នៅសាលប្រជុំសាលាខេត្តកំពង់ធំ នារសៀលថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៤ ដោយមានការអនុញ្ញាតពីសម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា គណៈប្រតិភូគណៈកម្មការសុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងកិច្ចការនារីនៃរដ្ឋសភា (គណៈកម្មការទី៨នៃរដ្ឋសភា) ដឹកនាំដោយ លោកជំទាវ ឡោក ខេង ប្រធានគណៈកម្មការ និងមានការចូលរួមពីអ្នកតំណាងរាស្ត្រខេត្តកំពង់ធំ រួមមាន៖ ឯកឧត្តម ថា យ៉ាវ និងឯកឧត្តម នាង ចាន់ណាក់ បានអញ្ជើញជាអធិបតី ក្នុងកិច្ចប្រជុំជាមួយ ឯកឧត្តម លុន សម្បត្តិ សមាជិកក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ញឹក បានខេង អភិបាលរងនៃគណៈអភិបាលខេត្តកំពង់ធំ ដើម្បីចុះពិនិត្យស្វែងយល់អំពីប្រសិទ្ធភាពនៃការអនុវត្តច្បាប់ និងគោលនយោបាយនានា ពាក់ព័ន្ធនឹងវិស័យទាំង៤ ដែលគណៈកម្មការទទួលបន្ទុក។
បេសកកម្មរបស់គណៈប្រតិភូនាពេលនេះ មានគោលបំណងតាមដានការអនុវត្តច្បាប់ និងដើម្បីលើកកម្ពស់ការអនុវត្តយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ ដែលផ្តោតសំខាន់ទៅលើ កំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព និងអភិក្រមទាំង៥ គឺមុនស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា ដើម្បីកសាងមូលដ្ឋានគ្រឹះឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជា ឆ្នាំ២០៣០ និងឆ្នាំ២០៥០។
ក្នុងឱកាសនោះដែរ ឯកឧត្តម ញឹក បានខេង អភិបាលរងនៃគណៈអភិបាលខេត្តកំពង់ធំបានជម្រាបជូនគណៈប្រតិភូពីវឌ្ឍនភាពការងារ ដែលខេត្តសម្រេចបាននាពេលកន្លងមកពិសេសទាក់ទងនឹងវិស័យ ដែលស្ថិតក្នុងដែនសមត្ថកិច្ចរបស់គណៈកម្មការទី៨ រួមមាន៖ វិស័យកិច្ចការនារីមានមន្ត្រី១៧នាក់ បានចូលរួមក្នុងវេទិកាការងារស្ត្រី សុខភាពស្ត្រី និងការអប់រំ ចុះពិនិត្យភ្នែកជូនប្រជាពលរដ្ឋតាមសហគមន៍ បើកវគ្គអប់រំផ្សព្វផ្សាយស្តីពីការទប់ស្កាត់អំពើហិង្សាក្នុងគ្រួសារ និងកិច្ចការពារជនរងគ្រោះ ការរំលោភសេពសន្ថវៈ និងការជួញដូរមនុស្ស។ ចំពោះវិស័យការងារបណ្តុះបណ្តាលវិជ្ជាជីវៈ និងបេឡាជាតិសន្តិសុខសង្គម មានមន្ត្រីបម្រើការងារចំនួន ៨១នាក់ បានចុះធ្វើអធិការកិច្ចតាមសហគ្រាស និងគ្រឹះស្ថានសរុបមានចំនួន ៤២១សហគ្រាស ដែលមានកម្មករសរុបចំនួន ១៧,៤៦៦នាក់ ព្រមទាំងបានបណ្តុះបណ្តាលសិស្ស និសិ្សតថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្ររង និងថ្នាក់សញ្ញាបត្រ បច្ចេកទេស និងវិជ្ជាជីវៈលើមុខវិជ្ជាព័ត៌មានវិទ្យា អក្សរសាស្ត្រអង់គ្លេស គណនេយ្យ បសុព្យាបាល និងជំនាញផ្សេងៗទៀត ដែលមានសិស្ស និសិ្សតចូលរៀនសរុបចំនួន ៨៥៨នាក់។
ជាមួយគ្នានេះ បេឡាជាតិសន្តិសុខសង្គម (ប.ស.ស) បានចុះបញ្ជីកាតាមសហគ្រាសលើវិស័យឯកជន និងវិស័យសាធារណៈបានចំនួន១១៩សហគ្រាសមានកម្មករ៥៥១នាក់ ចុះបញ្ជីកាបុគ្គលស្វ័យនិយោជន៍ចំនួន ១,៥៨៩នាក់ ព្រមទាំងចុះអង្កេតហានិភ័យការងារ ផ្តល់តាវកាលិកផ្នែកហានិភ័យការងារ និងថែទាំសុខភាព ជូនបងប្អូនកម្មករ កម្មការនីផងដែរ។ ដោយឡែក វិស័យសុខាភិបាលមានមន្ត្រីបម្រើការចំនួន៩៦៧នាក់ បានផ្តល់សេវាសុខាភិបាលលើផ្នែកវះកាត់ សម្រាលកូន ការពិនិត្យផ្ទៃពោះ ការព្យាបាលជំងឺមិនឆ្លង និងព្យាបាលជំងឺកូវីដ១៩ បានចំនួន ៧,៦៥១នាក់ ព្រមទាំងព្យាបាលជំងឺផ្សេងៗទៀត។ ចំពោះវិស័យសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាមានមន្ត្រីបម្រើការចំនួន៤៣នាក់ បានចុះអភិវឌ្ឍន៍សុខុមាលភាពសម្រាប់ជនរងគ្រោះ ងាយរងគ្រោះ និងកិច្ចការគ្រួសារ ព្រមទាំងបានចុះឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រអំឡុងពេលកូវីដ១៩ និងស្ត្រីមានផ្ទៃពោះ និងកុមារក្រោមអាយុ២ឆ្នាំ លេីសពីនោះ បានចុះទៅដល់មជ្ឈមណ្ឌលកុមារកំព្រា និងថែទាំកុមារ និងបានចូលរួមជួយឧបត្ថម្ភសាច់ប្រាក់ដល់បងប្អូនជាបន្តបន្ទាប់ទៀត ។
ឯកឧត្តមអភិបាលរងខេត្តបានបន្តទៀតថា ខេត្តមានបញ្ហាប្រឈមជាច្រើនក្នុងពេលចុះបំពេញការងារជូនប្រជាពលរដ្ឋដូចជាខ្វះមន្ត្រីជំនាញ និងបច្ចេកទេស ខ្វះថវិកាសម្រាប់ចុះបំពេញការងារផ្សព្វផ្សាយ ខ្វះគ្រូបង្គោលលើផ្នែកបច្ចេកទេស ខ្វះគ្រឿងបរិក្ខារពេទ្យ និងបានស្នេីសុំអគារថ្មីៗមួយចំនួនតាមមន្ទីរពេទ្យ និងមណ្ឌលសុខភាព។
បន្ទាប់ពីបានស្តាប់របាយការណ៍ខេត្តរួចមក លោកជំទាវ ឡោក ខេង បានថ្លែងអំណរគុណ និងកោតសរសើរដល់អាជ្ញាធរខេត្ត ដែលខិតខំបំពេញភារកិច្ចជូនប្រជាពលរដ្ឋឱ្យស្របតាមគោលនយោបាយជាអាទិភាពរបស់រាជរដ្ឋាភិបាលដែលបានដាក់ចេញ ក្នុងការផ្តល់សេវាសុខាភិបាលសម្រាប់ពង្រឹងប្រព័ន្ធគាំពារសង្គម ជំនួយសង្គម និងសន្តិសុខសង្គម ការបណ្តុះបណ្តាលវិជ្ជាជីវៈ បច្ចេកទេសជូនយុវជនក្រីក្រ ងាយរងហានិភ័យ ដោយឧបត្ថម្ភសាច់ប្រាក់ ២៨មុឺនរៀល ក្នុងមួយខែ ធ្វើការពង្រឹងកម្មវិធីជាតិ ជំនួយសង្គមជួយដល់ជនក្រីក្រ និងជនងាយរងហានិភ័យឱ្យទាន់ពេលវេលា ព្រមទាំងធ្វើការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ គាំពារធុរកិច្ច ផ្តល់ការបណ្តុះបណ្តាលវិជ្ជាជីវៈ ផ្តល់ការគាំពារសង្គមដល់ជនស្វ័យនិយោជន៍សេដ្ឋកិច្ចក្រៅប្រព័ន្ធដល់ការថែទាំសុខភាពសាធារណៈ។
លោកជំទាវ បានសំណូមពរឱ្យអាជ្ញាធរខេត្ត មន្ទីរពេទ្យ និងមណ្ឌលសុខភាពក្នុងខេត្តទាំងអស់ ធ្វើការអប់រំផ្សព្វផ្សាយពីជំងឺមិនឆ្លងតាមរយៈវេទិកាសាធារណៈ ភូមិ ឃុំមានសុវត្ថិភាព ផ្សព្វផ្សាយតាមមន្ទីរពេទ្យ និងធ្វើប៉ាណូដាក់តាមមណ្ឌលសុខភាព មន្ទីរពេទ្យ ដើម្បីទប់ស្កាត់ និងកាត់បន្ថយជំងឺនេះ ដែលសព្វថ្ងៃជំងឺមិនឆ្លងនេះបានសម្លាប់ប្រជាពលរដ្ឋយើងយ៉ាងស្ងៀមស្ងាត់ជិត២០០នាក់ក្នុងមួយថ្ងៃ។ ខេត្តត្រូវផ្សព្វផ្សាយតាមទីប្រជុំជន តាមទីសាធារណៈបន្ថែមទៀត ដល់បុគ្គលស្វ័យនិយោជន៍ឲ្យយល់ដឹងច្បាស់ពីអត្ថប្រយោជន៍នៃការប្រើប្រាស់ប័ណ្ណប.ស.ស និងត្រូវធ្វើការពន្យល់ឱ្យច្បាស់ដល់យុវជនក្រីក្រងាយរងហានិភ័យ ឱ្យយល់ដឹងពីការបណ្តុះបណ្តាលជំនាញបច្ចេកទេសឱ្យបានកាន់តែច្បាស់លាល់ ដើម្បីភាពងាយស្រួល និងឆ្លេីយតបទៅនឹងតម្រូវការការងារក្នុងពេលបច្ចុប្បន្ន ៕

















