ស្វាយរៀង៖ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាអ្នកតំណាងរាស្ត្រមណ្ឌលស្វាយរៀង រួមដំណើរដោយ ឯកឧត្តម លោកជំទាវ តំណាងរាស្ត្រមណ្ឌលខេត្តស្វាយរៀង នៅព្រឹកថ្ងៃសៅរ៍ ទី៤ ខែកក្កដា ឆ្នាំ២០២៦ បានអញ្ជើញប្រគេនទៀនព្រះវស្សាដល់ព្រះសង្ឃគង់ចាំព្រះវស្សាអស់ត្រីមាស ចំនួន ១៩វត្ត នៅក្នុងខេត្តស្វាយរៀង។
ពិធីនេះ ត្រូវបានរៀបចំឡើងនៅវត្តព្រៃឆ្លាក់ ស្ថិតក្នុងក្រុងស្វាយរៀង ខេត្តស្វាយរៀង ដោយមានការអញ្ជើញចូលរួមពីប្រជាពុទ្ធបរិស័ទចំណុះជើងវត្តយ៉ាងច្រើនកុះករដោយបានប្រារព្ធពិធីនមស្សការព្រះរតនត្រ័យ និមន្តព្រះសង្ឃចម្រើនព្រះបរិត្ត ដើម្បីឧទ្ទិសមហាកុសលផលបុណ្យ ជូនដល់ញាតិកាទាំង ៧សណ្តាន និងបុព្វការីជនដែលបានចែកឋានទៅកាន់បរលោកខាងមុខ ឱ្យមកទទួលយកផល្លានិសង្ស ដែលកើតចេញពីបុណ្យកុសលនាថ្ងៃនេះ តាមបែបបទប្រពៃណីព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ។
ក្នុងឱកាសនោះ សម្តេចកិត្តិសង្គហបណ្ឌិត រួមជាមួយប្រជាពុទ្ធបរិស័ទទាំងអស់ បានប្រគេនទេយ្យទានដល់វត្តទាំង ១៩ រួមមាន៖ ទៀនព្រះវស្សា (ក្បាច់) ១គូ, អង្ករ ២បាវ, ទឹកបរិសុទ្ធ ៥កេសតូច, ទឹកភេសជ្ជៈ Coca-Cola ២កេស, ទឹកក្រូច IZE ២កេស, ភេសជ្ជៈ WURKZ ២កេស, ភេសជ្ជៈ EXPREZ ២កេស, អំពូលសូឡា ៣គ្រាប់, សាប៊ូម្សៅក្រូចឆ្មារ ៣ធុង, សាប៊ូលាងចាន ២កេស, សាប៊ូលាងបន្ទប់ទឹក ១កេស, ទឹកដោះគោខាប់ ១កេស, ទឹកដោះគោខ្ទិះ ១កេស, ទឹកដោះគោឆៅ ២កេស, ត្រីខកំប៉ុង ១កេស, ស្ករស ៥គីឡូក្រាម, ខ្ទឹមស ២គីឡូក្រាម, ខ្ទឹមក្រហម ៥គីឡូក្រាម, ទឹកស៊ីអ៊ីវ ៥យួរ, ទឹកត្រី ៥យួរ, ប៊ីចេង ៥គីឡូក្រាម, មីកញ្ចប់ ៥កេសតូច, ធូប ២ដុំ, ត្រីងៀត ៥គីឡូក្រាម និងទៀនក្រមួន ២គីឡូក្រាម។
សូមជម្រាបជូនថា តាមទំនៀមទម្លាប់ប្រពៃណីព្រះពុទ្ធសាសនា ព្រះសង្ឃគ្រប់វត្តអារាម ត្រូវនិមន្តចូលកាន់ព្រះវស្សារយៈពេល ៣ខែ ចាប់តាំងពីថ្ងៃ ១រោច ខែអាសាធ តទៅ រហូតដល់ថ្ងៃ ១៥កើត ខែកត្តិក៕
