ទីក្រុងហ្វូចូវ៖ គណៈប្រតិភូមន្ត្រីរាជការនៃអគ្គលេខាធិការដ្ឋានរដ្ឋសភាកម្ពុជា ចំនួន ៧រូប នៅថ្ងៃសៅរ៍ ទី២០ ខែមិថុនា ឆ្នាំ២០២៦ ចុងសប្តាហ៍នេះ បានបន្តបេសកកម្មចុះកម្មសិក្សាផ្ទាល់ ដើម្បីស្វែងយល់ពីប្រព័ន្ធគ្រប់គ្រង និងប្រតិបត្តិការទូទៅនៅ ស្ថានីយរថភ្លើងភាគខាងត្បូងហ្វូចូវ (Fuzhou South Railway Station) ដែលជាមណ្ឌលភស្តុភារកម្ម និងដឹកជញ្ជូនល្បឿនលឿនដ៏ទំនើប និងជាដងដង្ហើមសេដ្ឋកិច្ចដ៏សំខាន់មួយ ស្ថិតក្នុងតំបន់ស្នូលនៃគំនិតផ្តួចផ្តើមខ្សែក្រវាត់និងផ្លូវ (BRI) របស់សាធារណរដ្ឋប្រជាមានិតចិន។
នៅក្នុងដំណើរចុះពិនិត្យការអនុវត្តជាក់ស្តែង និងទទួលបទពិសោធន៍តាមរយៈការធ្វើដំណើរតាមរថភ្លើងល្បឿនលឿននេះ មន្ត្រីអគ្គលេខាធិការដ្ឋានរដ្ឋសភាកម្ពុជាទាំង ៧រូប រួមជាមួយសិក្ខាកាមជិត ៣០រូប មកពី ៥ប្រទេសផ្សេងទៀត (រួមមាន តួគី អាស៊ែបៃហ្សង់ ស្រីលង្កា កេនយ៉ា និងសៀរ៉ាឡេអូន) បានចូលសិក្សាស្វែងយល់ផ្ទាល់ពីយុទ្ធសាស្ត្រធ្វើទំនើបកម្មរដ្ឋបាលសាធារណៈ តាមរយៈការគ្រប់គ្រងហេដ្ឋារចនាសម្ព័ន្ធខ្នាតយក្ស និងការប្រើប្រាស់បច្ចេកវិទ្យាឆ្លាតវៃក្នុងការបម្រើសេវាសាធារណៈ។
នៅក្នុងឱកាសនោះ គណៈប្រតិភូកម្ពុជាបានសិក្សាស្វែងយល់លើចំណុចគន្លឹះសំខាន់ៗ រួមមាន៖
១. ការគ្រប់គ្រងរដ្ឋបាល និងសេវាសាធារណៈបែបឌីជីថល៖ មន្ត្រីរដ្ឋសភាកម្ពុជាបានពិនិត្យលើប្រព័ន្ធបញ្ជាការរួម អភិបាលកិច្ចតាមប្រព័ន្ធឆ្លាតវៃ (AI) និងការសម្របសម្រួលលំហូរអ្នកដំណើររាប់ម៉ឺននាក់ក្នុងមួយថ្ងៃៗ។ បទពិសោធន៍នេះមានតម្លៃណាស់សម្រាប់ការងាររដ្ឋបាល ក្នុងការយកទៅសិក្សាស្រាវជ្រាវ និងធ្វើជាធាតុចូលដល់ការកសាងសមត្ថភាពស្ថាប័នរដ្ឋសភាកម្ពុជា ឆ្ពោះទៅរកការធ្វើបរិវត្តកម្មឌីជីថល និងការបង្កើត «រដ្ឋសភាឌីជីថល» (e-Parliament) ឱ្យកាន់តែមានប្រសិទ្ធភាព និងភាពទំនើបកម្ម។
២. ការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធក្នុងយុទ្ធសាស្ត្រ BRI៖ ស្ថានីយរថភ្លើង Fuzhou South គឺជាបណ្តុំតភ្ជាប់ផ្លូវគោក និងផ្លូវសមុទ្រដ៏សំខាន់នៃ «ផ្លូវសូត្រសមុទ្រសតវត្សរ៍ទី២១»។ គណៈប្រតិភូបានសិក្សាពីរបៀបដែលចិនប្រើប្រាស់បណ្តាញរថភ្លើងល្បឿនលឿននេះ ដើម្បីបើកច្រកសេដ្ឋកិច្ច តភ្ជាប់ពាណិជ្ជកម្មផ្ទៃក្នុង និងពង្រីកសហប្រតិបត្តិការអន្តរជាតិ។ ចំណេះដឹងទាំងនេះ នឹងក្លាយជាទុនផ្នែកបញ្ញាដ៏សំខាន់សម្រាប់មន្ត្រីជំនាញរបស់រដ្ឋសភា ក្នុងការបម្រើឱ្យការងារស្រាវជ្រាវ វិភាគគោលនយោបាយ និងគាំទ្រដល់បេសកកម្មរបស់គណៈកម្មការជំនាញនានារបស់រដ្ឋសភា លើទិដ្ឋភាពច្បាប់ និងការតាមដានការអនុវត្តគម្រោងហេដ្ឋារចនាសម្ព័ន្ធធំៗ។
សូមបញ្ជាក់ថា ការចុះកម្មសិក្សាដ៏មានសារៈសំខាន់របស់មន្ត្រីរដ្ឋសភាទាំង ៧រូប នាពេលនេះ គឺជាផ្នែកមួយនៃ «សិក្ខាសាលាស្តីពីការកសាងសមត្ថភាពអភិបាលកិច្ចសម្រាប់បណ្តាប្រទេសនៃគំនិតផ្តួចផ្តើមខ្សែក្រវាត់និងផ្លូវ (BRI)» ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៦ មិថុនា ដល់ថ្ងៃទី៦ កក្កដា ឆ្នាំ២០២៦។
វគ្គបណ្តុះបណ្តាលរយៈពេល ៣សប្តាហ៍នេះ ត្រូវបានរៀបចំឡើងដោយក្រសួងពាណិជ្ជកម្មចិន (MOFCOM) សហការជាមួយមជ្ឈមណ្ឌលសហប្រតិបត្តិការសេដ្ឋកិច្ចអន្តរជាតិខេត្តហ្វូជៀន។
ចំណេះដឹង និងបទពិសោធន៍ជឿនលឿនទាំងផ្នែកអភិបាលកិច្ចឌីជីថល និងការគ្រប់គ្រងហេដ្ឋារចនាសម្ព័ន្ធ ដែលមន្ត្រីកម្ពុជាទទួលបានពីស្ថានីយរថភ្លើងល្បឿនលឿន Fuzhou South នឹងក្លាយជាទុនបន្ថែមដ៏សំខាន់ក្នុងការយកទៅវិភាគ គាំទ្រ និងជំរុញការអនុវត្ត «យុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១» របស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី។
ជាងនេះទៅទៀត បេសកកម្មកសាងសមត្ថភាពមន្ត្រីជំនាញរបស់អគ្គលេខាធិការដ្ឋានរដ្ឋសភានៅពេលនេះ ក៏បានរួមចំណែកយ៉ាងសកម្មក្នុងការគាំទ្រដល់យុទ្ធសាស្ត្រការទូតសភា ក្នុងការរឹតចំណងមិត្តភាព «ដែកថែប» និងការពង្រឹងកិច្ចសហប្រតិបត្តិការ «សហគមន៍វាសនារួម កម្ពុជា-ចិន» ឱ្យកាន់តែស្អិតរមួត ឆ្លុះបញ្ចាំងពីតួនាទីស្នូលរបស់ស្ថាប័ននីតិប្បញ្ញត្តិ ក្នុងការជំរុញការអភិវឌ្ឍប្រកបដោយនិរន្តរភាព និងយុទ្ធសាស្ត្រតភ្ជាប់តំបន់នៃគំនិតផ្តួចផ្តើមខ្សែក្រវាត់និងផ្លូវ៕









