វិមានរដ្ឋសភា៖ គណៈប្រតិភូរដ្ឋសភាកម្ពុជា ដឹកនាំដោយ ឯកឧត្តម ទី សុគន្ធ លេខាធិការគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ និងព័ត៌មាន (គណៈកម្មការទី៥) នៃរដ្ឋសភា និងជាប្រធានគណៈប្រតិភូ ដោយមានការអញ្ជើញចូលរួមពីសំណាក់ លោកជំទាវ អ៊ុន សុគន្ធា លេខាធិការគណៈកម្មការទី៤ និងឯកឧត្តម ងួន សុជាតិ សមាជិកគណៈកម្មការទី៧ នៃរដ្ឋសភា រួមជាមួយមន្ត្រីជំនួយការ នាព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៦ បានអញ្ជើញចូលរួមកិច្ចប្រជុំប្រចាំឆ្នាំ លើកទី៩ នៃក្រុមប្រឹក្សាផ្តល់យោបល់អន្តរសភាអាស៊ានស្តីពីគ្រឿងញៀន (The 9th AIPACODD)។
កិច្ចប្រជុំនេះ ត្រូវបានរៀបចំឡើងតាមប្រព័ន្ធនិម្មិត (Virtual Meeting) ផ្សាយចេញពីទីក្រុងម៉ានីល ប្រទេសហ្វីលីពិន ក្រោមមូលបទ៖ “ការពង្រឹងកិច្ចសហប្រតិបត្តិការសភាអាស៊ាន ដើម្បីឆ្លើយតបទៅនឹងការផ្សារភ្ជាប់គ្នានៃការជួញដូរគ្រឿងញៀន និងឧក្រិដ្ឋកម្មពាក់ព័ន្ធ”។
លោកជំទាវ Maria Rachel J. Arenas អនុប្រធានរដ្ឋសភា និងជាប្រធានគណៈកម្មាធិការរៀបចំអាយប៉ាឆ្នាំ២០២៦ នៃប្រទេសហ្វីលីពិន បានថ្លែងសុន្ទរកថាស្វាគមន៍យ៉ាងកក់ក្ដៅ និងសម្តែងនូវអំណរគុណចំពោះការបន្តគាំទ្រយន្តការនេះពីសំណាក់សមាជិកអាយប៉ាទាំងអស់។
កិច្ចប្រជុំបានប្រកាសបើកជាផ្លូវការក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត ចែម វីឌ្យ៉ា អគ្គលេខាធិការអាយប៉ា (AIPA)។ ឯកឧត្តមបណ្ឌិត បានកោតសរសើរចំពោះវិធីសាស្ត្ររួមរបស់សភាប្រទេសហ្វីលីពិន ក្នុងការធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំសំខាន់នេះ ដែលឆ្លុះបញ្ចាំងពីគំរូដ៏មាន ន័យនៃការទទួលខុសត្រូវរួម និងការចូលរួមរបស់សភានៅគ្រប់កម្រិត។
ឯកឧត្តម Faustino "Inno" A. Dy V (តំណាងឱ្យប្រធានសភានៃសាធារណរដ្ឋហ្វីលីពិន) បានឡើងថ្លែងសុន្ទរកថាគន្លឹះ និងបានប្រកាសតែងតាំង ឯកឧត្តម Jonathan Keith T. Flores ជាប្រធានដឹកនាំកិច្ចប្រជុំ AIPACODD លើកទី៩ នេះ។
ក្នុងនាមជាប្រធានដឹកនាំកិច្ចប្រជុំ ឯកឧត្តម Jonathan Keith T. Flores បានថ្លែងអំណរគុណ និងស្វាគមន៍យ៉ាងកក់ក្ដៅចំពោះគណៈប្រតិភូសភាជាតិទាំងអស់ ដែលបានចូលរួមក្នុងកិច្ចប្រជុំដ៏មានសារៈសំខាន់នេះ ដើម្បីរួមគ្នាបោសសម្អាត និងទប់ស្កាត់បញ្ហាគ្រឿងញៀននៅក្នុងតំបន់អាស៊ាន៕









