុះឈ្មោះចូលរៀនជំនាញ នៅសាលាពហុបច្ចេកទេស ព្រមទាំងផ្សព្វផ្សាយពីសារៈប្រយោជន៍ដល់សហគមន៍ អំពីបេឡាជាតិរបបសន្តិសុខសង្គម អត្ថប្រយោជន៍ការប្រើប្រាស់បណ្ណ ប.ស.ស ដល់កម្មករ កម្មការិនី និងបុគ្គលស្វ័យនិយោជផងដែរ។
-វិស័យកិច្ចការនារី ខេត្តក៏បានពង្រឹងការលើកកម្ពស់សមត្ថភាពស្រ្តី តាមរយៈការបង្កើតឱកាសឱ្យស្ត្រីក្រីក្រ ស្ត្រីមេម៉ាយគ្មានទីពឹង និងក្មេងស្រីបោះបង់ការសិក្សា បានចូលរៀនវគ្គបណ្តុះបណ្តាលវិជ្ជាជីវៈជាច្រើនផ្នែកបន្ថែមទៀត ដើម្បីឱ្យមានជំនាញសម្រាប់បំពេញការងារ ឱ្យទទួលបានប្រាក់ខែច្រើន ហើយឯកឧត្តម សរ សុពុត្រា ក៏បានលើកឡើងពីបញ្ហាប្រឈមជាច្រើន ដែលខេត្តបានជួបប្រទះដូចជា នៅតាមមន្ទីរនីមួយៗ មានមន្ត្រីបម្រើការមិនគ្រប់គ្រាន់ ។ សមត្ថភាពមន្ត្រីតាមជំនាញនីមួយៗនៅមានកម្រិត ខ្វះគ្រឿងបរិក្ខា និងសម្ភារៈផ្សេងៗ ព្រមទាំងជួបផលវិបាកខ្លះៗ ក្នុងការព្យាយាមជួយបងប្អូនជនជាតិភាគតិចឱ្យបានយល់ដឹងពីវេជ្ជសាស្ត្រ និងបញ្ហាផ្សេងៗ ដែលពួកគាត់ជួបប្រទះជាដើម។

ក្នុងឱកាសនោះដែរ ឯកឧត្តមបណ្ឌិត ឈុន ស៊ីរុន បានស្នើសុំឱ្យអាជ្ញាធរខេត្ត លើកទឹកចិត្តដល់គណៈទ្រទ្រង់សុខភាពភូមិឱ្យខិតខំផ្សព្វផ្សាយពីសេវាបង្ការជំងឺមិនឆ្លង ជូនប្រជាពលរដ្ឋឱ្យបានទូលំទូលាយ ដើម្បីឱ្យពួកគាត់បានយល់ដឹងពីការថែទាំសុខភាព ដោយធ្វើលំហាត់ប្រាណជាប្រចាំ និងទទួលទានម្ហូបអាហារដែលមានជាតិស្ករតិច អំបិលតិច ខ្លាញ់តិច និងបង្កើតវីដេអូអប់រំខ្លីៗទាក់ទងនឹងជំងឺមិនឆ្លង សម្រាប់ចាក់ផ្សាយតាមមណ្ឌលសុខភាព និងមន្ទីរពេទ្យបង្អែកខេត្ត។ ឯកឧត្តមបណ្ឌិត បានស្នើឱ្យមន្ទីរកិច្ចការនារី និងមន្ទីរការងារចូលរួមសហការគ្នា ចុះផ្សព្វផ្សាយទៅដល់ផ្ទះប្រជាពលរដ្ឋ ពិសេសបងប្អូនជនជាតិភាគតិចនៅតាមភូមិឃុំឱ្យមកចូលរៀននៅសាលាបណ្ដុះបណ្ដាល ពហុបច្ចេកទេសខេត្តឱ្យបានច្រើន ដើម្បីអភិវឌ្ឍន៍ខ្លួនទៅជាកម្មករជំនាញ សម្រាប់បំពេញការងារទទួលបានប្រាក់ខែខ្ពស់។ ក្នុងឱកាសនោះដែរ ឯកឧត្តមបណ្ឌិត បានកោតសរសើរដល់អាជ្ញាធរខេត្ត ដែលបានដកផ្លាកផ្សព្វផ្សាយគ្រឿងស្រវឹង និងភេសជ្ជៈផ្អែមនៅតាមដងផ្លូវនៅក្នុងខេត្តផងដែរ៕