វិមានរដ្ឋសភា៖ ឯកឧត្តមបណ្ឌិតសភាចារ្យ ម៉ា ឈឿន ប្រធានស្តីទីគណៈកម្មការផែនការ វិនិយោគ កសិកម្ម អភិវឌ្ឍន៍ជនបទ បរិស្ថាន ធនធានទឹក និងឧតុនិយម (គណៈកម្មការទី៣) នៃរដ្ឋសភា បានមានប្រសាសន៍ថា ការអភិវឌ្ឍគឺជាគ្រឹះចាំបាច់សម្រាប់ប្រទេសជាតិ ប៉ុន្តែទន្ទឹមគ្នានេះ ការការពារបរិស្ថានក៏ជារឿងដែលត្រូវគិតគូរ និងមិនអាចខ្វះបានឡើយ។
ឯកឧត្តមបណ្ឌិតសភាចារ្យ បានមានប្រសាសន៍បែបនេះ នៅក្នុងកម្មវិធី «ភាពជាអ្នកដឹកនាំក្នុងអភិបាលកិច្ចបរិស្ថានប្រកបដោយចីរភាព» ដែលបានបើកឱកាសឱ្យយុវជនមកពីអង្គការក្រុមប្រឹក្សាយុវជនកម្ពុជា (YCC) ចូលរួមឈ្វេងយល់ដោយផ្ទាល់អំពីអភិបាលកិច្ចបរិស្ថាន នៅវិមានរដ្ឋសភា នាព្រឹកថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២៦។
សូមជម្រាបជូនថា កម្មវិធីនេះរៀបចំឡើងក្នុងគោលបំណងបង្កើនការយល់ដឹងដល់យុវជន អំពីយន្តការ នីតិកម្ម និងតួនាទីត្រួតពិនិត្យរបស់រដ្ឋសភា ក្នុងវិស័យបរិស្ថាន ពង្រឹងទំនាក់ទំនងសហប្រតិបត្តិការរវាងស្ថាប័នរដ្ឋ និងសង្គមស៊ីវិល ព្រមទាំងផ្តល់ឱកាសដល់យុវជនក្នុងការបញ្ចេញមតិ និងលើកសំណើដោយផ្ទាល់ទៅកាន់អ្នកតាក់តែងគោលនយោបាយ។
នៅក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិតសភាចារ្យ ម៉ា ឈឿន បានលើកឡើងថា បរិស្ថានក្នុងពេលបច្ចុប្បន្នកំពុងរងផលប៉ះពាល់យ៉ាងខ្លាំង តាមរយៈសកម្មភាពរបស់មនុស្ស តួយ៉ាងដូចជា ការបំពុលទឹក ការបំពុលខ្យល់ ការកាប់បំផ្លាញព្រៃឈើ និងការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ជាដើម។ កត្តាទាំងនេះ បាននាំឱ្យមានការប្រែប្រួលអាកាសធាតុ របបទឹកភ្លៀង និងបាតុភូតធម្មជាតិខុសប្រក្រតី ដែលជះឥទ្ធិពលអវិជ្ជមានដោយផ្ទាល់ដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ជាពិសេសប្រជាជននៅតាមជនបទ និងប្រជាកសិករ។
ដើម្បីចូលរួមកាត់បន្ថយបញ្ហាបរិស្ថាន រដ្ឋសភា តាមរយៈគណៈកម្មការទី៣ បាននិងកំពុងបង្កើនការត្រួតពិនិត្យ និងតាមដានលើគោលនយោបាយ និងការអភិវឌ្ឍ ដោយផ្តោតសំខាន់លើការងារនីតិកម្ម។ គណៈកម្មការទី៣ មានភារកិច្ចពិនិត្យ ពិភាក្សា និងផ្តល់យោបល់លើ សេចក្តីព្រាងច្បាប់ទាំងឡាយណាដែលពាក់ព័ន្ធនឹងការគ្រប់គ្រងបរិស្ថាន ធនធានធម្មជាតិ ដីធ្លី ព្រៃឈើ និងធនធានទឹក មុននឹងដាក់ជូនអង្គរដ្ឋសភាអនុម័ត។ លើសពីនេះ គណៈកម្មការទី៣ ក៏តាមដានយ៉ាងយកចិត្តទុកដាក់លើការប្រើប្រាស់ថវិកាជាតិ និងថវិកាពីដៃគូអភិវឌ្ឍន៍ ដែលបានបែងចែកសម្រាប់គម្រោងបរិស្ថាន និងធនធានទឹកផងដែរ។
ឯកឧត្តមបណ្ឌិតសភាចារ្យ បានសង្កត់ធ្ងន់ថា បរិស្ថានស្អាត លុះត្រាតែមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ដោយត្រូវផ្តើមចេញពីខ្លួនយើងផ្ទាល់ ក្រុមគ្រួសារ សហគមន៍ និងសង្គមជាតិទាំងមូល។ ទន្ទឹមនឹងនេះ ឯកឧត្តមបានលើកទឹកចិត្តដល់យុវជនដែលមានវត្តមាននៅទីនេះ ឱ្យបន្តធ្វើជាបុគ្គលគំរូ ក្នុងការផ្សព្វផ្សាយទៅកាន់កុមារជំនាន់ក្រោយ និងមិត្តភក្តិជាយុវជនដទៃទៀត ឱ្យបានយល់ដឹងកាន់តែច្បាស់អំពីបញ្ហា និងផលប៉ះពាល់នៃបរិស្ថាន។
លោក សាន បូរី តំណាងអង្គការក្រុមប្រឹក្សាយុវជនកម្ពុជា (YCC) បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះគណៈកម្មការទី៣ នៃរដ្ឋសភា ដែលបានផ្តល់ឱកាសដ៏មានតម្លៃដល់យុវជនក្នុងការសិក្សារៀនសូត្រអំពីអភិបាលកិច្ចបរិស្ថាន និងភាពជាអ្នកដឹកនាំ។ លោកបានចាត់ទុកចំណេះដឹងទាំងនេះថា ជាទុនដ៏សំខាន់ក្នុងការកសាងស្មារតី និងការរួមចំណែកការពារបរិស្ថាន ក៏ដូចជាការប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុនៅកម្ពុជា៕