សិក្ខាសាលាសភាស្តីពី កម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ បានប្រារព្ធពិធីបើកយ៉ាងអធិកអធមក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អនុប្រធានទី១រដ្ឋសភា តំណាងដ៏ខ្ពង់ខ្ពស់សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៤ នៅសណ្ឋាគារសុខាភ្នំពេញ។
សិក្ខាសាលានេះផ្តួចផ្តើមគំនិតរៀបចំដោយគណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្ម នៃរដ្ឋសភា សហការជាមួយអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា រដ្ឋសភា និងជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដោយមានការអញ្ជើញចូលរួមពីឯកឧត្ដម លោកជំទាវ ជាសមាជិក សមាជិការដ្ឋសភា ព្រឹទ្ធសភា អាជ្ញាធរសវនកម្មជាតិ និងមន្ត្រីជំនាញពាក់ព័ន្ធនៃ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ អគ្គលេខាធិការដ្ឋានសភាទាំងពីរ និងអាជ្ញាធរសវនកម្មជាតិផងដែរ។
បន្ទាប់ពីសុន្ទរកថាស្វាគមន៍ចំពោះអង្គសិក្ខាសាលារបស់ឯកឧត្តម ឡេង ប៉េងឡុង អគ្គលេខាធិការរដ្ឋសភា រួចមក ឯកឧត្តម ឈាង វុន ប្រធានគណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្ម នៃរដ្ឋសភា លោកជំទាវបណ្ឌិត សោម គឹមសួគ៌ អគ្គសវនករ នៃអាជ្ញាធរសវនកម្មជាតិ និងឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានអញ្ជើញឡើងថ្លែងបទអន្តរាគមន៍ទៅកាន់អង្គសិក្ខាសាលា ដោយបានរាយការណ៍សង្ខេបស្តីពីសាវតារ វឌ្ឍនភាព និងសមិទ្ធផលសំខាន់ៗ ដែលរាជរដ្ឋាភិបាលសម្រេចបានក្នុងរយៈពេលកន្លងមក ក៏ដូចជាការបង្ហាញពីទស្សនទានគន្លឹះ ក្នុងការបង្កើនល្បឿននៃការកែទម្រង់ ជាពិសេសការកែទម្រង់អភិបាលកិច្ច និង បញ្ជាក់ពីការខិតខំរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលតែងតែយកចិត្តទុកដាក់ និងកំណត់កម្មវិធីកំណែទម្រង់ជាឧបករណ៍គោលនយោបាយដ៏សំខាន់សម្រាប់ដោះស្រាយបញ្ហាប្រឈមរបស់សង្គមកម្ពុជា និងបង្កើតឱកាសថ្មីៗសម្រាប់ វឌ្ឍនភាព និងវិបុលភាព។ ការងារកែទម្រង់នេះ គឺជាមាគ៌ាដ៏ត្រឹមត្រូវតែមួយគត់ ដែលរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជាបានសម្រេចជ្រើសរើសយកមកប្រតិបត្តិយ៉ាងគត់មត់ និងម៉ឺងម៉ាត់ក្លៀវក្លា តាមទស្សនវិស័យដ៏ប្រាកដនិយម “កែទម្រង់គឺរស់ មិនកែទម្រង់គឺស្លាប់”។
អញ្ជើញថ្លែងបើកអង្គសិក្ខាសាលា ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អនុប្រធានទី១រដ្ឋសភា បានមានប្រសាសន៍វាយតម្លៃខ្ពស់សម្រាប់កិច្ចសហការរៀបចំឲ្យមានសិក្ខាសាលាដ៏មានសារៈសំខាន់នេះឡើង ក្នុងគោលបំណងផ្តល់ព័ត៌មានអំពីបច្ចុប្បន្នភាព នៃកម្មវិធីកែទម្រង់ហិរញ្ញវត្ថុសាធារណៈរបស់រាជរដ្ឋាភិបាល ជូនដល់សមាជិក សមាជិកា ព្រឹទ្ធសភា និងរដ្ឋសភា។ ក្នុងនាមរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត បានថ្លែងគាំទ្រទាំងស្រុងនូវការថ្លែងលើកឡើងរបស់សម្តេចធិបតី នាយករដ្ឋមន្ត្រី ដែលបន្តជ្រោងទង់កាន់តែខ្ពស់នូវ «ស្មារតីនៃការកែទម្រង់» សម្រាប់រាជរដ្ឋាភិបាលនីតិកាលទី៧ ហើយនៅតែប្រកាន់ខ្ជាប់នូវអភិក្រមទាំង៥ ប្រការរបស់ សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី សម្រាប់ការបំពេញការងារ ដែលជាស្មារតីបុរេសកម្ម ភ្ញាក់រលឹក និងម៉ឺងម៉ាត់ក្នុងការកែទម្រង់មុតស្រួច ស៊ីជម្រៅ និងគ្រប់ជ្រុងជ្រោយ គឺ៖ ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និងវះកាត់ ដើម្បីពង្រឹងប្រសិទ្ធភាពការងារឱ្យកាន់តែរីកចម្រើនថែមទៀត។
ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប ក៏បានមានប្រសាសន៍លើកទឹកចិត្តដល់សមាជិក សមាជិកា ព្រឹទ្ធសភា និងរដ្ឋសភានូវចំណុចមួយចំនួនដូចខាងក្រោម៖
-សភាបន្តគាំទ្រ និងលើកទឹកចិត្តដល់រាជរដ្ឋាភិបាល សម្រាប់បន្តជំរុញការអនុវត្តការកែទម្រង់សំខាន់ៗទាំង៤ ដែលមានលក្ខណៈជាប្រព័ន្ធ។
-ក្នុងមុខងារជាតំណាងរបស់រាស្រ្តក្នុងការធ្វើការតាមដាននិងត្រួតពិនិត្យលើការងារអនុវត្តន៍ច្បាប់ ជាពិសេសច្បាប់ស្ដីពីប្រព័ន្ធហិរញ្ញវត្ថុសាធារណៈ ដើម្បីធានាបានប្រសិទ្ឋភាព តម្លាភាព និងប្រសិទ្ឋផលខ្ពស់ ក្នុងការបម្រើផលប្រយោជន៍ប្រជាជនដែលជាម្ចាស់ឆ្នោត។
-លើកទឹកចិត្តដល់អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា រដ្ឋសភា បង្កើនភាពជាម្ចាស់ក្នុងការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ទៅតាមគោលការណ៍រួម របស់រាជរដ្ឋាភិបាល ជាពិសេសការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានសម្រាប់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ(FMIS)។
អង្គសិក្ខាសាលាបានប្រព្រឹត្តទៅ ដោយសិក្ខាកាមបានស្ដាប់បទបង្ហាញស្ដីពី ចក្ខុវិស័យ និងយុទ្ធសាស្ត្រកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដំណាក់កាលទី៤: គណនេយ្យភាពសមិទ្ធកម្ម របស់អគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ នៃ( អ គ ហ )និងបទបង្ហាញស្ដីពី យុទ្ធសាស្ត្រស្ដីពីការកែទម្រង់ប្រព័ន្ធថវិកា របស់អគ្គនាយដ្ឋានថវិកា នៃ កសហវ ព្រមទាំងមានកិច្ចពិភាក្សាសួរឆ្លើយយ៉ាងផុលផុសផងដែរ។
បន្ទាប់ពីបានដំណើរការរយៈពេលពេញមួយថ្ងៃ អង្គសិក្ខាសាលាសភាស្តីពី កម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ បានប្រារព្ធពិធីបិទប្រកបដោយជោគជ័យ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម ប្រាក់ សុខុន អនុប្រធានទី១ព្រឹទ្ធសភា តំណាងដ៏ខ្ពង់ខ្ពស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៅវេលាល្ងាចថ្ងៃខែឆ្នាំដដែល។
ឯកឧត្ដម ប្រាក់ សុខុន បានមានប្រសាសន៍ថា សិក្ខាសាលានេះ បានធ្វើឱ្យសមាជិកសមាជិកាសភាទាំងពីរ ទទួលបាននូវបច្ចុប្បន្នភាព និងការយល់ដឹងកាន់តែកាន់តែស៊ីជម្រៅ នៃកម្មវិធីកែទម្រង់ហិរញ្ញវត្ថុសាធារណៈ។ ស្ថាប័ននីតិប្បញ្ញត្តិ ជាស្ថាប័នកំពូលដែលមានគណនេយ្យភាពចំពោះប្រជារាស្ត្រម្ចាស់ឆ្នោត ត្រូវមានកាត្វកិច្ចចូលរួមអនុវត្តកម្មវិធីកែទម្រង់ហិរញ្ញវត្ថុសាធារណៈ ឱ្យបានសស្រាក់សស្រាំ និងពេញលេញផងដែរ។
ក្រៅពីចំណេះដឹងដែលទទួលបានពីអង្គសិក្ខាសាលា ឯកឧត្ដមអនុប្រធានទី១ព្រឹទ្ធសភា ក៏បានជំរុញឱ្យសិក្ខាកាមទាំងអស់ត្រូវបន្តសិក្សាស្រាវជ្រាវបន្ថែម ទៀត និងស្នើសុំឱ្យគណៈកម្មាធិការដឹកនាំការងារកែទម្រង់ហិរញ្ញវត្ថុសាធារណៈរបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បន្តគាំទ្រការបណ្ដុះបណ្ដាល ជួយពង្រឹងសមត្ថភាព និងបន្តចែករំលែកនូវចំណេះដឹង បច្ចុប្បន្នភាព វឌ្ឍនភាពនៃការងារកែទម្រង់ជូនដល់សមាជិកសមាជិកាសភា ក៏ដូចជាអង្គភាពហិរញ្ញវត្ថុនៃសាប័ននីតិប្បញ្ញត្តិទាំងពីរជាបន្តទៀត ៕






















