វិមានរដ្ឋសភា៖ ឯកឧត្តម ឡាយ ប៊ុនម៉េង អគ្គនាយករងនៃអគ្គនាយកដ្ឋាននីតិកម្ម និងស្រាវជ្រាវ នៃអគ្គលេខាធិការដ្ឋានរដ្ឋសភា នៅព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៦ បានអញ្ជើញធ្វើបទបង្ហាញក្នុងកម្មវិធី ដំណើរទស្សនកិច្ចសិក្សាស្វែងយល់អំពីតួនាទី ភារកិច្ច និងរចនាសម្ព័ន្ធការងាររបស់រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា របស់ប្រតិភូសាស្ត្រាចារ្យ និងនិស្សិតមកពីសាកលវិទ្យាល័យភ្នំពេញអន្តរជាតិ (PPIU)។
កម្មវិធីនេះរៀបចំឡើងក្នុងគោលបំណងបើកឱកាសឱ្យនិស្សិតបានសិក្សាឈ្វេងយល់ពីស្ថាប័នរដ្ឋសភាផ្ទាល់ ដើម្បីផ្សារភ្ជាប់ទ្រឹស្តីនៃការសិក្សាទៅនឹងការអនុវត្តការងារជាក់ស្តែង។
ថ្លែងក្នុងកម្មវិធីសិក្ខាសាលានេះ ឯកឧត្តម ឡាយ ប៊ុនម៉េង បានលើកឡើងពីមូលដ្ឋានគ្រឹះចំនួន៤ នៃច្បាប់រដ្ឋធម្មនុញ្ញទៅកាន់និស្សិត ដែលរួមមាន៖ មូលដ្ឋានច្បាប់នានា មូលដ្ឋានប្រពៃណី មូលដ្ឋានទំនៀមទម្លាប់ និងស្ថានភាពជាក់ស្តែងដែលកើតមានឡើងក្នុងសង្គម។ ជាមួយគ្នានោះដែរ ឯកឧត្តមអគ្គនាយករង ក៏បានពន្យល់ណែនាំយ៉ាងលម្អិតអំពីតួនាទីស្នូលរបស់រដ្ឋសភា ក្នុងការពិនិត្យ និងអនុម័តលើសេចក្តីព្រាងច្បាប់ ឬសេចក្តីស្នើច្បាប់នានា។ ឯកឧត្តមបានគូសបញ្ជាក់ថា ក្រៅពីភារកិច្ចស្នូលខាងលើ រដ្ឋសភាក៏មានតួនាទីយ៉ាងសំខាន់ក្នុង «ការទូត សភា» ផងដែរ ដោយសមាជិករដ្ឋសភាសម្រេចបាននូវកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយសភានៃប្រទេសនានា ក្នុងគោលបំណងលើកកម្ពស់ចំណងមិត្តភាព សន្តិភាព និងការយល់ដឹងពីគ្នាទៅវិញទៅមកលើឆាកអន្តរជាតិ។ ដោយឡែកចំពោះរចនាសម្ព័ន្ធរដ្ឋសភា គឺត្រូវបានរៀបចំឡើងយ៉ាងមានសណ្តាប់ធ្នាប់ ស្របតាមរដ្ឋធម្មនុញ្ញ និងបទបញ្ជាផ្ទៃក្នុងនៃរដ្ឋសភា ដើម្បីដឹកនាំ ចាត់ចែង និងត្រួតពិនិត្យរាល់សកម្មភាពការងារឱ្យមានប្រសិទ្ធភាពខ្ពស់។
នៅក្នុងឱកាសនោះដែរ លោក ហេង គឹមហុង ព្រឹទ្ធបុរសតំណាងសាកលវិទ្យាល័យភ្នំពេញអន្តរជាតិ ដែលជាអ្នកដឹកនាំគណៈប្រតិភូ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះថ្នាក់ដឹកនាំអគ្គលេខាធិការដ្ឋានរដ្ឋសភា ដែលបានអនុញ្ញាត និងផ្តល់ឱកាសដ៏មានតម្លៃដល់ប្អូនៗនិស្សិត បានចូលសិក្សាស្វែងយល់ និងក្រេបជញ្ជក់ចំណេះដឹងដ៏វិសេសវិសាលនេះ។
បន្ទាប់ពីបានស្តាប់ការធ្វើបទបង្ហាញ និងការពន្យល់ណែនាំយ៉ាងក្បោះក្បាយរួចមក គណៈប្រតិភូ លោកគ្រូ-អ្នកគ្រូ និងនិស្សិតទាំងអស់ ក៏បានអញ្ជើញធ្វើទស្សនកិច្ចដោយផ្ទាល់នៅតាមទីតាំងសំខាន់ៗនៅក្នុងវិមានរដ្ឋសភា រួមមាន៖ សាលប្រជុំពេញអង្គនៃរដ្ឋសភា និងសាលពិព័រណ៍ ដើម្បីសិក្សាបន្ថែមពីប្រវត្តិសាស្ត្រ សមិទ្ធផល ក៏ដូចជាសកម្មភាពការងារជាក់ស្តែងរបស់ស្ថាប័ននីតិប្បញ្ញត្តិកំពូលមួយនេះ។
សូមជម្រាបជូនថា កម្មវិធីដំណើរទស្សនកិច្ចសិក្សាស្វែងយល់នាព្រឹកនេះ មានការចូលរួមពីលោកគ្រូ-អ្នកគ្រូបង្គោលចំនួន ៥នាក់ និងនិស្សិតនៃសាកលវិទ្យាល័យភ្នំពេញអន្តរជាតិ សរុបចំនួន ៨០នាក់៕









