Home » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » លោកជំទាវ ឡោក ខេង នាំយកទៀនវស្សា និងទេយ្យទាន ប្រគេនព្រះសង្ឃ ព្រមទាំងពិនិត្យការត្រៀមរៀបចំពិធីបុណ្យសឡាកភត្ត និងបុណ្យផ្កាប្រាក់មហាសាមគ្គី
លោកជំទាវ ឡោក ខេង នាំយកទៀនវស្សា និងទេយ្យទាន ប្រគេនព្រះសង្ឃ ព្រមទាំងពិនិត្យការត្រៀមរៀបចំពិធីបុណ្យសឡាកភត្ត និងបុណ្យផ្កាប្រាក់មហាសាមគ្គី
Prepaired By: NARA1472 ​ Date: (7/27/2026 12:09:57 AM )
ខេត្តកណ្តាល៖ លោកជំទាវ ឡោក ខេង ប្រធានគណៈកម្មការទី៨ នៃរដ្ឋសភា កាលថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៦ ម្សិលមិញនេះ បានអញ្ជើញនាំយកទៀនចំណាំព្រះវស្សា ព្រមទាំងបច្ច័យចំនួន ៥លានរៀល គ្រឿងឧបភោគបរិភោគ និងទេយ្យវត្ថុ ប្រគេនដល់ព្រះសង្ឃដែលគង់ចាំព្រះវស្សានៅវត្តទឹកជុំ (ហៅវត្តលោកឪសាន) ស្ថិតក្នុងឃុំក្រាំងល្វា ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង និងវត្តព្រះឥន្ទសាមគ្គីធម៌ (ហៅវត្តបែកចាន) ស្ថិតក្នុងស្រុកអង្គស្នួល ខេត្តកណ្តាល។

ក្នុងឱកាសនោះ លោកជំទាវ ក៏បានអញ្ជើញចុះពិនិត្យការរៀបចំទីតាំង ដើម្បីត្រៀមលក្ខណៈសម្រាប់រៀបចំពិធីបុណ្យសឡាកភត្តព្រះឥន្ទសាមគ្គីធម៌ និងពិធីបុណ្យផ្កាប្រាក់មហាសាមគ្គី ដើម្បីជួយទ្រទ្រង់សាកលវិទ្យាល័យសម្ដេចព្រះមហាសង្ឃរាជ បួរ គ្រី ដែលប្រព្រឹត្តទៅនៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៦ ក្រោមអធិបតីភាព ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ។

ក្នុងឱកាសដ៏ប្រពៃនេះ លោកជំទាវ ឡោក ខេង បានបួងសួងដល់វត្ថុសក្តិសិទ្ធិក្នុងលោក និងទេវតារក្សាទឹកដី សូមប្រោសប្រទានពរជ័យ សិរីសួស្តី វិបុលសុខ និងសន្តិភាព ជូនដល់ប្រជាពលរដ្ឋខ្មែរទូទាំងប្រទេស។ ជាពិសេស សូមប្រសិទ្ធពរជ័យជូនដល់វីរយុទ្ធជន យុទ្ធនារី និងកងទ័ពខ្មែរទាំងអស់ ដែលកំពុងបំពេញភារកិច្ចការពារបូរណភាពទឹកដី សន្តិសុខ និងសុខសន្តិភាពជូនជាតិមាតុភូមិ ឱ្យមានកម្លាំងពលំមាំមួន សុខសុវត្ថិភាព និងទទួលបានជ័យជម្នះគ្រប់ភារកិច្ច ៕