ខេត្តត្បូងឃ្មុំ៖ ឯកឧត្តម ច័ន្ទ សុផល អនុប្រធានគណៈកម្មការមហាផ្ទៃ ការពារជាតិ មុខងារសាធារណៈ និងកិច្ចការព្រំដែននៃរដ្ឋសភា (គណៈកម្មការទី៤) នាព្រឹកថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៦ បានអញ្ជើញចូលរួមក្នុងពិធីគោរពវិញ្ញាណក្ខន្ធ និងដាក់កម្រងផ្កាជូនដល់វីរយុទ្ធជន វីរយុទ្ធនារី កងកម្លាំងប្រដាប់អាវុធសាមគ្គីសង្គ្រោះជាតិកម្ពុជា វីរកងទ័ព និងវីរនគរបាលជាតិ ដែលបានពលី និងលះបង់ដើម្បីបុព្វហេតុជាតិ និងប្រជាជនកម្ពុជា។
ពិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាព សម្តេចពិជ័យសេនា ទៀ បាញ់ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសប្រារព្ធខួបអនុស្សាវរីយ៍លើកទី៤៩ នៃ «ទិវានៃការចងចាំដំណើរឆ្ពោះទៅការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត» (២០ មិថុនា ១៩៧៧ - ២០ មិថុនា ២០២៦) នៅបរិវេណមហាចេតិយ តំបន់ប្រវត្តិសាស្ត្រយោធាតេជោកោះថ្ម X16 ស្ថិតក្នុងឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។
ការចូលរួមគោរពវិញ្ញាណក្ខន្ធនាឱកាសដ៏មានអត្ថន័យនេះ គឺជាការសម្តែងនូវកតញ្ញូតាធម៌ដ៏ជ្រាលជ្រៅចំពោះវីរបុរស វីរនារីជំនាន់មុន ដែលបានលះបង់សាច់ស្រស់ ឈាមស្រស់ និងអាយុជីវិត ដើម្បីសន្តិភាព សេរីភាព និងការរស់រានមានជីវិតរបស់ប្រជាពលរដ្ឋកម្ពុជា។ ទន្ទឹមនឹងនេះ ក៏ជាការរំលឹក និងបន្តផ្សព្វផ្សាយស្មារតីស្នេហាជាតិ ភាពក្លាហាន និងការលះបង់ដ៏ថ្លៃថ្នូរ ដល់យុវជន និងកូនខ្មែរជំនាន់ក្រោយ ឱ្យចងចាំ និងយកគំរូតាម ដើម្បីរួមចំណែកថែរក្សាសន្តិភាព ស្ថិរភាព និងអភិវឌ្ឍន៍ប្រទេសជាតិឱ្យកាន់តែរីកចម្រើនជានិរន្តរ៍។
សូមបញ្ជាក់ថា តំបន់ប្រវត្តិសាស្ត្រយោធាតេជោកោះថ្ម X16 គឺជាទីតាំងប្រវត្តិសាស្ត្រដ៏សំខាន់បំផុត ដែលសម្តេចតេជោ ហ៊ុន សែន រួមនឹងយុទ្ធមិត្តដ៏ស្មោះស្ម័គ្រ បានសម្រេចចិត្តយកជីវិតធ្វើជាដើមទុន ចាកចេញពីមាតុភូមិឆ្លងដែនទៅកាន់ប្រទេសវៀតណាម កាលពីយប់ថ្ងៃទី២០ ខែមិថុនា ឆ្នាំ១៩៧៧ ដើម្បីស្វែងរកការគាំទ្រក្នុងការរៀបចំកម្លាំងកងទ័ពមករំដោះប្រទេសជាតិ។ ដំណើរចាកចេញប្រកបដោយគ្រោះថ្នាក់បំផុតនាពេលនោះ គឺជាចំណុចចាប់ផ្តើម និងជាឫសគល់នៃចលនាតស៊ូសង្គ្រោះជាតិ ដែលនាំទៅដល់ការបង្កើតកងកម្លាំងប្រដាប់អាវុធសាមគ្គីសង្គ្រោះជាតិកម្ពុជា ការបង្កើតរណសិរ្សសាមគ្គីសង្គ្រោះជាតិ ២ ធ្នូ និងឈានទៅសម្រេចបានជ័យជម្នះដ៏អស្ចារ្យនាថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ ព្រមទាំងការនាំមកនូវសន្តិភាពពេញលេញតាមរយៈនយោបាយឈ្នះ-ឈ្នះ៕















