នារសៀលថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៦ លោកជំទាវ ឡោក ខេង ប្រធានគណៈកម្មការទី៨ នៃរដ្ឋសភា បានអញ្ជើញនាំយកទៀនចំណាំព្រះវស្សា ព្រមទាំងទេយ្យទាន ប្រគេនព្រះសង្ឃដែលគង់ចាំព្រះវស្សាអស់ត្រីមាស នៅវត្តចំនួន៣ រួមមាន៖
១.វត្តក្រពើហា ស្ថិតក្នុងក្រុងតាខ្មៅ ខេត្តកណ្តាល ដែលលោកជំទាវបានអញ្ជើញប្រគេនដោយផ្ទាល់។
២.វត្តព្រះអង្គព្រះជ្រលង ស្ថិតក្នុងឃុំក្រែក ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។
៣.វត្តសមាធិ ស្ថិតក្នុងភូមិក្រែក ឃុំក្រែក ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ដែលវត្តទាំងពីរនេះ លោកជំទាវបានចាត់តំណាងនាំយកទេយ្យទានទៅប្រគេន។
ក្នុងឱកាសនោះ លោកជំទាវ ក៏បានប្រគេនបច្ច័យសម្រាប់កសាង និងចាត់ចែងការងារក្នុងវត្តទាំង៣ សរុបចំនួន ៣,០០០,០០០ រៀល (បីលានរៀល) ដើម្បីរួមចំណែកទ្រទ្រង់វិស័យព្រះពុទ្ធសាសនា និងបន្តថែរក្សាប្រពៃណីដ៏ល្អផូរផង់របស់ជាតិ។
ក្នុងឱកាសដ៏ប្រពៃនេះ លោកជំទាវបានឧទ្ទិសផលបុណ្យកុសល សូមអានុភាពនៃព្រះរតនត្រ័យ និងបុណ្យកុសលទាំងឡាយ តាមជួយបីបាច់ថែរក្សា ប្រាសចាកពីជំងឺតម្កាត់ និងគ្រោះភ័យទាំងពួង ព្រមទាំងប្រសិទ្ធពរជ័យដល់ប្រជាពុទ្ធបរិស័ទទាំងអស់ ឱ្យជួបប្រទះតែសេចក្តីសុខ សេចក្តីចម្រើន និងពុទ្ធពរទាំង៤ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។
ជាពិសេស លោកជំទាវ បានបួងសួងសូមជូនពរដល់វីរយុទ្ធជន យុទ្ធនារី និងកងទ័ពកម្ពុជាគ្រប់រូប ដែលកំពុងឈរជើងបំពេញភារកិច្ចយ៉ាងក្លាហាននៅសមរភូមិមុខ ដើម្បីការពារបូរណភាពទឹកដី សន្តិសុខ និងសុខសន្តិភាពជូនជាតិមាតុភូមិ សូមឱ្យមានកម្លាំងកាយចិត្តមាំមួន សុខសុវត្ថិភាព និងទទួលបានជោគជ័យក្នុងបេសកកម្មដ៏ឧត្តុង្គឧត្តម ៕