សេចក្តីជូនដំណឹង ស្តីពី សភានៃព្រះរាជាណាចក្រកម្ពុជា នឹងធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំក្រុមអ្នកនយោបាយអាយប៉ា លើកទី១៦ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៥ នៅរាជធានីភ្នំពេញ__ សេចក្តីជូនដំណឹង រដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា នឹងធ្វើសន្និសីទសារព័ត៌មានអំពីលទ្ធផល នៃសម័យប្រជុំរដ្ឋសភាលើកទី៤ នីតិកាលទី៧ នៅថ្ងៃសុក្រ ទី១១ ខែកក្កដា ឆ្នាំ២០២៥__ សេចក្តីជូនដំណឹង រដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា នឹងបន្តសម័យប្រជុំរដ្ឋសភាលើកទី៤ នីតិកាលទី៧ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា__ សេចក្តីប្រកាសព័ត៌មាន ស្តីពី លទ្ធផលកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា ថ្ងៃអង្គារ ទី៨ ខែកក្កដា ឆ្នាំ២០២៥__ សេចក្តីប្រកាសព័ត៌មាន ស្តីពី លទ្ធផលកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា ថ្ងៃចន្ទ ទី៧ ខែកក្កដា ឆ្នាំ២០២៥ ៕

Home » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា ដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាបំពេញទស្សនកិច្ចនៅប្រទេសចិន
សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា ដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាបំពេញទស្សនកិច្ចនៅប្រទេសចិន
Prepaired By: NA002 ​ Date: (9/21/2024 8:21:12 PM )
សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី២២ ខែកញ្ញា​ ឆ្នាំ២០២៤នេះ បានអញ្ជើញដឹកនាំ គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាកម្ពុជា ចាកចេញពីមាតុប្រទេស ទៅបំពេញទស្សនកិច្ចផ្លូវការ​ និងមិត្តភាព នៅសាធារណរដ្ឋប្រជាមានិតចិន តបតាមការអញ្ជើញ របស់ ឯកឧត្តម ចាវ ឡឺជី (Zhao Leji) ប្រធានគណៈកម្មាធិការអចិន្រ្តៃយ៍នៃសភាតំណាងប្រជាជនចិនទូទាំងប្រទេស។
 
ដំណើរទស្សនកិច្ចនេះ​ ធ្វើឡើងក្នុងគោលបំណងពង្រឹងពង្រីកចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការសភាប្រទេសទាំងពីរឱ្យកាន់តែរឹងមាំ ស៊ីជម្រៅ និងគ្រប់ ជ្រុងជ្រោយឡើង ទាំងក្នុងក្របខណ្ឌទ្វេភាគី​ និងពហុភាគី ស្របតាមស្មារតីនៃចំណងមិត្តភាព​ និងមេត្រីភាពជាប្រពៃណី មិត្តភាពដែកថែប និងកិច្ចសហប្រតិបត្តិការ ភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយដោយយកប្រជាជនជាស្នូល សំដៅនាំមកនូវផលប្រយោជន៍កាន់តែច្រើនជូនប្រទេសជាតិ និងប្រជាជនទាំងពីរ។
 
គណៈប្រតិភូនឹងអញ្ជើញបំពេញទស្សនកិច្ចនៅទីក្រុងប៉េកាំង និងក្រុងសៀងហៃ។ តាមគម្រោង សម្តេចរដ្ឋសភាធិការធិបតី នឹងជួបពិភាក្សាការងារទ្វេភាគីជាមួយ ឯកឧត្តម ចាវ ឡឺជី ប្រធានគណៈកម្មាធិការអចិន្រ្តៃយ៍នៃសភាតំណាងប្រជាជនចិន ជួបសម្តែង ការគួរសមជាមួយ​ ឯកឧត្តម វ៉ាង ហ៊ូនីង (Wang Huning)​ ប្រធានគណៈកម្មាធិការជាតិនៃសន្និសីទប្រឹក្សានយោបាយប្រជាជនចិន និងជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឈិន ជីនីង (H.E. Mr. Chen Jining) លេខាធិការនៃគណៈកម្មាធិការគណបក្សកុម្មុយនីស្តចិនប្រចាំទីក្រុងសៀងហៃ។
 
ប្រធានរដ្ឋសភានៃប្រទេសទាំងពីរ គ្រោងនឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀង ស្តីពីកិច្ចសហប្រតិបត្តិការរវាងរដ្ឋសភាប្រទេសទាំងពីរ និងអញ្ជើញជាអធិបតី ក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នារវាងអគ្គលេខាធិការដ្ឋានរដ្ឋសភានៃប្រទេសទាំងពីរផងដែរ។
 
អំឡុងពេលទស្សនកិច្ចនៅសាធារណរដ្ឋប្រជាមានិតចិន គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាកម្ពុជា នឹងអញ្ជើញ ទស្សនាតំបន់វប្បធម៌ ទេសចរណ៍ និងឧស្សាហកម្ម សំខាន់ៗ ទាំងនៅទីក្រុងប៉េកាំង និងក្រុងសៀងហៃ ដែលជាផ្នែកមួយសំខាន់នៃការភ្ជាប់ទំនាក់ទំនងប្រជាជន​ និងប្រជាជន ជាគ្រឹះនៃការពង្រឹង កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរលើគ្រប់វិស័យដូចជាវិស័យទេសចរណ៍ វប្បធម៌ សេដ្ឋកិច្ច ពាណិជ្ជកម្ម អប់រំ និងបច្ចេកវិទ្យា ជាដើម។
 
សាធារណរដ្ឋប្រជាមានិតចិន ជាប្រទេសទី៥ ដែលសម្តេចប្រធានរដ្ឋសភាបានបំពេញទស្សនកិច្ចផ្លូវការ ក្នុងនីតិកាលទី៧នេះ។ សម្តេចប្រធានរដ្ឋសភា បានបំពេញ ទស្សនកិច្ចទៅកាន់ប្រទេសវៀតណាម ឡាវ ថៃ និងប្រទេសបារាំង។
 
រដ្ឋសភានីតិកាលទី៧ បានបំពេញការងារការទូតសភាយ៉ាងសកម្ម ដោយបានខិតខំពង្រឹងពង្រីកទំនាក់ទំនងទ្វេភាគីជាមួយបណ្តាប្រទេសជាមិត្ត ស្របតាម គោលការណ៍ «រក្សាចាស់ បង្កើតថ្មី»។​
 
ការទូតសភាដើរតួនាទីកាន់តែសំខាន់ខ្លាំងឡើង នៅក្នុងកិច្ចការពារអធិបតេយ្យ ឯករាជ្យជាតិ និងការអភិវឌ្ឍរបស់កម្ពុជា ក៏ដូចជាការរួមចំណែក ពង្រឹងគោលការណ៍ពហុនិយម លើកកម្ពស់វប្បធម៌សន្ទនា ដើម្បីធានាការពារសុខសន្តិភាព ស្ថិរភាព សណ្តាប់ធ្នាប់សង្គម​ និងការអភិវឌ្ឍប្រកបដោយចីរភាព ក្នុងតំបន់​ និងពិភពលោក ក្នុងបរិបទកំពុងប្រឈមការប្រែប្រួលមិនទៀងទាត់​ និងឆាប់រហ័ស ការប្រទាញប្រទង់ភូមិសាស្រ្តនយោបាយ និងសន្តិសុខមិនមែនប្រពៃណី ដូចជាជំងឺឆ្លង និងការប្រែប្រួលអាកាសធាតុជាដើម​ ៕