រាជធានីភ្នំពេញ៖ លោកជំទាវ ឡោក ខេង ប្រធានគណៈកម្មការសុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទា ការងារ បណ្តុះបណ្តាលវិជ្ជាជីវៈ និងកិច្ចការនារី នៃរដ្ឋសភា (គណៈកម្មការទី៨) នៅរសៀលថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៦ បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយច្បាប់ និងគោលនយោបាយសំខាន់ៗរបស់រាជរដ្ឋាភិបាល។
កិច្ចប្រជុំនេះរៀបចំឡើងនៅសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ដោយមានការអញ្ជើញចូលរួមពី លោកជំទាវជាថ្នាក់ដឹកនាំស្ត្រីតាមបណ្តាក្រសួង ស្ថាប័ន ពាក់ព័ន្ធ ព្រមទាំងថ្នាក់ដឹកនាំស្ត្រីនៅតាមមូលដ្ឋានទូទាំងរាជធានីភ្នំពេញ សរុបប្រមាណ ៣០០ នាក់។
នៅក្នុងឱកាសនោះ លោកជំទាវ ឡោក ខេង បានមានប្រសាសន៍នូវបណ្តាំផ្ញើសាកសួរសុខទុក្ខ និងការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅពីសំណាក់ថ្នាក់ដឹកនាំកំពូល ជូនដល់ថ្នាក់ដឹកនាំស្ត្រីគ្រប់រចនាសម្ព័ន្ធ ដែលបានខិតខំប្រឹងប្រែងបំពេញភារកិច្ចការងារបម្រើជាតិ និងប្រជាពលរដ្ឋប្រកបដោយប្រសិទ្ធភាពខ្ពស់។ លោកជំទាវប្រធាន បានសង្កត់ធ្ងន់ថា ថ្នាក់ដឹកនាំស្ត្រីមានតួនាទីយ៉ាងសំខាន់ក្នុងការធ្វើជាកម្លាំងចលករ ជំរុញការផ្សព្វផ្សាយរាល់គោលការណ៍ ច្បាប់ ផែនការអភិវឌ្ឍន៍ និងសមិទ្ធផលនានារបស់រដ្ឋ ឱ្យទៅដល់ដៃប្រជាពលរដ្ឋគ្រប់រូបបានយល់ដឹងជាសកល។
កិច្ចប្រជុំនេះរៀបចំឡើងក្នុងគោលបំណងដើម្បីបង្កើនការយល់ដឹង និងជំរុញការផ្សព្វផ្សាយឱ្យបានទូលំទូលាយនូវរាល់កិច្ចខិតខំប្រឹងប្រែង សមិទ្ធផលនានា ក៏ដូចជាច្បាប់ និងគោលនយោបាយគន្លឹះៗរបស់រាជរដ្ឋាភិបាល ។ ក្នុងឱកាសនោះ អង្គប្រជុំបានស្តាប់នូវបទបង្ហាញយ៉ាងក្បោះក្បាយពីវាគ្មិនជំនាញៗលើប្រធានបទសំខាន់ៗ រួមមាន៖
១- ផែនការសកម្មភាពឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ ឆ្នាំ២០២៧៖ បទបង្ហាញដោយ លោកជំទាវ ទូច សារ៉ុម ដោយបានលើកទឹកចិត្ត និងជំរុញឱ្យថ្នាក់ដឹកនាំស្ត្រីយកចិត្តទុកដាក់ខ្ពស់លើការគាំទ្រ និងលើកកម្ពស់តួនាទីស្ត្រីក្នុងការចូលរួមឈរឈ្មោះជាបេក្ខជន ដើម្បីបង្កើនសំឡេង និងចំនួនអាសនៈរបស់ស្ត្រីនៅក្នុងក្រុមប្រឹក្សាឃុំ-សង្កាត់ ស្របតាមប្រសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន កាលពីថ្ងៃទី២៤ ខែឧសភាកន្លងទៅ។
២- ការលើកកម្ពស់ការយល់ដឹងអំពី «ច្បាប់ស្តីពីកាតព្វកិច្ចយោធា»៖ បទបង្ហាញដោយ លោកជំទាវ គ្រួច សំអាន ដើម្បីឱ្យយុវជន និងក្រុមគ្រួសារយល់ដឹងកាន់តែច្បាស់ ព្រមទាំងចូលរួមគាំទ្រដោយស្មោះស្ម័គ្រ ក្នុងស្មារតីស្នេហាជាតិពិតប្រាកដ និងត្រៀមខ្លួនរួចជាស្រេចក្នុងការបំពេញកាតព្វកិច្ចការពារមាតុភូមិ។
៣- ការផ្សព្វផ្សាយពី «ប្រព័ន្ធគាំពារសង្គម»៖ បទបង្ហាញដោយ លោកជំទាវ សុវណ្ណ វណ្ណារតន៍ ដោយបានគូសបញ្ជាក់ថា ប្រព័ន្ធគាំពារសង្គមគឺជាយន្តការដ៏សំខាន់ក្នុងការជួយគាំទ្រ និងកាត់បន្ថយហានិភ័យនានាលើជីវភាព និងសុខភាពរបស់បងប្អូនប្រជាពលរដ្ឋគ្រប់កាលៈទេសៈ ដែលនេះស្តែងឱ្យឃើញពីការយកចិត្តទុកដាក់ និងការខិតខំប្រឹងប្រែងដ៏ធំធេងរបស់រាជរដ្ឋាភិបាល ដោយប្រកាន់ខ្ជាប់នូវគោលការណ៍ «មិនទុកប្រជាពលរដ្ឋណាម្នាក់ចោលឡើយ»។
៤- វិធានការម៉ឺងម៉ាត់ក្នុងការបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Cyber Crimes)៖ ថ្លែងផ្សព្វផ្សាយដោយ លោកជំទាវ ឡោក ខេង ដែលបានបង្ហាញការគាំទ្រយ៉ាងពេញទំហឹងចំពោះវិធានការដ៏ម៉ឺងម៉ាត់របស់រាជរដ្ឋាភិបាល។ លោកជំទាវប្រធានបានរំលឹកនូវប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ថាប្រទេសកម្ពុជាជាប្រទេសរងគ្រោះ ដូចនេះយើងត្រូវរួមគ្នាធ្វើឱ្យប្រទេសកម្ពុជា ក្លាយជាឋាននរករបស់ក្រុមឧក្រិដ្ឋជនបច្ចេកវិទ្យា និងការឆបោកអនឡាញ។ ជាមួយគ្នានោះ លោកជំទាវបានថ្លែងអបអរសាទរចំពោះចក្ខុវិស័យមុតស្រួចប្រាកដនិយម និងទស្សនវិស័យវែងឆ្ងាយដើម្បីស្តារកិត្តិយសកេរ្តិ៍ឈ្មោះរបស់កម្ពុជា គឺត្រូវខំសម្អាតផ្ទះយើង។ លោកជំទាវបញ្ជាក់ថា កម្ពុជាគឺជាប្រទេសទីមួយនៅក្នុងតំបន់ និងសកលលោកដែលមានច្បាប់នេះ និងបានអំពាវនាវឱ្យមានការចូលរួមផ្សព្វផ្សាយ និងគាំទ្រយ៉ាងដាច់ខាតចំពោះយុទ្ធនាការបង្ក្រាបក្មេងទំនើង និងការប្តេជ្ញាចិត្តដ៏មុតស្រួចរបស់រាជរដ្ឋាភិបាល ក្នុងការលុបបំបាត់ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាឱ្យអស់ពីទឹកដីកម្ពុជា ដើម្បីការពារសុវត្ថិភាព និងទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋ។
ជាទីបញ្ចប់ លោកជំទាវប្រធានគណៈកម្មការទី៨ នៃរដ្ឋសភា បានផ្តាំផ្ញើ និងជំរុញដល់សមាជិកានៃអង្គប្រជុំទាំងអស់ ត្រូវបន្តខិតខំប្រឹងប្រែងបន្ថែមទៀត ក្នុងការចុះបំពេញបេសកកម្មនៅតាមមូលដ្ឋានផ្ទាល់ ដើម្បីពន្យល់ច្បាប់ ណែនាំ និងផ្សព្វផ្សាយចំណេះដឹងសំខាន់ៗទាំងនេះឱ្យបានកាន់តែស៊ីជម្រៅ សំដៅរួមចំណែកកសាង និងអភិវឌ្ឍន៍សមត្ថភាព និងស្មារតីដល់ស្ត្រីដើម្បីពង្រឹងសង្គមជាតិឱ្យកាន់តែរឹងមាំរីកចម្រើនរុងរឿងជានិរន្តរ៍៕
