Home » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » សម្តេចប្រធានរដ្ឋសភា ចាត់តំណាងនាំយកទៀនចំណាំព្រះវស្សា និងទេយ្យទានប្រគេនព្រះសង្ឃ នៅវត្តវិមានតេជៈ (ហៅវត្តស្រះចក)
សម្តេចប្រធានរដ្ឋសភា ចាត់តំណាងនាំយកទៀនចំណាំព្រះវស្សា និងទេយ្យទានប្រគេនព្រះសង្ឃ នៅវត្តវិមានតេជៈ (ហៅវត្តស្រះចក)
Prepaired By: NARA1472 ​ Date: (7/27/2026 12:10:01 AM )
ភ្នំពេញ៖ សម្តេចមហារដ្ឋសភា ធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានចាត់ លោកជំទាវ ឃួន វិឡាវណ្ណ ទីប្រឹក្សាផ្ទាល់សម្តេចប្រធានរដ្ឋសភា ជាតំណាងដ៏ខ្ពង់ខ្ពស់ និងក្រុមគ្រួសារ មន្ត្រីជំនួយការ ព្រមទាំងក្រុមញាតិ បាននាំយកទៀនចំណាំព្រះវស្សា និងទេយ្យទាន ប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តវិមានតេជៈ (ហៅវត្តស្រះចក) ស្ថិតនៅក្នុងខណ្ឌដូនពេញ រាជធានី ភ្នំពេញ។

ក្នុងវេលាដ៏ប្រពៃថ្លៃថ្លានោះ លោកជំទាវ ឃួន វិឡាវណ្ណ បានបូជាទៀនធូប និងថ្វាយផ្កាភ្ញីជាកិច្ចរំលឹកនឹកដល់គុណបុណ្យព្រះរតនត្រ័យ តាមគន្លងប្រពៃណីព្រះពុទ្ធសាសនា និងបានឧទ្ទិសមហាកុសលផលបុណ្យជូនវិញ្ញាណក្ខន្ធបុព្វការីជន វីរយុទ្ធជនអ្នកស្នេហាជាតិ ព្រមទាំងវិញ្ញាណក្ខន្ធញាតិសាលោហិតទាំង៧សន្តាន ដែលបានចែកឋានទៅកាន់បរលោកខាងមុខហើយនោះ សូមវិញ្ញាណក្ខន្ធអ្នកទាំងអស់ បានសោយសុខក្នុងឋានដ៏ខ្ពង់ខ្ពស់ និងក្នុងសុគតិភព កុំបីឃ្លៀងឃ្លាតឡើយ។

ទេយ្យវត្ថុដែលជាសទ្ធាដ៏ជ្រះថ្លាក្នុងព្រះពុទ្ធសាសនារបស់ សម្តេចប្រធានរដ្ឋសភា នាឱកាសនេះ បានវេរប្រគេនចំពោះព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តវិមានតេជៈ (ហៅវត្តស្រះចក)រួមមានទៀន ព្រះវស្សា ២ដើម ទេយ្យវត្ថុមួយចំនួនទៀត និងបច្ច័យចំនួន ១៦.៨៤០.០០០រៀល។

ពិធីបុណ្យចូលព្រះវស្សា ជាពិធីបុណ្យមួយដែលមានសារៈសំខាន់ក្នុងព្រះពុទ្ធសាសនា ជាពេលវេលាដ៏សំខាន់សម្រាប់ភិក្ខុសង្ឃ និងសាមណេរបានរៀនធម៌ និងវិន័យយ៉ាងខ្ជាប់ខ្ជួនតាមពុទ្ធឱវាទ។ ពុទ្ធសាសនិក តែងតែនាំគ្នាប្រារព្ធពិធីបុណ្យដោយនាំយកជាទេយ្យទាននិងបច្ច័យ វេរប្រគេនព្រះសង្ឃតាមសទ្ធាជ្រះថ្លារៀងៗខ្លួន។ ពិធីបុណ្យចូលព្រះវស្សា ប្រារព្ធធ្វើឡើងជារៀងរាល់ឆ្នាំចាប់ពីថ្ងៃ ១រោច ខែអាសាឍ ដល់ថ្ងៃ ១៥កើត ខែអស្សុជ៕