Home » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » លោកជំទាវ អ៊ុន សុគន្ធា អញ្ជើញប្រគេនទៀនព្រះវស្សា និងទេយ្យទាន នៅវត្តកូនសត្វ ស្រុកទឹកឈូ
លោកជំទាវ អ៊ុន សុគន្ធា អញ្ជើញប្រគេនទៀនព្រះវស្សា និងទេយ្យទាន នៅវត្តកូនសត្វ ស្រុកទឹកឈូ
Prepaired By: NARA1472 ​ Date: (7/27/2026 12:09:48 AM )
ខេត្តកំពត៖ លោកជំទាវ អ៊ុន សុគន្ធា លេខាធិការគណៈកម្មការមហាផ្ទៃ ការពារជាតិ មុខងារសាធារណៈ និងកិច្ចការព្រំដែន និងជាតំណាងរាស្ត្រមណ្ឌលខេត្តកំពត នាព្រឹកថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៦ អមដំណើរដោយថ្នាក់ដឹកនាំ មន្ត្រីរាជការ អាជ្ញាធរមូលដ្ឋាន ព្រមទាំងពុទ្ធបរិស័ទ យ៉ាងច្រើនកុះករ បានអញ្ជើញប្រគេនទៀនព្រះវស្សា និងទេយ្យទាន ជូនដល់ព្រះសង្ឃដែលគង់ចាំព្រះវស្សាអស់ត្រីមាស នៅវត្តកូនសត្វ ស្ថិតក្នុងឃុំកូនសត្វ ស្រុកទឹកឈូ ខេត្តកំពត។

ក្នុងឱកាសដ៏ប្រពៃនេះ លោកជំទាវ បានអុជធូបទៀន ថ្វាយផ្កាភ្ញី និងឧទ្ទិសកុសលផលបុណ្យ ជូនដល់បុព្វការីជន វីរយុទ្ធជន និងញាតកាទាំង៧សន្តាន ដែលបានចែកឋានទៅកាន់លោកខាងមុខ សូមបានសោយសុខក្នុងឋានសុគតិភព កុំបីឃ្លៀងឃ្លាតឡើយ។

ទេយ្យវត្ថុ និងបច្ច័យដែលបានប្រគេនដល់វត្ត រួមមាន៖ ទៀនព្រះវស្សា ១គូ អង្ករ មី ទឹកត្រី ទឹកផ្លែឈើ និងទឹកបរិសុទ្ធ និងបច្ច័យសរុបចំនួន ១,១០០,០០០រៀល។ អំណោយទាំងអស់នេះ មានគោលបំណងចូលរួមទ្រទ្រង់វិស័យព្រះពុទ្ធសាសនា និងសម្រួលដល់ការគង់ចាំព្រះវស្សារបស់ព្រះសង្ឃ។

សូមបញ្ជាក់ថា ពិធីប្រគេនទៀនព្រះវស្សា គឺជាប្រពៃណីដ៏ល្អផូរផង់របស់ពុទ្ធសាសនិកខ្មែរ ដែលតែងតែប្រតិបត្តិជារៀងរាល់ឆ្នាំ ដើម្បីគាំទ្រដល់ការគង់ចាំព្រះវស្សារបស់ព្រះសង្ឃ និងរួមចំណែកលើកស្ទួយព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋឲ្យកាន់តែចម្រើនរុងរឿង៕