សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៅព្រឹកថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៦ អញ្ជើញនាំយកទៀនចំណាំព្រះវស្សា និងទេយ្យទានប្រគេនចំពោះព្រះសង្ឃគង់ចាំព្រះវស្សាចំនួន១២វត្ត នៅក្នុងខេត្តកណ្តាល។ កម្មវិធីនេះបានប្រារព្ធធ្វើនៅវត្តសុវណ្ណវារី ហៅវត្តព្រែក តាទែន ស្ថិតនៅក្នុងឃុំព្រែកតាទែន ស្រុកពញាឮ ខេត្តកណ្តាល ដោយនិមន្តជាព្រះរាជអធិបតី សម្តេចព្រះឧត្តមមុនី ជា សំអាង សមាជិក ថេរសភា នៃព្រះពុទ្ធសាសនា ព្រះអគ្គាធិការរង នៃអគ្គាធិការដ្ឋានពុទ្ធិកសិក្សាជាតិ, ព្រះវិមលវេទី មេគណខេត្តកណ្តាល និងជាព្រះចៅអធិការវត្តសុវណ្ណវារី ហៅវត្តព្រែកតាទែន។
ពិធីដ៏អធិកអធម តាមគន្លងព្រះពុទ្ធសាសនានេះ មានការអញ្ជើញចូលរួមយ៉ាងច្រើនកុះករជាពិសេស ក្រុមការងារចលនាស្ត្រីនៃក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកណ្ដាល ក្រុមការងារចលនាស្រ្តីចុះមូលដ្ឋាន ក្រុង ស្រុក ទូទាំងខេត្តកណ្ដាលព្រមទំាងថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃអគ្គលេខាធិការដ្ឋានរដ្ឋសភា ប្រជាពុទ្ធបរិស័ទជិតឆ្ងាយ ក្នុងបរិយាកាសរីករាយ និងប្រកបដោយសទ្ធាជ្រះថ្លាបំផុត។
នៅក្នុងឱកាសនោះ សម្តេចប្រធានរដ្ឋសភា បានបួងសួងចំពោះព្រះរតនត្រ័យ សូមឱ្យប្រជាពលរដ្ឋ និងប្រទេសជាតិប្រកបដោយសេចក្តីសុខសេចក្តីចម្រើនជាបន្តទៀត។ ជាពិសេសសម្តេចបានបួងសួងសូមឱ្យវីរយុទ្ធជននៅក្នុងសមរភូមិមុខ ទទួលបាននូវសុខសុវត្ថិភាពឈ្នះអស់មារសត្រូវក្នុងបុព្វហេតុដ៏ឧត្តុង្គឧត្តមការពារបូរណភាពទឹកដី។
សម្តេចបានឧទ្ទិសមហាកុសលផលបុណ្យជូនវិញ្ញាណក្ខន្ធបុព្វការីជន វីរយុទ្ធជនអ្នកស្នេហាជាតិ ព្រមទាំងវិញ្ញាណក្ខន្ធញាតិសាលោហិតទាំង៧ សណ្ដានដែលបានចែកឋានទៅកាន់បរលោកខាងមុខហើយនោះ សូមវិញ្ញាណក្ខន្ធអ្នកទាំងអស់បានសោយសុខក្នុងឋានដ៏ខ្ពង់ខ្ពស់ និងក្នុងសុគតិភព កុំបីឃ្លៀងឃ្លាតឡើយ។
ជាពុទ្ធសាសនូបត្ថម្ភក៍មួយរូប ដែលបានទ្រទ្រង់ និងប្រតិបត្តិនូវព្រះពុទ្ធសាសនាជារហូតមក ការនាំយកទេយ្យទាន និងបច្ច័យវេរប្រគេនចំពោះសង្ឃដែលគង់ចាំព្រះវស្សានាឱកាសនេះ មិនត្រឹមតែជាការទំនុកបម្រុងដល់ព្រះសង្ឃក្នុងរដូវចូលព្រះវស្សាប៉ុណ្ណោះទេ។ ប៉ុន្តែក៏បានបង្ហាញពីសទ្ធាជ្រះថ្លាដ៏ជ្រាលជ្រៅរបស់សម្តេចចំពោះព្រះពុទ្ធសាសនា និងការបន្តថែរក្សាប្រពៃណីដ៏ល្អផូរផង់របស់ជាតិ។
សម្តេចប្រធានរដ្ឋសភា បានវេរប្រគេនព្រះសង្ឃចំនួន១២វត្ត រួមមាន វត្តស្វាយជ្រុំ ក្រុងអរិយក្សត្រ, វត្តស្លាកែត ស្រុកកៀនស្វាយ, វត្តព្រែកអំបិល ស្រុកស្អាង, វត្តកោះធំ ស្រុកកោះធំ, វត្តឧទ័យសាគរ (ហៅវត្តទឹកឃ្លាំង) ស្រុកល្វាឯម, វត្តព្រះវិហារសួគ៌ ស្រុកខ្សាច់កណ្តាល, វត្តវិហារបិទមាស ស្រុកកណ្តាលស្ទឹង, វត្តអង្គបារាយណ៍ ស្រុកពញាឭ, វត្តត្នោត ស្រុកអង្គស្នួល, វត្តឫស្សីជ្រោយ ស្រុកមុខកំពូល និងវត្តកំពង់ថ្កល ក្រុងសំពៅពូន ក្នុងមួយវត្តបច្ច័យចំនួន២លានរៀល ទៀនព្រះវស្សាមួយគូរ ទេយ្យទានជាចង្ហាន់ និងរបស់របរប្រើប្រាស់ជាច្រើន។ ចំពោះវត្តសុវណ្ណវារី ហៅវត្តព្រែកតាទែនបច្ច័យចំនួន១៩លានរៀល។ សម្តេចប្រធានរដ្ឋសភា ក៏បានឧបត្ថម្ភថវិកាមួយចំនួនជូនកងកម្លាំងប្រដាប់អាវុធ និងក្រុមចលនាស្រ្តីខេត្ត ជូនលោកតាលោកយាយចូលរួមកម្មវិធី ផងដែរ។
បុណ្យចូលព្រះវស្សាគឺជាពិធីមួយដែលមានសារៈសំខាន់ក្នុងព្រះពុទ្ធសាសនា ជាពេលវេលាដ៏សំខាន់សម្រាប់ព្រះសង្ឃបានសិក្សាធម៌ វិន័យយ៉ាងខ្ជាប់ខ្ជួនតាមពុទ្ធឱវាទ ចាប់ពីថ្ងៃ ១រោច ខែអាសាឍ រហូតដល់ថ្ងៃ ១៥កើត ខែកត្តិក។ នៅក្នុងរយៈពេលនៃការចូលព្រះវស្សាប្រជាបរិស័ទ តែងនាំយកនូវទេយ្យទាន សំពត់សាដក ភេសជ្ជៈ និងរបស់ប្រើប្រាស់ផ្សេងៗ ទៅប្រគេនព្រះសង្ឃគង់ចាំព្រះវស្សាតាមទីវត្តអារ៉ាមនានា តាមសទ្ធាជ្រះថ្លា៕