ខេត្តកំពត៖ នាព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម វ៉ាន់ ដារ៉ា តំណាងរាស្ត្រមណ្ឌលខេត្តកំពត និងជាសមាជិកគណៈកម្មការផែនការ វិនិយោគ កសិកម្ម រុក្ខាប្រមាញ់ នេសាទ អភិវឌ្ឍន៍ជនបទ បរិស្ថាន ធនធានទឹក និងឧតុនិយម នៃរដ្ឋសភា បានអញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធសព លោកមេឃុំល្អាង ស្ថិតក្នុងស្រុកដងទង់ ខេត្តកំពត។
ក្នុងមនោសញ្ចេតនាដ៏សែនក្រៀមក្រំ និងសោកស្តាយជាទីបំផុត ឯកឧត្តម បានសម្តែងនូវការរំលែកទុក្ខយ៉ាងជ្រាលជ្រៅបំផុតជាមួយគ្រួសារនៃសព ចំពោះការបាត់បង់នូវប្តី ឪពុក ឪពុកក្មេក និងជាជីដូនជីទួត ជាទីគោរពស្រឡាញ់បំផុត ដែលកន្លងមកតែងតែបានខិតខំលះបង់ កសាង និងអភិវឌ្ឍន៍មូលដ្ឋាន ព្រមទាំងអប់រំទូន្មានកូនចៅឱ្យក្លាយជាធនធានមនុស្សដ៏ឆ្នើមសម្រាប់សង្គមជាតិ។
ក្នុងឱកាសដ៏ក្រៀមក្រំនេះ ឯកឧត្តម វ៉ាន់ ដារ៉ា បានបួងសួងដល់ដួងវិញ្ញាណក្ខន្ធលោកមេឃុំ សូមបានទៅកាន់សុគតិភព និងសោយសុខក្នុងឋានបរមសុខជានិច្ចនិរន្តរ៍ កុំបីឃ្លៀងឃ្លាតឡើយ។ ជាមួយគ្នានេះ ឯកឧត្តមក៏បានឧបត្ថម្ភថវិកាចំនួន ៥០០,០០០ រៀល ជូនដល់គ្រួសារនៃសពផងដែរ។
បន្ទាប់មក ឯកឧត្តម វ៉ាន់ ដារ៉ា បានអញ្ជើញបន្តជួបសំណេះសំណាល និងនាំយកអំណោយជូនដល់គ្រួសារវីរកងទ័ពចំនួន ២គ្រួសារ នៅឃុំទូកមាសខាងលិច ស្រុកបន្ទាយមាស ខេត្តកំពត។ ឯកឧត្តមបានថ្លែងអំណរគុណ និងកោតសរសើរយ៉ាងជ្រាលជ្រៅចំពោះពលិកម្មដ៏ធំធេងរបស់កងទ័ពយើងក្នុងការការពារជាតិមាតុភូមិ។
ជាមួយគ្នានេះ ឯកឧត្តមបានឧបត្ថម្ភអំណោយជាសម្ភារ និងថវិកា ដោយក្នុងមួយគ្រួសារទទួលបានរួមមាន៖ អង្ករ២៥គីឡូក្រាម មី ត្រីខ ទឹកត្រី ទឹកស៊ីអ៊ីវ ប៊ីចេង អំបិល ក្រមា សៀវភៅ និងថវិកា១០០.០០០រៀលក្នុងមួយគ្រួសារផងដែរ៕