ខេត្តតាកែវ៖ បន្ទាប់ពីកិច្ចប្រជុំពិភាក្សាការងារជាមួយរដ្ឋបាលខេត្តតាកែវ ឯកឧត្តមសន្តិបណ្ឌិត ឡូយ សុផាត ប្រធានគណៈកម្មការផែនការ វិនិយោគ កសិកម្ម រុក្ខាប្រមាញ់ នេសាទ អភិវឌ្ឍន៍ជនបទ បរិស្ថាន ធនធានទឹក និងឧតុនិយមនៃរដ្ឋសភា (គណៈកម្មការទី៣) នៅរសៀលថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៦ បានដឹកនាំគណៈប្រតិភូគណៈកម្មការ រួមជាមួយតំណាងរាស្ត្រមណ្ឌលខេត្តតាកែវ អញ្ជើញចុះពិនិត្យមើលការដ្ឋានសាងសង់គម្រោងព្រែកជីកហ្វូណនតេជោ ស្ថិតក្នុងភូមិសាស្ត្រខេត្តតាកែវ។
ក្នុងឱកាសនោះ ឯកឧត្តម ស៊ុត ខុន អភិបាលរងខេត្តតាកែវ បានជម្រាបជូនគណៈប្រតិភូថា បច្ចុប្បន្នការដ្ឋានកំពុងដំណើរការរៀបចំការងារបច្ចេកទេស និងអនុវត្តការសាងសង់ជាបន្តបន្ទាប់ ខណៈដែលការវាយតម្លៃជាភាគរយនៃវឌ្ឍនភាពសាងសង់នៅមិនទាន់អាចកំណត់បាននៅឡើយ។ ទោះជាយ៉ាងណា ក្រុមហ៊ុនសាងសង់បានបញ្ជាក់ថា គម្រោងនឹងអាចបញ្ចប់តាមផែនការដែលបានកំណត់។
គម្រោងព្រែកជីកហ្វូណនតេជោ គឺជាគម្រោងហេដ្ឋារចនាសម្ព័ន្ធជាប្រវត្តិសាស្ត្រមួយរបស់កម្ពុជា ដែលមានតួនាទីសំខាន់ក្នុងការលើកកម្ពស់វិស័យនាវាចរណ៍ ការដឹកជញ្ជូនតាមផ្លូវទឹក និងការអភិវឌ្ឍពាណិជ្ជកម្មជាតិ។ ផ្លូវទឹកនេះមានប្រវែងជិត ១៨០ គីឡូម៉ែត្រ ឆ្លងកាត់ខេត្តកណ្តាល តាកែវ កំពត និងខេត្តកែប ហើយត្រូវបានរចនាឡើងសម្រាប់នាវាដឹកទំនិញដែលមានសមត្ថភាពផ្ទុករហូតដល់ ៣,០០០ តោន។
សម្រាប់ខេត្តតាកែវ គម្រោងនេះមានប្រវែងប្រមាណ ៦០ គីឡូម៉ែត្រ ឆ្លងកាត់ស្រុកចំនួន៦ រួមមាន ស្រុកអង្គរបូរី ស្រុកបូរីជលសារ ស្រុកព្រៃកប្បាស ស្រុកទ្រាំង ស្រុកកោះអណ្ដែត និងស្រុកគិរីវង់។
កំណាត់ទី២ នៃគម្រោងត្រូវបានបើកការដ្ឋានសាងសង់ជាផ្លូវការ កាលពីថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៦ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម វ៉ាង វិនពីន ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា។
បច្ចុប្បន្ន ការសាងសង់គម្រោងព្រែកជីកហ្វូណនតេជោកំពុងដំណើរការតាមផែនការដែលបានគ្រោងទុក ដោយសម្រេចបានប្រវែងប្រមាណ ៦០០ ម៉ែត្រ។ គម្រោងនេះត្រូវបានរំពឹងថានឹងជួយសម្រួលការដឹកជញ្ជូនទំនិញគ្រប់ប្រភេទ ឱ្យកាន់តែមានប្រសិទ្ធភាព និងជំរុញកំណើនសេដ្ឋកិច្ចជាតិនាពេលអនាគត។
ដំណើរទស្សនកិច្ចរបស់គណៈប្រតិភូគណៈកម្មការទី៣នៃរដ្ឋសភានាឱកាសនេះ មានគោលបំណងតាមដាន និងស្វែងយល់ពីវឌ្ឍនភាពនៃការអនុវត្តគម្រោង ព្រមទាំងការរៀបចំការងារនៅការដ្ឋាន ដើម្បីធានាថាគម្រោងដ៏មានសារៈសំខាន់នេះ អាចអនុវត្តបានតាមផែនការកំណត់ និងសម្រេចបានជោគជ័យតាមគោលដៅដែលបានដាក់ចេញ៕









