អគ្គលេខាធិការដ្ឋានរដ្ឋសភា ប្រជុំត្រៀមជួបប្រជុំ ការងារជាមួយអគ្គលេខាធិការដ្ឋានព្រឹទ្ឋសភា ក្នុងការត្រៀមរៀបចំសមាជរដ្ឋសភានិងព្រឹទ្ធសភា __ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា ផ្ញើសាររំលែកទុក្ខជូនដល់គ្រួសារសពលោក អឿន ចាន់ដារ៉ា និងលោក ពៅ នេពីន អ្នកឯកទេសបោសសំអាតមីនរបស់មជ្ឈមណ្ឌលសកម្មភាពសំអាតមីនកម្ពុជា __ សម្តេចរដ្ឋសភាធិបតី ឃួន សុដារី ៖ដំណើរទស្សកិច្ចប្រធានរដ្ឋសភាម៉ាឡេស៊ី ក្នុងស្មារតីមិត្តភាពល្អនិងក្រុមគ្រួសារអាស៊ាន នាំមកនូវផលប្រយោជន៍រួមដល់ពលរដ្ឋ __ ឯកឧត្តមបណ្ឌិត តាន់ស្រ៉ី ដាតូ ហ្សូហារី ប៊ីន អាប់ឌុល ជួបពិភាក្សាការងារជាមួយ ឯកឧត្តមទេសរដ្ឋមន្ត្រី អូស្មាន ហាស្សាន់​ __ ឈរលើផលប្រយោជន៍ប្រជាពលរដ្ឋ ប្រធានរដ្ឋសភាកម្ពុជានិងម៉ាឡេស៊ីប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការសភា ពង្រីកទំនាក់ទំនងប្រជាជន ការវិនិយោគ ទេសចរណ៍ និងអប់រំ​ ៕

Home » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » គណៈប្រតិភូគណៈកម្មការសិទ្ធិមនុស្ស នៃរដ្ឋសភា អញ្ជើញចុះសិក្សាស្វែងយល់ពីវឌ្ឍនភាពការងារ នៅខេត្តស្ទឹងត្រែង
គណៈប្រតិភូគណៈកម្មការសិទ្ធិមនុស្ស នៃរដ្ឋសភា អញ្ជើញចុះសិក្សាស្វែងយល់ពីវឌ្ឍនភាពការងារ នៅខេត្តស្ទឹងត្រែង
Prepaired By: NA002 ​ Date: (2/7/2024 7:05:39 PM )

នារសៀលថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៤ គណៈប្រតិភូគណៈកម្មការសិទ្ធិមនុស្ស ទទួលពាក្យបណ្តឹង អង្កេត និងអធិការកិច្ច នៃរដ្ឋសភា (គណៈកម្មការទី១) ដឹកនាំដោយ ឯកឧត្តម សរ ចំរុង ប្រធានគណៈកម្មការ បានអញ្ជើញចុះជួបពិភាក្សាការងារជាមួយ ឯកឧត្តម ចាន់ ម៉េងឈឿន សមាជិកក្រុមប្រឹក្សាខេត្តស្ទឹងត្រែង និងឯកឧត្ដម យឹម ផែន អភិបាលស្តីទី ខេត្តស្ទឹងត្រែង ព្រមទាំងមន្ទីរជំនាញពាក់ព័ន្ធវិស័យទទួលបន្ទុក របស់គណៈកម្មការដើម្បីស្វែងយល់ពីវឌ្ឍនភាពការងារ និងយន្តការដោះស្រាយទំនាស់ដីធ្លីរបស់ខេត្ត នៅសាលាខេត្តស្ទឹងត្រែង ។

ក្នុងជំនួបពិភាក្សាឯកឧត្ដម យឹម ផែន បានជម្រាបជូនគណ:ប្រតិភូអំពី ការដោះស្រាយបណ្តឹងរបស់ប្រជាពលរដ្ឋ ត្រូវបានអនុវត្តតាមទម្រង់ច្បាប់ គោលការណ៍ណែនាំជាធរមាន ក្នុងនោះមានការដោះស្រាយបណ្ដឹងក្រៅប្រព័ន្ធតុលាការ និងតាមប្រព័ន្ធតុលាការ។ បណ្ដឹងដែលរដ្ឋបាលថ្នាក់ខេត្ត និងផ្នែកមានសមត្ថកិច្ចពាក់ព័ន្ធបានដោះ ស្រាយក្រៅប្រព័ន្ធតុលាការ ភាគច្រើនមានករណីទំនាស់ដីធ្លី ទំនាស់សហព័ទ្ធ និងអំពើហិង្សាក្នុងគ្រួសារ និងករណីសង្គមមួយចំនួន។ ដោយឡែកបណ្ដឹងតាមប្រព័ន្ធតុលាការគឺ បទល្មើសជាក់ស្តែង ដូចដែលអង្គភាពសាលាដំបូងខេត្តបានរាយការណ៍ជូនស្រាប់។ ឯកឧត្តមបានបន្តថា ក្នុងរយៈកាលប៉ុន្មានឆ្នាំចុងក្រោយនេះ រដ្ឋបាលបានខេត្តស្ទឹងត្រែង បានដាក់ចេញនូវយុទ្ធសាស្ត្រដោះស្រាយបញ្ហាអសកម្មជាច្រើន ក្នុងនោះក៏បានរៀបចំឲ្យមានប្រព័ន្ធ យន្តការទំនាក់ទំនងដោយផ្ទាល់ពីប្រជាពលរដ្ឋ ត្រង់មករដ្ឋបាលខេត្ត រួមមានទាំងប្រព័ន្ធទូរស័ព្ទ និងការជួបពិភាក្សាផ្តល់យោបល់ដោយផ្ទាល់។ ជាក់ស្តែងមានករណីវិវាទដីធ្លីចំនួន ១៥ករណី ដែលគណៈកម្មការដ្ឋបាលខេត្ត ក្រុង ស្រុក និងគណៈកម្មការជំនាញពាក់ព័ន្ធ ជាពិសេសមន្ទីរជំនាញ កំពុងដំណើរការនីតិវិធី ក្នុងនោះរួមមានដោះស្រាយចប់ ០៤សំណុំរឿង កំពុងដំណើរការដោះស្រាយ ០៦សំណុំរឿង ក្នុងយន្តការតុលាការ ០៥សំណុំរឿង។ ជាមួយនឹងលទ្ធផលនៃការអនុវត្តកិច្ចការរដ្ឋបាលខាងលើនេះ រដ្ឋបាលខេត្ត ក្រុង ស្រុកក៏នៅមានបញ្ហាប្រឈមមួយចំនួន ដោយកត្តាមនុស្ស ហេដ្ឋារចនាសម្ព័ន្ធរូបវន្ត រួមទាំងបញ្ហាប្រឈមពីកត្តាធម្មជាតិ ដែលត្រូវរួមគ្នាដាក់ចេញនូវផែនការ ដើម្បីដោះស្រាយបញ្ហាប្រឈមទាំងនោះឲ្យសម្រេចជោគជ័យដើម្បីជាប្រយោជន៍សាធារណៈ និងប្រជាជនស្របតាមច្បាប់ បទដ្ឋានគតិយុត្តកំណត់។

ឯកឧត្តម សរ ចំរុង បានមានប្រសាសន៍ថ្លែងអំណរគុណ កោតសរសើរចំពោះរដ្ឋបាលខេត្ត ដែលជានិច្ចកាលបានយកចិត្តទុកដាក់ក្នុងការបម្រើសេវា និងខិតខំដោះស្រាយរាល់ការលំបាកជូនប្រជាពលរដ្ឋ ដោយឈរលើគោលការណ៍ច្បាប់ និងភាពសុខដុមរមនា ។ ឯកឧត្តមបានបន្តថាគណៈកម្មការក៏បានកត់សម្គាល់លើបញ្ហាប្រឈមទាំងអស់របស់ខេត្ត និងទទួលយកសំណើដែលខេត្តបានលើកឡើង យកទៅជម្រាបជូន សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា ដើម្បីជួយធ្វើអន្តរាគមន៍ដោះស្រាយតាមនីតិវិធីរបស់ រដ្ឋសភា។

ឯកឧត្តម បានលើកឡើងពីសកម្មភាពការងារដែលគណៈកម្មកាបានចុះតាមដានអង្កេត និងស្វែងយល់អំពីការគោរពសិទ្ធិមនុស្សនៅកម្ពុជា នៅតាមក្រសួង-ស្ថាប័ន ក្នុងការអនុវត្តឱ្យបានសមស្របតាមរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា និងសេចក្តីប្រកាស ជាសកលស្តីពីសិទ្ធិមនុស្ស ព្រមទាំងរាល់លិខិតបទដ្ឋានគតិយុត្តជាតិ និងអន្តរជាតិនានា ដែលពាក់ព័ន្ធក្នុង វិស័យសិទ្ធិមនុស្ស។ ជាមួយនេះគណៈកម្មការបានចុះជួបជាមួយអាជ្ញាធរថ្នាក់ក្រោមជាតិ ដើម្បីតាមដានការ អនុវត្តច្បាប់ និងស្វែងយល់អំពីវឌ្ឍនភាពការងាររបស់អាជ្ញាធរថ្នាក់ក្រោមជាតិតាមកម្មវិធីនយោបាយថ្នាក់ជាតិ ។ គណៈកម្មការមានយន្តការសម្របសម្រួល ឬធ្វើអន្តរាគមន៍ទៅក្រសួង ស្ថាប័ន ឬអាជ្ញាធរពាក់ព័ន្ធ នានា ដើម្បីពិនិត្យដោះស្រាយជាសមត្ថកិច្ចជូនម្ចាស់បណ្ដឹងតាមរយៈប្រធានរដ្ឋសភា។ ជាមួយនេះ គណៈកម្មការបានចូលរួមជួបពិគ្រោះយោបល់ជាមួយគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា លើសេចក្តីព្រាងច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តិទៅនៃគណៈកម្មាធិការជាតិសិទ្ធិមនុស្ស កាលពីថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៣ នៅវិមានរដ្ឋសភា៕