នៅក្នុងឱកាសទទួលជួបសំណេះសំណាល និងការផ្តល់អនុសាសន៍ដល់និសិ្សតជាប់អាហារូបករណ៍ទៅសិក្សានៅប្រទេសជប៉ុន និងសឹង្ហបុរី សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា បានលើកឡើងថា ការទទួលបានឱកាសទៅសិក្សានៅប្រទេសសឹង្ហបុរី និងជប៉ុន របស់ជ័យលាភីទាំងអស់ មិនត្រឹមជាមោទកភាពរបស់ខ្លួន និងក្រុមគ្រួសារផ្ទាល់នោះទេ តែជាមោទកភាពមួយសម្រាប់ប្រទេសជាតិថែមទៀតផង។ សម្តេច មានសង្ឃឹមយ៉ាងមុតមាំថា និស្សិតជ័យលាភីទាំងអស់នឹងក្លាយជាធនធានដ៏សំខាន់ និងមានតម្លៃ ជាស្ពានសម្រាប់ការអភិវឌ្ឍអនាគតសង្គមជាតិ និងសម្រាប់អនាគតរបស់ក្មួយៗនិស្សិតផ្ទាល់។
សម្តេចរដ្ឋសភាធិបតី បានអនុញ្ញាតឱ្យនិស្សិតជ័យលាភីចំនួន ៣០នាក់ ដែលក្នុងនោះមានអាហារូបករណ៍ទៅសិក្សានៅប្រទេសជប៉ុន ចំនួន ២៥នាក់ និងទៅសឹង្ហបុរី ចំនួន ៥នាក់ ចូលជួបសំណេះសំណាល និងទទួលអនុសាសន៍ នាព្រឹកថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៤។ សម្តេចរដ្ឋសភាធិបតី បានកោតសរសើរពីការសិក្សារបស់ជ័យលាភីទាំងអស់ ដែលបានខិតខំប្រឹងប្រែងរៀនសូត្រ រហូតទទួលបានអាហារូបករណ៍ដែលមិនមែនជាការធម្មតានោះទេ គឺត្រូវទាមទារការតស៊ូ និងព្យាយាមជាខ្លាំងណាស់ និងត្រូវឆ្លងកាត់ដំណាក់កាលប្រកួតប្រជែងវាយតម្លៃយ៉ាងហ្មត់ចត់ ទើបសម្រេចទទួលបានអាហារូបករណ៍នេះ។ សម្តេចប្រធានរដ្ឋសភា បានមានប្រសាសន៍បន្តថា ការទទួលបានអាហារូបករណ៍ទៅសិក្សានៅក្រៅប្រទេសនេះ ជាការប្រសើរខ្លាំងណាស់ ព្រោះទាំងប្រទេសជប៉ុននិងសឹង្ហបុរី ជាប្រទេសដែលមានការអភិវឌ្ឍរីកចម្រើនជឿនលឿនខ្លាំង ហើយគេតែងចាត់ទុកប្រទេសនេះ ជាប្រទេសមួយដែលមានការរីកចម្រើនជឿនលឿនក្នុងតំបន់ និងនៅលើពិភពលោកខាងប្រព័ន្ធសិក្សាអប់រំ។
ម្យ៉ាងវិញទៀត សម្តេចបានគូសបញ្ជាក់ថា ក្មួយៗនិស្សិតទាំងអស់ដែលបានកើត និងធំធាត់នៅក្នុងសម័យសន្តិភាពនេះ ពិតជាមានសំណាងខ្លាំងណាស់ បើប្រៀបធៀបទៅនឹងសម័យសម្តេច និងថ្នាក់ដឹកនាំផ្សេងទៀត កាលនៅវ័យក្មេង។ កាលនៅជាយុវជន សម្តេចបានជាប់អាហារូបករណ៍ Columbo នៃប្រទេសអូស្រា្តលី ប៉ុន្តែមិនបានចេញទៅសិក្សានោះទេដោយសារប្រទេសជាតិបានធ្លាក់ក្នុងភ្លើងសង្រ្គាម ដែលរបបប៉ុលពតឡើងគ្រប់គ្រងប្រទេសនៅក្នុងឆ្នាំ១៩៧៥។ ក្រោយថ្ងៃរំដោះ៧មករាឆ្នាំ១៩៧៩ សម្តេចតេជោ ហ៊ុន សែន និងឥស្សរជនជាច្រើនទៀត បានខិតខំកសាង អភិវឌ្ឍន៍ប្រទេសជាតិ លះបង់គ្រប់យ៉ាងដើម្បីកម្ពុជាទទួលបានសុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍដូចសព្វថ្ងៃនេះ។ ក្នុងនាមពលរដ្ឋខ្មែរ ក្មួយៗនិស្សិតទាំងអស់ពិតជាមានមោទកភាពដែលបានរស់នៅក្នុងរបបសន្តិភាព ដែលកម្ពុជាស្មើមុខស្មើមាត់នឹងគេនៅឆាកអន្តរជាតិ ខុសឆ្ងាយពីអតីតកាលដែលគេស្គាល់កម្ពុជាតែរបបខ្មែរសម្លាប់ខ្មែរ។ បច្ចុប្បន្នកម្ពុជាមានសុខសន្តិភាពពេញលេញ និងកំពុងថែរក្សាសន្តិភាពនេះឱ្យបានគង់វង្ស ក្នុងពេលដែលប្រទេសជាច្រើនលើពិភពលោកកំពុងស្វែងរកសន្តិភាពនៅឡើយ។
សម្តេចរដ្ឋសភាធិបតី បានក្រើនរំឭកថា ចំណេះដឹង និងបទពិសោធដែលក្មួយៗ នឹងទទួលបានពីក្រៅប្រទេសប្រាកដ ជាមានតម្លៃក្នុង ការរួមចំណែកដល់ការអភិវឌ្ឍមាតុភូមិកម្ពុជា។ ក្មួយៗអាចចាត់ទុកជាអ្នកដឹកនាំវ័យក្មេង ដែលពោរពេញទៅដោយក្តីសុបិន្ត ថាមពល និងការលើកទឹកចិត្ត ដែលនឹងរួមចំណែកនាំប្រទេសកម្ពុជា ឆ្ពោះទៅរកសុខសន្តិភាព និងការអភិវឌ្ឍ។ សម្តេចប្រធានរដ្ឋសភា បានមានប្រសាសន៍ផ្តាំផ្ញើឱ្យក្មួយៗ និស្សិតថែរក្សាសុខភាពឱ្យបានល្អ ចេះសាមគ្គី គ្នាក្នុងអំឡុងពេល នៅឆ្ងាយពីផ្ទះ ពីគ្រួសារ និងត្រូវខិតខំស្រូបយកចំណេះដឹង និងប្រាជ្ញាជាក់ស្តែងពីប្រទេសគេ ដើម្បីកសាងអនាគតដ៏ត្រចះត្រចង់ សម្រាប់ខ្លួនឯង និងគ្រួសារ ក៏ដូចជាសង្គមជាតិទាំងមូល។
ជាចុងក្រោយ សម្តេចប្រធានរដ្ឋសភា បានផ្តាំផ្ញើដល់និស្សិតទាំងអស់ត្រូវរក្សាឱ្យបានគត់មត់នូវឱកាស ដ៏សំខាន់នេះក្នុងនាមជាប្រជាពលរដ្ឋខ្មែរ មួយរូបប្រកបដោយបញ្ញាញាណ សីលធម៌ វិន័យ និងសេចក្តីថ្លៃថ្នូរ។ ជាងនេះទៀត ត្រូវរក្សាសុខភាពឱ្យបានល្អ ខិតខំសិក្សារៀនសូត្រ ក្រេបជញ្ជក់ចំណេះដឹង បទពិសោធ និងត្រូវបង្កើតមិត្តភាពល្អ និងសាមគ្គីរវាងគ្នា និងតភា្ជប់ទំនាក់ទំនងជាមួយប្រជាជនសឹង្ហបុរី ជប៉ុន និងប្រទេសផ្សេងទៀតតាមដែលអាចធ្វើទៅបាន ព្រោះការតភ្ជាប់ទាំងនេះនឹងបង្កើននូវបទពិសោធ ការសិក្សាផ្ទាល់ខ្លួន និងរួមចំណែកដល់ទំនាក់ទំនងអន្តរជាតិកាន់តែរឹងមាំផងដែរ។ សម្តេចប្រធានរដ្ឋសភា បានលើកទឹកចិត្តថា យុវជនត្រូវធ្វើខ្លួនជាឯកអគ្គរាជទូតម្នាក់តំណាងប្រទេសជាតិ និងត្រូវស្វែងរកផលប្រយោជន៍ជូនជាតិមាតុភូមិ ការពារតម្លៃប្រទេសជាតិ នៅគ្រប់ពេលវេលា ៕