កណ្តាល៖ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានសមាគមសមាជិកសភាកម្ពុជាដើម្បីប្រជារាស្ត្រ និងការអភិវឌ្ឍ នារសៀលថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៦ បានអញ្ជើញសួរសុខទុក្ខ ឯកឧត្តមបណ្ឌិត ឈុន ស៊ីរុន លេខាគណៈកម្មការទី៨ នៃ រដ្ឋសភា ដែលកំពុងសម្រាកព្យាបាលជំងឺបេះដូង នៅគេហដ្ឋានរបស់ឯកឧត្តមបណ្ឌិតផ្ទាល់ ស្ថិតនៅក្នុងសង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល។
សម្តេចកិត្តិសង្គហបណ្ឌិត ក៏បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានព្រឹទ្ធសភា និងសម្តេចកិត្តិ ព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូន ដល់ឯកឧត្តម ដោយសេចក្តី នឹងរលឹក និងការគិតគូរដល់ថ្នាក់ដឹកនាំ ក៏ដូចជាប្រជាពលរដ្ឋនៅទូទាំងប្រទេស។
សម្តេចកិត្តិសង្គហបណ្ឌិត ក៏បានជូនពរឲ្យឯកឧត្តមបណ្ឌិត មានសុខភាពល្អបរិបូរណ៍ ជៀសផុត ពីជំងឺកាចសាហាវទាំងពួង ឆាប់បានជាសះស្បើយពីជំងឺ និងវិលត្រលប់មកបំពេញភារកិច្ចវិញ ព្រមទាំងជួបតែសេចក្តីសុខ សេចក្តីចម្រើន និងសមប្រកបដោយពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕