សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ៖ កិច្ចសហប្រតិបត្តិការរវាងកាកបាទក្រហមនិងអាស៊ាននឹងជំរុញសកម្មភាពមនុស្សធម៌ឱ្យកាន់តែសកម្ម លឿនរហ័ស និងប្រកបដោយប្រសិទ្ធភាពក្នុងការឆ្លើយតបគ្រោះមហន្តរាយ__ សេចក្តីសម្រេច​ ស្តីពីការបែងចែកភារកិច្ចរបស់ថ្នាក់ដឹកនាំអគ្គលេខាធិការដ្ឋានរដ្ឋសភា​ ក្នុងនីតិកាលទី៧​ នៃរដ្ឋសភា__ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី៖ ការជួបជុំគ្រួសារកាកបាទក្រហមអាស៊ីអាគ្នេយ៍ ដើម្បីបង្កើតសម្ព័ន្ធភាពដ៏មានឥទ្ធិពលជាកម្លំាងមនុស្សធម៌ជួយពលរដ្ឋរងគ្រោះ__ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី អញ្ជើញចូលរួមអម សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ក្នុងកិច្ចប្រជុំថ្នាក់ដឹកនាំលើកទី២០ នៃសមាគមជាតិកាកបាទក្រហម និងអឌ្ឍចន្ទក្រហម__ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ចូលរួមពិធីដាំដើមឈើ ជាមួយយុវជននៃសមាគមជាតិកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ភូមិភាគអាស៊ីអាគ្នេយ៍ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា__ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ស្វាគមន៍ការពង្រឹងកិច្ចសហប្រតិបត្តិការជាមួយប្រទេសតួកគី ដើម្បីជំរុញគោលដៅអភិវឌ្ឍន៍របស់កម្ពុជា ក្លាយជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០ ៕


ទំព័រមុខ » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » សម្តេចរដ្ឋសភាធិបតី ឃួន សុដារី និងឯកអគ្គរាជទូតជប៉ុនប្តេជ្ញារួមគ្នាលើកកម្ពស់វិស័យការទូត ពាណិជ្ជកម្ម និងទំនាក់ទំនងរវាងប្រជាជន និងប្រជាជននៃប្រទេសទំាងពីរឱ្យកាន់តែរឹងមាំឡើង
សម្តេចរដ្ឋសភាធិបតី ឃួន សុដារី និងឯកអគ្គរាជទូតជប៉ុនប្តេជ្ញារួមគ្នាលើកកម្ពស់វិស័យការទូត ពាណិជ្ជកម្ម និងទំនាក់ទំនងរវាងប្រជាជន និងប្រជាជននៃប្រទេសទំាងពីរឱ្យកាន់តែរឹងមាំឡើង
រៀបរៀងដោយ ៖​ NARA1472 ​ នៅថ្ងៃទី (9/12/2023 9:49:53 PM )
សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា និង ឯកឧត្តម អ៊ីណូ អាត់ស៊ុស៊ី (Ueno Atsushi) ឯកអគ្គរាជទូតប្រទេសជប៉ុនប្រចាំនៅកម្ពុជា បានប្តេជ្ញារួមគ្នាលើកកម្ពស់វិស័យការទូត និងកិច្ចសហប្រតិបត្តិការប្រទេសទំាងពីរ ឱ្យកាន់តែរឹងមាំឡើង ជាពិសេសជំរុញទំហំពាណិជ្ជកម្ម ការអភិវឌ្ឍធនធានមនុស្ស និងទំនាក់ទំនងប្រជាជន និងប្រជាជន។

ការប្តេជ្ញាចិត្តនេះ ត្រូវបានលើកឡើងនៅក្នុងឱកាស សម្តេចរដ្ឋសភាធិបតី ឃួន សុដារី ទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្តម អ៊ីណូ អាត់ស៊ុស៊ី ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាព នៃប្រទេសជប៉ុនប្រចាំនៅកម្ពុជា នៅវិមានរដ្ឋសភា នាព្រឹកថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៣នេះ។

នៅក្នុងជំនួបសម្តែងការគួរសមនាពេលនេះ សម្តេចរដ្ឋសភាធិបតី ឃួន សុដារី បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះសមិទ្ធផល និងជោគជ័យដែលឯកអគ្គរាជទូតជប៉ុនមុនៗ ក៏ដូចជាឯកឧត្តមឯកអគ្គរាជទូតបច្ចុប្បន្ន សម្រេចបានក្នុងការគាំទ្រ និងលើកកម្ពស់ទំនាក់ទំនង កិច្ចសហប្រតិបត្តិការនៃប្រទេសទាំងពីរលើគ្រប់វិស័យ។ សម្តេចរដ្ឋសភាធិបតី បានគូសបញ្ជាក់ថា កម្ពុជា-ជប៉ុន មានទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជាមួយគ្នាជាយូរមកហើយ ហើយឆ្នាំនេះគឺជាខួបលើកទី៧០ឆ្នាំ នៃចំណងការទូតជាមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា-ជប៉ុន។ ចំណងការទូតនេះ ត្រូវបានថ្នាក់ដឹកនាំប្រទេសទាំងពីរបន្តថែរក្សា និងលើកកម្ពស់តាំងពីសម័យ ព្រះបរមរតនកោដ្ឋ ព្រះបាទនរោត្តមសីហនុ សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ជាមួយនឹងព្រះចៅអធិរាជជប៉ុន នាយករដ្ឋមន្ត្រី និងថ្នាក់ដឹកនាំជប៉ុននានា រហូតដល់ពេលបច្ចុប្បន្ន។ សម្តេចរដ្ឋសភាធិបតី ប្រធានរដ្ឋសភា បានលើកឡើងបន្ថែមថា ទំនាក់ទំនងកម្ពុជា-ជប៉ុន ជាទំនាក់ទំនងដែលកើតចេញពីបេះដូងនិងបេះដូង ដោយឈរលើគុណតម្លៃរួម ការគោរពគ្នាទៅវិញទៅមក ការជឿជាក់ និងផលប្រយោជន៍ឱ្យគ្នាទៅវិញទៅមក។

ជាងនេះទៅទៀត នាឱកាសនៃការអបអរសាទរខួបលើកទី៧០ នៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ កម្ពុជា និងជប៉ុន បានតម្លើងកម្រិតនៃកិច្ចសហប្រតិបត្តិការឈានដល់ "ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ"។

សម្តេចរដ្ឋសភាធិបតី ឃួន សុដារី បានមានប្រសាសន៍សង្កត់ធ្ងន់ថា កម្ពុជាពិតជាមានមោទកភាព និងអរគុណយ៉ាងជ្រាលជ្រៅ ចំពោះការអភិវឌ្ឍផ្នែកសេដ្ឋកិច្ចសង្គម ដែលបានមកពីការរួមចំណែកនៃវិនិយោគជប៉ុន លើវិស័យសំខាន់ៗជាច្រើន រួមមានវិស័យធនាគារ ការផ្ទេរបច្ចេកវិទ្យា អេឡិចត្រូនិច និងរថយន្ត និងការបង្កើតឱកាសការងារ ដោយបានជួយរួមចំណែកកាត់បន្ថយភាពក្រីក្រនៅកម្ពុជា ព្រមទាំងជួយ ឱ្យកម្ពុជាទទួលបាននូវកំណើនសេដ្ឋកិច្ចជាវិជ្ជមាន។

ឯកឧត្តម អ៊ីណូ អាត់ស៊ុស៊ី បានសម្តែងនូវការអបអរសាទរចំពោះ សម្តេចរដ្ឋសភាធិបតី ឃួន សុដារី ដែលត្រូវបានរដ្ឋសភាបោះឆ្នោតជ្រើសតំាងជាប្រធានរដ្ឋសភាក្នុងនីតិកាលថ្មីនេះ។ សម្តេចរដ្ឋសភាធិបតី ជាស្រ្តីកម្ពុជាដំបូង ដែលទទួលបានតួនាទីដ៏ខ្ពង់ខ្ពស់ និងពិតជាមានសារៈសំខាន់ ក្នុងការបន្តដឹកនាំស្ថាប័ននីតិប្បញ្ញត្តិឱ្យសម្រេចបាននូវសមិទ្ធផលថ្មីៗជាច្រើនទៀតក្នុងការបម្រើប្រទេសជាតិ និងប្រជាជនទៅថ្ងៃអនាគត។

ឆ្លើយតបសំណូមពររបស់ សម្តេចរដ្ឋសភាធិបតី ឯកឧត្តម អ៊ីណូ អាត់ស៊ុស៊ី បានសន្យាថា នឹងខិតខំបំពេញបេសកកម្មការទូតនៅកម្ពុជាឱ្យទទួលបានជោគជ័យ ជាពិសេសជំរុញលើកកម្ពស់ ទំហំពាណិជ្ជកម្មប្រទេសទំាងពីរ ឱ្យកាន់តែកើនឡើង លើកទឹកចិត្តអ្នកទេសចរណ៍ និងអ្នកវិនិយោគជប៉ុនមកកម្ពុជាឱ្យកាន់តែច្រើន និងបានសន្យាបន្តជួយផ្តល់អាហារូបករណ៍ដល់សិស្ស និស្សិត មន្រ្តីរាជការកម្ពុជា បានទៅសិក្សានៅប្រទេសជប៉ុន ជួយបណ្តុះបណ្តាលជំនាញដល់ពលករខ្មែរ ដែលធ្វើការនៅប្រទេសជប៉ុន និងជួយកសាងអភិវឌ្ឍន៍ធនធានមនុស្ស រួមមានការលើកកម្ពស់សមត្ថភាពតំណាងរាស្រ្តវ័យក្មេង និងមន្រ្តីរាជការអគ្គលេខាធិការដ្ឋានរដ្ឋសភា ជាដើម។

ជប៉ុនគឺជាប្រទេសដែលបានរួមចំណែកដ៏សំខាន់ក្នុងការស្វែងរកសន្តិភាព និងការស្តារអភិវឌ្ឍន៍កម្ពុជា។ សម្តេចរដ្ឋសភាធិបតី ឃួន សុដារី បានបញ្ជាក់ប្រាប់ ឯកឧត្តម អ៊ីណូ អាត់ស៊ុស៊ី ថា ប្រជាជនកម្ពុជាមិនអាចបំភ្លេចបាននូវការរួមចំណែក និងវិភាគទានដ៏សំខាន់នេះឡើយ ៕
 
អត្ថបទ និងរូបភាព ដោយនាយកដ្ឋានព័ត៌មាន