រាជធានីភ្នំពេញ ៖ ក្រុមប្រឹក្សា អ្នកច្បាប់រដ្ឋសភា ដឹកនាំដោយ ឯកឧត្តម ឡេង ប៉េងឡុង អគ្គលេខាធិការរដ្ឋសភា នាព្រឹកថ្ងៃ ទី១៧ ខែមិថុនា ឆ្នាំ២០២៦បានអញ្ជើញដឹកនាំកិច្ចប្រជុំដើម្បីពិនិត្យនិងផ្តល់យោបល់លើសេចក្តី ព្រាងគោលការណ៍ណែនាំស្តីពី “ការគ្រប់គ្រងហិរញ្ញវត្ថុសាធា រណៈ របស់រដ្ឋសភា” នៅវិមានរដ្ឋសភា។
កិច្ចប្រជុំនេះត្រូវបានរៀបចំឡើងក្នុងគោលបំណងតម្រង់ទិសឱ្យស្របតាម កម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ របស់រាជរដ្ឋាភិបាលកម្ពុជាដែល បានចាប់ផ្តើមអនុវត្តតាំងពីឆ្នាំ ២០០៤ មក។
នៅក្នុងដំណាក់កាលបច្ចុប្បន្ន ការរៀបចំនេះស្ថិតក្នុងដំណាក់កាលទី៤ (ឆ្នាំ២០២៣-២០២៧) ដែលផ្តោតលើ “គណនេយ្យភាពចំពោះសមិទ្ធកម្ម”។ ក្នុងនោះ រដ្ឋសភាកំពុងធ្វើការផ្លាស់ប្តូរប្រព័ន្ធថវិកាបែបប្រពៃណី (បុរាណ) ទៅជាប្រព័ន្ធថវិកាដែលផ្តោតលើលទ្ធផលជាក់លាក់ និងវិមជ្ឈការ ស្របតាមស្តង់ដាអន្តរជាតិ ដើម្បីផ្តល់នីតិវិធីច្បាស់លាស់ដល់អង្គភាពគ្រប់គ្រងហិរញ្ញវត្ថុ និងអង្គភាពថវិកា ក្នុងការរៀបចំ-អនុវត្តថវិកាកម្មវិធី ការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ ការតាមដានវាយតម្លៃ និងការធ្វើសវនកម្ម។
កិច្ចប្រជុំនេះ ក៏មានការអញ្ជើញចូលរួមពី ឯកឧត្តមបណ្ឌិត កែវ ពិសិដ្ឋ នាយកខុទ្ទកាល័យសម្តេចមហារដ្ឋសភាធិការធិបតី ប្រធានរដ្ឋសភា និងជាអគ្គលេខាធិការរងប្រចាំការនៃរដ្ឋសភា ព្រមទាំងឯកឧត្តម លោកជំទាវ ជាថ្នាក់ដឹកនាំក្រុមប្រឹក្សាអ្នកច្បាប់ និងមន្ត្រីជំនាញពាក់ព័ន្ធជាច្រើនរូបទៀតផងដែរ៕











