Home » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » រដ្ឋសភាអនុម័តសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើអនុសញ្ញាស្តីពី ឯកភាវូបនីយកម្មនៃវិធានមួយចំនួន ពាក់ព័ន្ធនឹងការដឹកជញ្ជូន អន្តរជាតិតាមផ្លូវអាកាស និងប្រកាសបិទ សម័យប្រជុំរដ្ឋសភាលើកទី២ នីតិកាលទី៧
រដ្ឋសភាអនុម័តសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើអនុសញ្ញាស្តីពី ឯកភាវូបនីយកម្មនៃវិធានមួយចំនួន ពាក់ព័ន្ធនឹងការដឹកជញ្ជូន អន្តរជាតិតាមផ្លូវអាកាស និងប្រកាសបិទ សម័យប្រជុំរដ្ឋសភាលើកទី២ នីតិកាលទី៧
Prepaired By: NA002 ​ Date: (7/24/2024 11:30:41 PM )
សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា បានដឹកនាំបន្តសម័យប្រជុំរដ្ឋសភាលើកទី២ នីតិកាលទី៧ នាព្រឹកថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៤ ដើម្បីពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើអនុសញ្ញាស្តីពី ឯកភាវូបនីយកម្មនៃវិធានមួយចំនួនពាក់ព័ន្ធនឹងការដឹកជញ្ជូន អន្តរជាតិតាមផ្លូវអាកាស។
 
សេចក្តីព្រាងច្បាប់ខាងលើនេះ មាន៣មាត្រា។ រាជរដ្ឋាភិបាលបានរៀបចំសេចក្តីព្រាងច្បាប់នេះឡើង ស្របតាមអនុសញ្ញាស្តីពី ឯកភាវូបនីយកម្មនៃ វិធានមួយចំនួន ពាក់ព័ន្ធនឹង ការដឹកជញ្ជូនអន្តរជាតិតាមផ្លូវអាកាសហៅថា (អនុសញ្ញាម៉ុងរ៉េអាល់ឆ្នាំ១៩៩៩) ត្រូវបានចុះហត្ថលេខាកាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ១៩៩៩ នៅទីក្រុងម៉ុងរ៉េអាល់នៃប្រទេសកាណាដា ក្នុងឱកាសសន្និសីទអន្តរជាតិស្តីពីច្បាប់ដឹកជញ្ជូនតាមផ្លូវអាកាសពីថ្ងៃទី១០ ដល់ថ្ងៃទី២៨ ខែឧសភា​ ឆ្នាំ១៩៩៩ និងបានចូលជាធរមាននៅថ្ងៃទី៤ ខែវិច្ឆិកា​ ឆ្នាំ២០០៣ ហើយគិតត្រឹមខែកក្កដា​ ឆ្នាំ២០២៣ រដ្ឋភាគីបានផ្តល់សច្ចាប័ន រួចរាល់មានចំនួន ១៣៩ប្រទេសហើយ។
 
ការផ្តល់សច្ចាប័នអនុសញ្ញាម៉ុងរ៉េអាល់ឆ្នាំ១៩៩៩ ព្រះរាជាណាចក្រកម្ពុជានឹងទទួលបានអត្ថប្រយោជន៍ដូចជា បង្ហាញពីសុច្ឆន្ទៈ​ និងកិច្ចសហប្រតិបត្តិការ ល្អរបស់កម្ពុជា ជាមួយអង្គការអាកាសចរណ៍ស៊ីវិលអន្តរជាតិ សមាគមដឹកជញ្ជូនតាមផ្លូវអាកាសអន្តរជាតិ និងដើម្បីលើកកម្ពស់កេរ្តិ៍ឈ្មោះកម្ពុជាលើឆាកអន្តរជាតិ​ និងបើកឱកាសកាន់តែច្រើនសម្រាប់កម្ពុជាក្នុងការចូលរួមដោយផ្ទាល់ទៅក្នុងយន្តការដឹកនាំរបស់អង្គការអាកាសចរណ៍ស៊ីវិលអន្តរជាតិ។

ធានាជំរុញទាក់ទាញវិនិយោគ​ និងកំណើនសេដ្ឋកិច្ច ទេសចរណ៍ ការងារ ចំនួនអ្នកធ្វើដំណើរតាមផ្លូវអាកាស ព្រមទាំងការតភ្ជាប់វប្បធម៌រវាងប្រជាជន​ និងប្រជាជន និងផ្តល់ទំនុកចិត្តកាន់តែខ្ពស់ ដល់អ្នកធ្វើដំណើរតាមផ្លូវអាកាស​ និងសហគ្រាសដឹកជញ្ជូនអន្តរជាតិតាមផ្លូវអាកាសជាដើម។

 
សម័យប្រជុំរដ្ឋសភា បានពិភាក្សា​ និងអនុម័តសេចក្តីព្រាងច្បាប់ មានសារៈសំខាន់នេះ មួយមាត្រាម្តងៗ និងបានអនុម័តជាឯកច្ឆន្ទលើ សេចក្តីព្រាងច្បាប់ទាំងមូល។
 
ក្រោយពីអនុម័តសេចក្តីព្រាងច្បាប់ខាងលើចប់សព្វគ្រប់ សម្តេចរដ្ឋសភាធិបតី ឃួន សុដារី បានប្រកាសបិទសម័យប្រជុំរដ្ឋសភាលើកទី២ នីតិកាលទី៧។ សម័យប្រជុំរដ្ឋសភាលើកទី២ នីតិកាលទី៧ ដែលបានដំណើរការតាំងពីថ្ងៃទី១ ខែមេសា ឆ្នាំ២០២៤ រហូតមកដល់ពេលនេះមានរយៈលើសបីខែ។ តាមរដ្ឋធម្មនុញ្ញ​ និងបទបញ្ជាផ្ទៃក្នុងរបស់រដ្ឋសភា បានចែងអំពីសម័យប្រជុំនីមួយៗមានថិរវេលាយ៉ាងតិចបីខែ។
 
នៅក្នុងឱកាសនោះ សម្តេចរដ្ឋសភាធិបតី ក៏បានបង្ហាញជូនអង្គសភាអំពីលទ្ធផលសំខាន់ៗ ដែលរដ្ឋសភាសម្រេចបាននៅក្នុងរយៈពេលជាង៣ខែមកនេះ ជាពិសេសការបំពេញមុខងារសំខាន់ៗរបស់រដ្ឋសភា ដូចជាការងារនីតិកម្ម ការតាមដានការអនុវត្តច្បាប់ ភាពតំណាងពលរដ្ឋ និងការងារការទូតសភាជាដើម។
សម្តេចរដ្ឋសភាធិបតី ឃួន សុដារី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះសមាជិកសមាជិកាដ៏ឧត្តុង្គឧត្តមរដ្ឋសភា ដែលបានបំពេញភារកិច្ចរបស់ខ្លួន យ៉ាងសកម្មនាពេលកន្លងមក។ សម្តេចប្រធានរដ្ឋសភា បានលើកទឹកចិត្តជូនដល់សមាជិក សមាជិកាទាំងអស់បន្តអនុវត្តភារកិច្ច បំពេញឱ្យបានសម្រេច ជាលទ្ធផល បន្តបន្ទាប់លើមុខងារសំខាន់ៗរបស់តំណាងរាស្រ្ត ឱ្យបានសកម្ម និងជាប់ជាប្រចាំដោយយកផលប្រយោជន៍ប្រជាពលរដ្ឋជាស្នូល​ ៕