សម្ដេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានផ្ញើសារលិខិតចូលរួមរំលែកទុក្ខជូន ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងលោកជំទាវ ហ៊ុន គឹមឡេង ព្រមទាំងក្រុមគ្រួសារ ចំពោះមរណភាពរបស់ មហាឧបាសិកា នេត សុគន្ធ ត្រូវជាបងស្រីបង្កើតរបស់ ឯកឧត្តមសន្តិបណ្ឌិត។
សម្ដេចប្រធានរដ្ឋសភា មានសេចក្ដីក្ដុកក្ដួល រន្ធត់តក់ស្លុត និងសោកស្ដាយជាអនេកដោយទទួលដំណឹងថា មហាឧបាសិកា នេត សុគន្ធ ត្រូវជាបងស្រីបង្កើតរបស់ ឯកឧត្តមសន្តិបណ្ឌិត បានទទួលមរណភាព កាលពីថ្ងៃចន្ទ ៧រោច ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៦ វេលាម៉ោង ១៣៖៥៧នាទីរសៀល ក្នុងជន្មាយុ ៧៨ឆ្នាំ ដោយរោគាពាធ។
ក្នុងវេលាដែលពោរពេញដោយសមានទុក្ខ និងសេចក្ដីសោកសង្រេងនេះ សម្ដេចប្រធានរដ្ឋសភា សូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំបំផុតជាមួយ ឯកឧត្តមសន្តិបណ្ឌិត និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ ដោយសេចក្ដីស្រណោះអាឡោះអាល័យរកអ្វីប្រៀបផ្ទឹមពុំបាន ចំពោះការបាត់បង់ដ៏ធំធេងនូវបងស្រីបង្កើត មាតា មាតាក្មេក ជីដូន និងជីទួតជាទីគោរពស្រឡាញ់ដ៏ជ្រាលជ្រៅ និងប្រកបដោយព្រហ្មវិហារធម៌របស់កូនប្រុសស្រី បងប្អូន ចៅ ចៅទួត និងក្រុមគ្រួសារ ព្រមទាំងជាការបាត់បង់នូវពុទ្ធសាសនិកដ៏ឆ្នើមមួយរូប ដែលបានលះបង់កម្លាំងកាយចិត្ត ប្រាជ្ញាស្មារតី ទាំងក្នុងវិស័យពុទ្ធចក្រ និងអាណាចក្រ ក្នុងឆន្ទៈមនសិការបម្រើឧត្តមប្រយោជន៍ជាតិមាតុភូមិនាពេលកន្លងមកនេះ។
សម្ដេចមហារដ្ឋសភាធិការធិបតី សូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធរបស់ មហាឧបាសិកា នេត សុគន្ធ សូមឆាប់បានយោនយកកំណើតក្នុងសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕