Home » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » ឯកឧត្ដម ជាម ប៉េអា តំណាងរាស្ត្រមណ្ឌលខេត្តព្រៃវែង អញ្ជើញចូលរួមពិធីប្រគេនទៀនព្រះវស្សា និងទេយ្យវត្ថុជូនវត្តចំនួន ៥៣ នៅស្រុកស៊ីធរកណ្ដាល
ឯកឧត្ដម ជាម ប៉េអា តំណាងរាស្ត្រមណ្ឌលខេត្តព្រៃវែង អញ្ជើញចូលរួមពិធីប្រគេនទៀនព្រះវស្សា និងទេយ្យវត្ថុជូនវត្តចំនួន ៥៣ នៅស្រុកស៊ីធរកណ្ដាល
Prepaired By: NA0989 ​ Date: (8/6/2026 12:33:27 AM )

ខេត្តព្រៃវែង៖ ឯកឧត្ដម ជាម ប៉េអា តំណាងរាស្ត្រមណ្ឌលខេត្តព្រៃវែង និងជាសមាជិកគណៈកម្មការទី២ នៃរដ្ឋសភា នាព្រឹកថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៦ បានអញ្ជើញចូលរួមជាមួយ ឯកឧត្ដមបណ្ឌិត តុប នេត ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកស៊ីធរកណ្ដាល និងក្រុមការងារចុះមូលដ្ឋានទាំង ១១ឃុំ នៃស្រុកស៊ីធរកណ្ដាល ក្នុងពិធីប្រគេនទៀនព្រះវស្សា និងទេយ្យវត្ថុជូនព្រះសង្ឃ ក្នុងឱកាសចូលព្រះវស្សា ដែលបានប្រព្រឹត្តទៅនៅវត្តអន្លង់សរ ឃុំរំលេច ស្រុកស៊ីធរកណ្ដាល ខេត្តព្រៃវែង។

ពិធីនេះរៀបចំឡើងក្នុងគោលបំណងបន្តថែរក្សា និងលើកតម្កើងប្រពៃណីព្រះពុទ្ធសាសនាដ៏ល្អផូរផង់ ព្រមទាំងបង្ហាញនូវសទ្ធាជ្រះថ្លារបស់ពុទ្ធបរិស័ទក្នុងការចូលរួមទ្រទ្រង់ព្រះពុទ្ធសាសនា លើកកម្ពស់វប្បធម៌នៃការចែករំលែក និងពង្រឹងសាមគ្គីភាពក្នុងសង្គម។

ក្នុងឱកាសនោះ ព្រះសង្ឃ គណៈកម្មការវត្ត និងលោកអាចារ្យ មកពីវត្តចំនួន ៥៣វត្ត បាននិមន្ត និងអញ្ជើញចូលរួមទទួលទេយ្យវត្ថុ ដោយក្នុងមួយវត្តៗ រួមមាន ទៀនព្រះវស្សា អង្ករ មី ទឹកត្រី ទឹកស៊ីអ៊ីវ តែ ស្ករស ទឹកដោះគោ កាហ្វេ ទឹកបរិសុទ្ធ និងបច្ច័យសម្រាប់កសាងទីអារាម។ ទន្ទឹមនឹងនេះ ក៏មានការចែកបច្ច័យជូនពុទ្ធបរិស័ទដែលបានចូលរួមចំនួន ៣៥០នាក់ ផងដែរ។

មានប្រសាសន៍សំណេះសំណាលក្នុងឱកាសនោះ ឯកឧត្ដម ជាម ប៉េអា និងឯកឧត្ដមបណ្ឌិត តុប នេត បានលើកឡើងពីតម្លៃដ៏សំខាន់នៃសន្តិភាព ដែលជាមូលដ្ឋានដ៏ចាំបាច់សម្រាប់ការរស់នៅប្រកបដោយសុខដុមរមនា។

ឯកឧត្ដមបានគូសបញ្ជាក់ថា ដោយសារប្រទេសជាតិមានសុខសន្តិភាព ស្ថិរភាពនយោបាយ និងការអភិវឌ្ឍលើគ្រប់វិស័យ ទើបប្រជាពលរដ្ឋមានឱកាសពេញលេញក្នុងការគោរពប្រតិបត្តិព្រះពុទ្ធសាសនា និងថែរក្សាប្រពៃណីវប្បធម៌ជាតិ។ ព្រះពុទ្ធសាសនា មិនត្រឹមតែជាទីពឹងផ្លូវចិត្តប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងមានតួនាទីសំខាន់ក្នុងការអប់រំសីលធម៌ ចរិយាធម៌ និងចូលរួមកសាងសង្គមជាតិឱ្យមានសាមគ្គីភាព និងការរីកចម្រើន។

ការប្រារព្ធពិធីប្រគេនទៀនព្រះវស្សា និងទេយ្យវត្ថុនាពេលនេះ បានឆ្លុះបញ្ចាំងពីការចូលរួមលើកស្ទួយព្រះពុទ្ធសាសនា អភិរក្សប្រពៃណីជាតិ និងពង្រឹងស្មារតីសាមគ្គីភាព សប្បុរសធម៌ និងការចែករំលែកក្នុងសង្គមកម្ពុជា៕