Home » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » ឯកឧត្តមបណ្ឌិត ម៉ា ឈឿន ទទួលជួបពិភាក្សាការងារជាមួយលោក គឹម យាត ដារ៉ារិទ្ធ នាយកប្រតិបត្តិ នៃមជ្ឈមណ្ឌលសភាអាស៊ី
ឯកឧត្តមបណ្ឌិត ម៉ា ឈឿន ទទួលជួបពិភាក្សាការងារជាមួយលោក គឹម យាត ដារ៉ារិទ្ធ នាយកប្រតិបត្តិ នៃមជ្ឈមណ្ឌលសភាអាស៊ី
Prepaired By: NA002 ​ Date: (2/7/2024 11:31:18 PM )

នៅវិមានរដ្ឋសភា នាព្រឹកថ្ងៃទី៨ ខែកុម្ភះ ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត ម៉ា ឈឿន ប្រធានស្តីទីគណៈកម្មការផែនការ វិនិយោគ កសិកម្ម រុក្ខាប្រមាញ់ នេសាទ អភិវឌ្ឍន៍ជនបទ បរិស្ថាន ធនធានទឹក និងឧតុនិយម នៃរដ្ឋសភា បានអនុញ្ញាត្តិឱ្យលោក គឹម យាតដារ៉ារិទ្ធ នាយកប្រតិបត្តិ នៃមជ្ឈមណ្ឌលសភាអាស៊ី ព្រមទាំងសហការីចូលជួបសម្តែងការគួសម និងពិភាក្សាការងារ។

ក្នុងកិច្ចជំនួបពិភាក្សានោះដែរមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តមលេខាធិការគណ:កម្មការ ឯកឧត្តម លោកជំទាវ សមាជិក សមាជិកាគណ:កម្មការទី៣ ព្រមទាំង ឯកឧត្តមទីប្រឹក្សា មន្រ្តីជំនួយការគណ:កម្មការទី៣។

លោក គឹម យាតដារ៉ារិទ្ធ បានមានប្រសាសន៍ជម្រាបជូនឯកឧត្តមបណ្ឌិតថា គោលបំណងដែលលោក និងសហការីមកជួបពិភាក្សានាពេលនេះគឺក្នុងគោលបំណងសិក្សាឈ្វេងយល់ពីតម្រូវការរបស់គណៈកម្មការជាពិសេសទាក់ទងនឹងវិស័យបរិស្ថាន និងការប្រែប្រួលអាកាសធាតុស្វែងរកមធ្យាបាយដើម្បីចូលរួមគាំទ្រជាបច្ចេកទេសដល់គណៈកម្មការ។

លោកបន្តទៀតថា មជ្ឈមណ្ឌលសភាអាស៊ីវិវត្តមកពីវិទ្យាស្ថានសភាកម្ពុជា។ វិទ្យាស្ថានសភាកម្ពុជា (PIC)បានបង្កើតឡើងក្នុងឆ្នាំ២០១១ តាមសំណើរបស់សមាជិក សមាជិកាសភា និងអគ្គលេខាធិការសភាកម្ពុជាដើម្បីជួយពង្រឹងការអភិវឌ្ឍសមត្ថភាពរបស់ស្ថាប័ននីតិប្បញ្ញត្តិកម្ពុជា។ លោកបន្ថែមថា នៅក្នុងប្រព័ន្ធបំពេញការងាររបស់PCAsia គឺចាប់ផ្តើមពី៖ ១.សំណើរបស់សភា ២.ការស្រាវជ្រាវ ៣.ការប្រជុំជាមួយអ្នកជំនាញ ៤.ការពិគ្រោះយោបល់លើសាធារណៈ ៥.ការពិនិត្យ និងផ្តល់យោបល់លើសេចក្តីព្រាងច្បាប់ និងគោលនយោបាយ ៦.ចុះបេសកកម្ម ឬកិច្ចប្រជុំត្រួតពិនិត្យរបស់សភា ហើយការអភិវឌ្ឍសមត្ថភាពរបស់មន្រ្តីសភាគឺជាស្នូលនៅក្នុងប្រព័ន្ធការងារនេះចំពោះប្រធានបទដែលយកមកហ្វឹកហ្វឺនមន្រ្តីភាគច្រើនយកមកពីសំណើរបស់សភា ឬពីប្រធានបទនៃកិច្ចប្រជុំនានារបស់សភាដូចជារបស់មហាសន្និបាតអាយប៉ាកិច្ចប្រជុំសភាអាស៊ី-អឺរ៉ុបជាដើម។

លោកបានលើកទៀតថាកន្លងមកវិទ្យាស្ថានសភាអាស៊ីបានចុះអនុស្សរណនៃការយោគយល់គ្នាជាមួយសភាកម្ពុជាកាលពីឆ្នាំ២០២១ដើម្បីធ្វើការសហការ និងគាំទ្រដល់គណៈកម្មការនានារបស់ព្រឹទ្ធសភា រដ្ឋសភាក្រុមសភាជាតិនៃអ្នកនយោបាយសភាស្រ្តី និងអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា រដ្ឋសភា ក្នុងការរៀបចំឯកសារស្រាវជ្រាវបេសកកម្មសិក្ខាសាលាការបណ្តុះបណ្តាលលើប្រធានបទទាក់ទងនឹងវិស័យសេដ្ឋកិច្ចសង្គមសុខាភិបាលស្ត្រី និងបរិស្ថានជាដើម។ ការសហការទាំងនេះជាការចូលរួមលើកកម្ពស់ការរួមចំណែករបស់សភា ក្នុងការជម្រុញការឈានទៅសម្រេចឱ្យបានទៅតាមគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់កម្ពុជា និងយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាទី១។  ជាក់ស្តែងកន្លងមកមជ្ឈមណ្ឌលសភាអាស៊ីបានសហការជាមួយសភាកម្ពុជា ដែលរួមមានដូចជាការផ្តល់ឯកសារស្រាវជ្រាវជូនគណៈកម្មការទី៨ ទី៩ រដ្ឋសភា និងគណៈកម្មការទី១ព្រឹទ្ធសភាលើប្រធានបទស្តីពី “សិទ្ធិកាន់កាប់ដីធ្លី ការអនុវត្តច្បាប់ដីធ្លី និងកាលានុវត្តភាពនៃការអនុវត្តគោលនយោបាយសាធារណៈផ្នែកដីធ្លីដើម្បីជាកត្តារួមចំណែកក្នុងការលើកកម្ពស់សមភាពយែនឌ័រ និងផលប្រយោជន៍របស់សហគមន៍ជនជាតិដើមភាគតិចនៅកម្ពុជាជូនគណៈកម្មការទី៣រដ្ឋសភា និងព្រឹទ្ធសភាស្តីពី “សាវតារនៃការប្រែប្រួលអាកាសធាតុនៅប្រទេសកម្ពុជា”, “សមិទ្ធផលនៃការអភិវឌ្ឍបៃតងនៅព្រះរាជាណាចក្រកម្ពុជា” ជូនក្រុមពិភាក្សានៃកិច្ចប្រជុំអាស៊ី-អឺរ៉ុបលើកទី១១ ស្តីពី“អភិក្រមប្រទាក់ក្រឡាគ្នានៃសន្តិសុខទឹកថាមពល និងស្បៀងនៅក្នុងបរិបទនៃការប្រែប្រួលអាកាសធាតុផងដែរ។

ឯកឧត្តមបណ្ឌិត ម៉ា ឈឿន បានថ្លែងអំណរគុណដល់មជ្ឈមណ្ឌលសភាអាស៊ីដែលបានធ្វើកិច្ចសហការជាមួយសភាកម្ពុជា ជាពិសេសជាមួយគណ:កម្មការទី៣ នៃរដ្ឋសភា ដើម្បីជម្រុញលើការងារមួយចំនួនពាក់ព័ន្ធការងារបរិស្ថាន និងការប្រែប្រួលអាកាសធាតុ ហើយបញ្ហាទាំងនេះក៏ស្ថិតនៅក្នុងគោលនយោបាយយុត្តសាស្រ្តចតុកោណរបស់រាជរដ្ឋាភិបាលអាណត្តទី៦ ដែលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន និងយុត្តសាស្ត្របញ្ចកោណតំណាក់កាលទី១របស់រាជរដ្ឋភិបាល សម្រាប់នីតិកាលទី៧ នៃរដ្ឋសភា ដែលដឹកនាំដោយសម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា គឺបានយកចិត្តទុកដាក់លើបញ្ហាបរិស្ថាន ការប្រែប្រួលអាកាសធាតុ ជាពិសេសលើជីវ:ចម្រុះជាច្រើនផ្សេងទៀត។

ឯកឧត្តមបណ្ឌិតក៏បានសំណូមពរដល់មជ្ឈមណ្ឌលសភាអាស៊ីអោយជួយធ្វើការបណ្ទុះបណ្តាលដល់មន្រ្តីអគ្គលេខាធិការរដ្ឋសភា ក៏ដូចជាមន្ត្រីជំនួយការគណ:កម្មការទី៣ លើចំណេះដឹងក្នុងកិច្ចការការពារបរិស្ថាន និងការប្រែប្រួលអាកាសធាតុ ក៏ដូចជាការងារផ្សេងៗទៀតដែលជាតម្រូវការចាំបាច់របស់រដ្ឋសភា ៕